ភ្នំពេញៈ អំបិលដែលកម្ពុជានាំចូលពីប្រទេស ចិន ត្រូវបានគេរំពឹងថា នឹងលក់ក្នុងតម្លៃ ១០០ ដុល្លារក្នុង ១ តោន ទៅក្នុងទីផ្សារក្នុងស្រុក កើនឡើងពីប្រមាណ ៧៥ ដុល្លារក្នុង ១ តោននៃតម្លៃបច្ចុប្បន្ន។ នេះបើតាមសហគមន៍ផលិតអំបិល កំពត-កែប (SPCKK)។
លោក ប៊ុន បារាំង សហប្រធាន SPCKK បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា អំបិលនេះមិនទាន់ត្រូវបានបញ្ចេញទៅទីផ្សារក្នុងស្រុកនៅឡើយទេ ដោយសារសហគមន៍នេះកំពុងបំពេញឯកសារដឹកជញ្ជូននៅកំពង់ផែភ្នំពេញ។ ប៉ុន្តែ លោករំពឹងថា អំបិលនឹងត្រូវបានលក់ក្នុងតម្លៃ ១០០ ដុល្លារក្នុង ១ តោន។
លោកថ្លែងថា៖ «យើងនឹងព្យាយាមបញ្ចេញអំបិលនៅថ្ងៃនេះ (ម្សិលមិញ) ហើយផ្គត់ផ្គង់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈវាជារដូវធ្វើត្រីប្រហុក ដូច្នេះការប្រើប្រាស់អំបិល មានតម្រូវការខ្ពស់»។
តម្លៃអំបិលក្នុងស្រុកបានកើនឡើង ៥២ ដុល្លារកាលពីឆ្នាំមុនដល់ ៧៥ ដុល្លារក្នុង ១ តោននៅឆ្នាំនេះ។
កម្ពុជាបានសម្រេចនាំចូលអំបិលពីចិន ៣០ ០០០ តោន ដែលនេះជាលើកទី ២ ហើយ បន្ទាប់ពីកម្ពុជាបានចំណាយ ២,២ លានដុល្លារកាលពីឆ្នាំ ២០០៩ ដើម្បីនាំចូលអំបិល ២០ ០០០ តោនពីប្រទេស ចិន ។ សូមបញ្ជាក់ថា អំបិល ដែលបាននាំមកកម្ពុជាគិតចាប់ពីចុងខែវិច្ឆិកា ដល់បច្ចុប្បន្នបាន ១ ម៉ឺនតោនហើយ ។
លោក ចាន់ សិលសុជាតិ អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ផលិតទឹកត្រីកំពត ង៉ូវ ហេង បានឲ្យដឹងថា ប្រសិនបើការនាំចូលអំបិលនៅតែមានសម្រាប់ឆ្នាំខាងមុខទៀត នឹងធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មដែលប្រើប្រាស់អំបិលដូចជាផលិតផលទឹកត្រីជាដើម។ លោកបន្តថា៖ «វានឹងមានផលប៉ះពាល់ដល់ការផលិតក្នុងស្រុក ហើយតម្លៃផលិត នឹងកើនឡើង និងពិបាកក្នុងការប្រកួតប្រជែងជាមួយផលិតផលនាំចូលផ្សេងទៀត»។
លោកថ្លែងថា៖ «ជាឆ្នាំដំបូងនៃកង្វះខាតអំបិល វាមិនទាន់មានផលប៉ះពាល់ដល់ចង្វាក់ផលិតរបស់យើងនៅឡើយទេ ប៉ុន្តែប្រសិនបើនៅឆ្នាំក្រោយ យើងនៅតែពឹងផ្អែកលើអំបិលនាំចូលទៀត វានឹងជាការបារម្ភដល់ចង្វាក់ផលិតកម្ម និងតម្លៃ»។ លោកបានបន្ថែមថា៖ «បច្ចុប្បន្នសម្រាប់អ្នកដែលមិនមានអំបិលសម្រាប់ស្ដុក វានឹងប៉ះពាល់ ដោយសារតែអំបិលនាំចូលមានតម្លៃខ្ពស់ជាងអំបិលក្នុងស្រុក»។
លោកស្រី ថូង ធីតា ស្ថាបនិកសហគ្រាស ថូងអ៊ីនធ័រប្រាយ ជាសហគមន៍ផលិតអំបិល បានឲ្យដឹងថា ការនាំចូលអំបិលពីប្រទេស ចិន នឹងមានផលប៉ះពាល់ដល់ការប្រើប្រាស់ និងចង្វាក់ផលិតដោយសារតែតម្លៃខ្ពស់ ខណៈផលិតផលនាំចូលមានតម្លៃទាប។
លោកស្រីថ្លែងថា៖ «វាតម្លៃខ្ពស់សម្រាប់ការកែច្នៃ ហើយប្រឈមនឹងតម្លៃប្រកួតប្រជែងលើទីផ្សារ ខណៈផលិតផលនាំចូល មានតម្លៃទាបជាង [ផលិតផលក្នុងស្រុក] ហើយវាជាបញ្ហាប្រឈមសម្រាប់កសិករ និងក្រុមហ៊ុនផលិតក្នុងស្រុក ប្រសិនបើវាមានការប្រើប្រាស់ទ្រង់ទ្រាយធំ»។
លោកស្រីបន្តថា៖ «យើងសង្ឃឹមថា នៅឆ្នាំក្រោយ យើងនឹងធ្វើកាន់តែប្រសើរដើម្បីផ្គត់ផ្គង់ទីផ្សារផ្ទាល់របស់យើង»៕LA