The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ៊ីរ៉ង់​រកឃើញ​អណ្តូងរ៉ែ​ថ្មី​មាន​ឧស្ម័ន​ ៥៣៨ ​ពាន់​លាន​ម៉ែត្រគុប

អ៊ីរ៉ង់​រកឃើញ​អណ្តូងរ៉ែ​ថ្មី​មាន​ឧស្ម័ន​ ៥៣៨ ​ពាន់​លាន​ម៉ែត្រគុប

Content image - Phnom Penh Post
ទីតាំង​អណ្តូង​ឧស្ម័ន​នៅ​ទីក្រុង Assaluyeh ប្រទេស​អ៊ីរ៉ង់​។ រូបថត AFP

អ៊ីរ៉ង់​រកឃើញ​អណ្តូងរ៉ែ​ថ្មី​មាន​ឧស្ម័ន​ ៥៣៨ ​ពាន់​លាន​ម៉ែត្រគុប

ក្រុងតេអេរ៉ង់ៈ ប្រទេស​អ៊ីរ៉ង់​បាន​រកឃើញ​អណ្តូង​ឧស្ម័ន​មួយ​នៅ​ជិត​ឈូង​សមុទ្រ​ពែរ្ស៍ ដែល​មាន​កំណប់​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ដល់​ទីក្រុង​នេះ​រយៈពេល ១៦ ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អាទិត្យ​។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​អ៊ីរ៉ង់ IRNA បាន​ដកស្រង់​សម្តី​របស់​ក្រុមហ៊ុន​ប្រេង National Iranian Oil Company (NIOC) ខណៈ​បាន​ឲ្យ​ដឹងថា អណ្តូងរ៉ែ Eram មាន​កំណប់​ឧស្ម័ន​ធម្មជាតិ ១៩ ពាន់​ពាន់​លាន​ហ្វីតគុប (៥៣៨ ពាន់​លាន​ម៉ែត្រគុប​)​។

គេហទំព័រ Shana របស់​ក្រសួង​ប្រេង​របស់​អ៊ីរ៉ង់​បាន​ឲ្យ​ដឹងថា អណ្តូងរ៉ែ​ឧស្ម័ន​នេះ​មាន​ទីតាំង​ស្ថិត​នៅក្នុង​ខេត្ត Fars ដែល​មាន​ចម្ងាយ​ប្រហែល ២០០ គីឡូម៉ែត្រ (១២៥ ​ម៉ៃល៍​) ភាគ​ខាងត្បូង​ទីក្រុង Shiraz​។

ទីភ្នាក់ងារ​ព័ត៌មាន IRNA បាន​ដកស្រង់​សម្តី​របស់​ក្រុមហ៊ុន NIOC ថា​៖ «​ដោយសារ​បរិមាណ​កំណត់​រ៉ែ​ឧស្ម័ន​មាន​ចំនួន ១៩ ពាន់​ពាន់​លាន​ហ្វីតគុប និង​ឧស្ម័ន​កក​ចំនួន ៣៨៥ លាន​បារ៉ែល​នៅ​អណ្តូង​ឧស្ម័ន Eram ប្រាក់​ចំណូល​បាន​ពី​អណ្តូងរ៉ែ​នេះ​នឹង​មាន ៤០ ពាន់​លាន​ដុល្លារ​»​។

បរិមាណ​ឧស្ម័ន​ក្នុង​អណ្តូរ​រ៉ែ​ដែល​ត្រូវ​បាន​រកឃើញ​ថ្មី​នេះ​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ទីក្រុង​តេអេរ៉ង់​។

អ៊ីរ៉ង់​ជា​សមាជិក​របស់​អង្គការ OPEC ដែល​បាន​ឲ្យ​ដឹងថា ប្រទេស​មួយ​នេះ​មាន​កំណប់​ឧស្ម័ន​ធម្មជាតិ ១ ១៩៧ ពាន់​ពាន់​លាន​ហ្វីតគុប (៣៣,៩ ពាន់​ពាន់​លាន​ម៉ែត្រគុប​) ជា​បរិមាណ​ច្រើន​បំផុត​ទី​ ២ ក្នុង​ពិភពលោក​៕ KC

អត្ថបទគួរចាប់អារម្មណ៍