ក្រុង​រ៉ូមៈ កាល​ពី​ថ្ងៃ​សៅរ៍ ប្រទេស ​អ៊ីតាលី ​បាន​ចុះ​ហត្ថលេខា​លើ​ពិធី​ការ «មិន​ចង​ភ្ជាប់​កាតព្វកិច្ច» មួយ​ជា​មួយ​ប្រទេស​ ចិន ដើម្បី​ចូលរួម​ក្នុង​គម្រោង​ «ផ្លូវ​សូត្រ» សម្រាប់​​ការ​ដឹក​ជញ្ជូន និង​ភ្ជាប់​ពាណិជ្ជកម្ម​ថ្មី​មួយ​របស់​ទីក្រុង​ប៉េកាំង ដែល​លាតសន្ធឹង​ពី​ទ្វីប​អាស៊ី​ទៅ​ដល់​អឺរ៉ុប។

ការ​ចុះ​ហត្ថលេខា​នេះ​បាន​ធ្វើ​ឲ្យ​ អ៊ីតាលី ក្លាយ​ជា​ប្រទេស​ទី១​ ​ក្នុង​ចំណោម​សមាជិក​របស់​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​រីក​ចម្រើន​ទាំង ៧ (G7) ដែល​បាន​ចុះហត្ថលេខា​សម្រាប់​​គម្រោង​ដ៏​ធំ​បែប​នេះ ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​មិន​សប្បាយ​ចិត្ត​​​​នៅ​​អាមេរិក និង​សហភាព​អឺរ៉ុប ខណៈ​​ចិន​ព្យាយាម​សម្រេច​​ឲ្យ​បាន​តួនាទី​លំដាប់​ពិភព​លោក​កាន់​តែ​ខ្លាំង​ជាង​នេះ។

ប្រធានាធីបតី ស៊ី ជីនភីង ដែល​​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អ៊ីតាលី និង​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី Giuseppe Conte បាន​ចូលរួម​ក្នុង​ពិធី​មួយ​សម្រាប់ការ​ចុះ​ហត្ថលេខា​លើ​​អនុស្សរណៈ​នៃ​ការ​យោគយល់​ចំនួន ២៩ ដែល​​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីតាលី​បាន​​ឲ្យ​ដឹង​ថា​មាន​តម្លៃ​ចន្លោះ​ពី ៥ ទៅ ៧ ពាន់​លាន​អឺរ៉ូ (៥,៦​ ទៅ ៨ ពាន់​លាន​ដុល្លារ)។

កិច្ច​ព្រមព្រៀង​ទាំង​នេះ​​មាន​ការ​​ចូលរួម​​ចុះ​ហត្ថលេខា​ផង​ដែរ​ពី​លោក He Lifeng ប្រធាន​​គណៈកម្មការ​អភិវឌ្ឍន៍​ជាតិ​ចិន និង​លោក​ Luigi Di Maio ឧបនាយក​រដ្ឋមន្ត្រី​អ៊ីតាលី។

សារ​ព័ត៌មាន​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ Il Sole 24 Ore របស់​ប្រទេស ​អ៊ីតាលី បាន​រាយការណ៍​ថា តម្លៃ​នៃ​ការ​វិនិយោគ​របស់​ចិន អាច​កើន​ឡើង​ដល់ ២០ ពាន់​លាន​អឺរ៉ូ ប៉ុន្តែ​បច្ចុប្បន្ន​នឹង​ត្រូវ​បាន​កម្រិត​ត្រឹម​កំពង់ផែ​យុទ្ធសាស្រ្ត​នៅ​ទីក្រុង Genoa និង Trieste។

ប្រទេស ​អ៊ីតាលី បាន​ទទួល​ស្វាគមន៍​លោក ​ប្រធានាធិបតី​ចិន ស៊ី ដែល​កាល​ពី​ថ្ងៃ​​សុក្រ​​សប្តាហ៍​មុន បាន​ធ្វើ​​ដំណើរ​ទស្សកិច្ច​ទៅ​កាន់​​ប្រទេស​​ស្ថិត​នៅ​តំបន់​អឺរ៉ុប​​មួយ​នេះ ដើម្បី​បន្ធូរបន្ថយ​ភាព​ភ័យ​ខ្លាច​របស់​ប្រទេស​លោក​ខាង​លិច​ជុំវិញ​គំនិត​​ផ្តួច​ផ្តើម​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ដឹក​ជញ្ជូន​របស់​លោក ដោយ​លោក​ ស៊ី បាន​បញ្ជាក់​​ពី​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ពី​គម្រោង​ដែល​មាន​ទឹក​ប្រាក់ ១ ពាន់​ពាន់​​លាន​ដុល្លារ​នេះ៕ AFP/KC