
បុគ្គលិកកំពុងដើរកាត់មុខបញ្ជរប្រាក់នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅក្នុងរាជធានីភ្នំពេញនាពេលកន្លងមក។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ អេ អឹម ខេ ដែលជាគ្រឹះស្ថានធំជាងគេទី ៥ នៅកម្ពុជាគិតតាមទ្រព្យសកម្មបានសម្រេចលក់ភាគហ៊ុន ៨០ ភាគរយទៅឲ្យធនាគារមួយមានមូលដ្ឋាននៅទីក្រុងស៊ាងហៃឈ្មោះ The Shanghai Commercial & Savings Bank (SCSB) ក្នុងតម្លៃដែលមិនអាចបញ្ជាក់បាន។ នេះបើតាមការបញ្ជាក់ពីនាយកប្រតិបត្តិ AMK កាលពីម្សិលមិញ។
ខណៈតម្លៃបានពីកិច្ចព្រមព្រៀងនេះមិនត្រូវបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០១៧ របស់ អេ អឹម ខេ បានបង្ហាញថាទ្រព្យសកម្មរបស់ អេ អឹម ខេ មានតម្លៃ ២៨២,៨ លានដុល្លារកាលពីឆ្នាំមុន។
លោក គា បូរាណ អគ្គនាយក អេ អឹម ខេ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថាការទិញភាគហ៊ុននេះបានទទួលការយល់ព្រមពីធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។
ទោះបីជាធនាគារ SCSB បច្ចុប្បន្នកំពុងគ្រប់គ្រងភាគហ៊ុនភាគច្រើននៅក្នុង អេ អឹម ខេ ក៏ដោយ ក៏លោក បូរាណ បានឲ្យដឹងថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងនៅតែប្រតិបត្តិការស្ថិតក្រោមឈ្មោះ អេ អឹម ខេ ជាមួយក្រុមគ្រប់គ្រងនៅដដែល។ លោកបន្ថែមថាភាគទុនិកថ្មីនឹងរក្សាប្រតិបត្តិការរបស់ អេ អឹម ខេ ដូចពីមុន និងផ្ដោតលើទីផ្សារជនបទ។
លោក បូរាណ ថ្លែងថា៖ «យើងនៅតែមានជំនឿយ៉ាងមុតមាំថា ប្រព័ន្ធធនាគារមួយដែលមានភាពរឹងមាំគឺត្រូវការម្ចាស់ភាគហ៊ុនដែលមានប្រភពទុនធំហើយ SCSB គឺជាធនាគារមួយស័កិ្តសមដែលអាចនាំ អេ អឹម ខេ អភិវឌ្ឍទៅជំហានបន្ទាប់ទៀត»។
លោកបន្តថា៖ «ពេលដែលយើងមានប្រភពទុនធំ និងមានអ្នកជំនាញចាំជួយយើង អេ អឹម ខេ នឹងមានឱកាសកាន់តែច្រើនក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនដែលធ្វើឲ្យផលិតផល និង សេវាកម្មរបស់យើងកាន់តែមានភាពសម្បូរបែបជូនអតិថិជន ពិសេសប្រជាជននៅតំបន់ជនបទ។
សេចក្ដីប្រកាសព័ត៌មានរបស់ អេ អឹម ខេ បង្ហាញថាមានការចរចារបស់ក្រុមវិនិយោគិនជាច្រើន ដើម្បីទិញភាគហ៊ុនពី អេ អឹម ខេ ប៉ុន្តែខ្លួនបានសម្រេចចិត្តលក់ភាគហ៊ុនភាគច្រើនឲ្យធនាគារ SCSB ដោយសារតែបេសកកម្មរបស់ធនាគារនេះ និងបេសកកម្មរបស់ អេ អឹម ខេ គឺដូចគ្នា។
របាយការណ៍ប្រចាំឆ្នាំកាលពីចុងឆ្នាំមុនបានឲ្យដឹងថាប្រាក់កម្ចីសរុបរបស់ អេ អឹម ខេ មានចំនួន ២១៤ លានដុល្លារត្រឹមចុងឆ្នាំ ២០១៧ កើនឡើងពី ១៦១ លានដុល្លារកាលពីចុងឆ្នាំ ២០១៦។ ប្រាក់បញ្ញើមានចំនួន ១២១,៦ លានដុល្លារកើនឡើងពី ៩០,៦ លានដុល្លារកាលពីឆ្នាំ ២០១៦។
ខណៈកម្ចី និងប្រាក់បញ្ញើកើនឡើង អេ អឹម ខេ បានមើលឃើញការធ្លាក់ចុះប្រាក់ចំណេញសុទ្ធកាលពីឆ្នាំមុន។ ប្រាក់ចំណេញសុទ្ធកាលពីឆ្នាំ ២០១៧ មានចំនួន ៥,២៧ លានដុល្លារធ្លាក់ចុះពី ៦,៦៣ លានដុល្លារកាលពីឆ្នាំ ២០១៦ ។
កាលពីសប្ដាហ៍មុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសាមិកបានលក់ប្រតិបត្តិការទាំងមូលរបស់ខ្លួនឲ្យធនាគារ NongHyup Bank មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង។ បន្ទាប់ពីការទិញភាគហ៊ុននេះ សាមិក ត្រូវបានដាក់ឈ្មោះទៅជា NongHup Finance Cambodia៕LA