ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​កាល​ពីថ្ងៃ​ទី ១៤ ខែមេសា ​បិទខ្ទប់ទីក្រុង​ភ្នំពេញទាំងមូល និងក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល ដែលបានអនុវត្ត​ចាប់ពីថ្ងៃទី ១៥ ខែ មេសា ​ឆ្នាំ ២០២១ ដល់ថ្ងៃទី​​ ២៨ ខែ មេសា​ ឆ្នាំ ២០២១ ដើ​ម្បីគ្រប់គ្រង​ការរីក​រាលដាល​ជំងឺកូវីដ ១៩ និងបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភះ។

ទន្ទឹម​នឹងនេះ​ ធនាគារ​ជាតិ​នៃកម្ពុជា​ បានចេញ​សេចក្ដី​ប្រកាស​ព័ត៌​មាន​មួយ​​កាល​ពីថ្ងៃទី​ ២០ ខែមេសា​ លើកទឹក​ចិត្ត​​ឲ្យ​​គ្រឹះស្ថានហិរញ្ញវត្ថុ (FIs)​ ប្រើប្រាស់​​ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក​​ឲ្យ​បាន​ច្រើន​តាមដែលអាច​ពួកគេធ្វើទៅបាន​ ជាពិសេស​ការប្រើប្រាស់​ការទូទាត់តាមទូរស័ព្ទចល័ត ដែល​មាន​សុវត្ថិ​ភាព​ ងាយ​ស្រួល​ និងរហ័សបំ​ផុត។​

លោក អ៊ិន ចាន់នី ប្រធានសមាគម​ធនាគារកម្ពុជា (ABC)​​ បានផ្តល់បទសម្ភាស​ជាមួយ​លោក ម៉ៃ គុណមករា ​ការីនិពន្ធព័ត៌​មានសេដ្ឋ​កិច្ចនៅកាសែ​ត​ ភ្នំពេញ ប៉ុស្ដិ៍ ​តាមរយៈសារអេឡិចត្រូនិកអំពី​ប្រតិបត្តិការ​របស់វិស័យ​ហិរញ្ញវត្ថុ ក្នុងអំឡុងពេល​ការបិទខ្ទប់នេះ។​​

NBC បានធ្វើសេចក្ដីប្រកាស​មួយ​កាល​ពីថ្ងៃទី ​២០ ខែមេសា ដើ​ម្បីជំរុញ​​ឲ្យ​ FIs លើកកម្ពស់ការ​ប្រើប្រាស់​ការទូទាត់ដោយ​​មិន​មានសាច់ប្រាក់​ ជាជាងការទូទាត់ដោយសាច់ប្រាក់​ តើ ABC បានជូនដំណឹងអ្វីខ្លះដល់​​សមាជិក​របស់ខ្លួន?

លោក​ ចាន់នី៖ ទាក់ទងនឹង​ការ​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​​ការទូទាត់ដោយ​មិន​មានសាច់ប្រាក់នេះ សមាគមធនាគារ​​នៅកម្ពុជាកំពុងជំរុញ​វា​ ដោយ​សារតែយើង​មាន​ក្រុម​ការងារ ដើ​ម្បីជំរុញ​លើរបៀបវារៈនេះ។

ABC តែងតែគាំទ្រ​ទិសដៅ​របស់និយ័តករ​ និងរដ្ឋា​ភិបាល​ ក្នុងការជំរុញ​ការទូទាត់​ដោយ​មិន​មាន​សាច់​ប្រាក់​ ឬ​ការទូទាត់ឌីជីថល​ក្នុងសង្គម​ ជាពិសេស​ក្នុងអំឡុងពេល​​នេះ ដែល​ជាមធ្យោ​បាយ​មួយ​ដើ​ម្បីទប់ស្កាត់​ការរីករាល​ដាល​ជំងឺកូវីដ ១៩​។

យើង​លើកទឹកចិត្តយ៉ាងខ្លាំង​ដល់​សមាជិក និងអតិថិជន​របស់យើង​ សាធារណជន ម្ចាស់​អាជីវកម្ម ត្រូវ​ទូទាត់​ និងទទួលយក​ការទូទាត់​តាមអេឡិចត្រូនិក​ តាមរយៈ​កម្មវិធី​ឌីជីថល​ ដែល​បច្ចុប្បន្ន​​អាចធ្វើ​បាន​ដោយ​សមាជិករបស់យើង​។​​

សមាជិកសហ​គមន៍​របស់យើង​ បានសហការ ហើយ​នឹង​បន្ត​ធ្វើការងារ​យ៉ាងជិតស្និទ្ធ​ជាមួយ​​ធនាគារ​ជាតិ​នៃ​កម្ពុជា ដើ​ម្បី​​ធ្វើ​​ឲ្យ​មាន​ភាពកាន់តែ​ងាយស្រួល​ក្នុងការធ្វើប្រតិបត្តិការឆ្លងកាត់គ្រឹះស្ថាន ការចំណាយតិច និងសុវត្ថិភាព ក្នុងអំឡុងពេល​នេះ។​

ABC សូមលើកទឹកចិត្តដល់សាធារណជន​ ត្រូវទាញយក​ និងប្រើប្រាស់​កម្មវិធី​ធនាគារ​និងការទូទាត់ឌីជីថល​ ដែលអាចធ្វើទៅ​បាន​ដោយ​សមាជិក​សហគមន៍​របស់យើង​។​

ខ្ញុំនៅតែ​មើលឃើញថា គ្រឹះស្ថានហិរញ្ញវត្ថុ​មួយចំនួន​​មិន​មាន​ការទូទាត់​ឌីជីថល​សម្រាប់អតិថិជន​ ដើ​ម្បីបង់ប្រាក់កម្ចីនោះទេ តើអ្វីដែលជាដំណោះស្រាយ​ក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ? តើ ABC បានអង្កេត​ពីនិន្នាការ​នៃការប្រើប្រាស់​ការទូទាត់ឌីជីថល​ក្នុងអំឡុងពេលនៃការបិទខ្ទប់នេះដែរ​ឬទេ?​

លោក ចាន់នី៖ ធនាគារ​ជាច្រើន​ផ្ដល់​រយៈពេលអនុគ្រោះ​ដោយស្វ័យប្រវត្តិ​ ដែលជាពិសេស​បន្តដល់​ប្រជាជនដែល​​ស្ថិត​នៅក្នុងតំបន់​បិទខ្ទប់​។ ដោយ​ផ្អែកតាម​ការអង្កេតរបស់យើង​ ប្រជាជន​ភាគច្រើន​ដែលរស់នៅទី​ក្រុង​ភ្នំពេញយល់ដឹងពី​ការទូទាត់ឌីជីថលនេះច្បាស់ណាស់។​ អតិថិជន​​អាច​​ប្រើប្រាស់​​ធនាគារដោយ​មិនចាំបាច់ទៅ​​កាន់សាខាណា​មួយឡើយ។

អតិថិជន​អាច​ផ្ទេរ​មូលនិធិ​ ទូទាត់វិក្កយបត្រ​ បញ្ចូលប្រាក់​ទូរស័ព្ទ​ បង់​ថ្លៃដឹកជញ្ជូន​ ឬការទិញទំនិញ​អនឡាញ​ និង​​អ្វីៗច្រើនទៀត។ អតិថិជនអាច​​ទទួល​បាន​អ្វីដែលចាំបាច់​ប្រើប្រាស់​ប្រចាំថ្ងៃ​ទាំងអស់​ តាមកម្មវិធី និង​ធ្វើការទូទាត់​​តាមរយៈ​​កម្មវិធី​ទូរស័ព្ទចល័តរបស់​ធនាគារ​។​

តើ​​ការបិទខ្ទប់​ប៉ះពាល់ដល់​ប្រតិបត្តិការ​អាជីវ​កម្ម​​នៅក្នុងវិស័យ​ហិរញ្ញវត្ថុកម្រិតណាដែរ​?​

លោក ចាន់នី៖ យើង​បានអង្កេតឃើញថា មិន​មាន​ផលប៉ះពាល់​លើ​ធនាគារ និងគ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​នោះទេ ដោយ​សារតែ​រដ្ឋា​ភិបាល បានផ្ដល់អាទិភាព​ដល់វិស័យនេះ​ ជាមធ្យោ​បាយ​ក្នុងការ​ជំរុញ​សកម្ម​ភាពសេដ្ឋ​កិច្ច និងជួយសម្រួលដល់​ការរស់​នៅប្រចាំថ្ងៃ​របស់​ប្រជាជន​​នៅទីក្រុង និងនៅតាមជនបទ។

ស្ថិត​ក្នុងកាលៈទេសៈនេះ ធនាគារនៅតែមាន​ប្រតិបត្តិការ​ ដើ​ម្បីបម្រើ​​តម្រូវការ​អតិថិជន​​លើសេវា​ហិរញ្ញវត្ថុក្នុងអំឡុងពេល​ការបិទខ្ទប់នេះ ខណៈដែលធនាគារ​​មួយចំនួន​​កំពុងប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ និង​កម្មវិធីឌីជីថល​ ធនាគារអ៊ីនធឺណិត​ និង​កម្មវិធី​ធនាគារ​ចល័ត ដើ​ម្បី​ផ្ដល់​សេវា​ដល់អតិថិជនតាម​​ដែលអាចធ្វើទៅ​បាន​។​

ស្ថិតក្នុង​​ឱកាស​នេះ សមាគមធនាគារ​កម្ពុជា​ និង​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ សូមថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ដល់រាជរដ្ឋា​ភិបាល​កម្ពុជា អាជ្ញាធរ នៃ​គណៈកម្មការជាតិគ្រប់គ្រង​ នឹង​ដឹកនាំ​ការអនុវត្តវិធានការ​បិទខ្ទប់​ ធនាគារជាតិ​នៃ​កម្ពុជា​​ និង​អាជ្ញធរ​គ្រប់ជាន់ថ្នាក់ទាំងអស់​ ក្នុងការជួយសម្រួល​អនុញ្ញាត​ការធ្វើដំណើរ​សម្រាប់​បុគ្គលិកធនាគារ​ ដើ​ម្បីបំពេញ​ភារកិច្ច​របស់ពួកគេ​ ក្នុងការផ្ដល់​សេវាធនាគារ និង​ហិរញ្ញ​វត្ថុដល់សាធារណជន​ ជាពិសេស​នៅតាម​តំបន់បិទខ្ទប់​នៅទីក្រុង​ភ្នំពេញ និង​ក្រុងតាខ្មៅខេត្តកណ្ដាល​ និង​មួយផ្នែកនៃ​ក្រុងព្រះសីហនុ៕​LA