The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ៊ីអន នឹង​ទាក់​ទាញ​អតិថិជន​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ

អ៊ីអន នឹង​ទាក់​ទាញ​អតិថិជន​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ

អ៊ីអន នឹង​ទាក់​ទាញ​អតិថិជន​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ

20140428_11
ផ្សារទំនើបអីុអន ដែលមានទីតាំងនៅតាមបណ្តោយមហាវិថី សុធារស នឹងបើកដំណើរការខែមិថុនា

ភ្នំពេញៈ ផ្សារ​ទំនើប អ៊ីអន របស់ ជប៉ុន នឹង​បើក​ដំណើរការ​ជា​ផ្លូវ​ការ​នៅ កម្ពុជា នៅ​ថ្ងៃ ទី​៣០ មិថុនា ខាង​មុខ បន្ទាប់​ពី​ដំណើរការ​សាង​សង់​អស់​មួយ​ឆ្នាំ​កន្លះ​ដោយ​មាន​ក្រុមហ៊ុន​លក់​រាយ​ដែល​មាន​ម៉ាក​យីហោ​ល្បីៗ​ជាច្រើន​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ។

បច្ចុប្បន្ន​ផ្សារ​ទំនើប​ដែល​ធំ​ជាង​គេ​នៅ កម្ពុជា មួយ​នេះ​បាន​ជួល​ទីតាំង​ទៅ​ឲ្យ​ដៃគូ​ពាណិជ្ជកម្ម​ពេញ​អស់​ហើយ ដែល​មាន​ក្រុមហ៊ុន​លក់​រាយ​សរុប​ដល់ ១៨៦ ក្រុមហ៊ុន​ក្នុង​នោះ​ក្រុមហ៊ុន​ក្នុង​ស្រុក​មាន ៤២។

លោក Soichi Okazaki នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អ៊ីអន ខូអិលធីឌី ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ផ្សារ​ទំនើប អ៊ីអន កម្ពុជា បាន​លើក​ឡើង​ពី​កាលបរិច្ឆេទ​នៃ​ការ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​សៅរ៍។

លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ក្រោយ​កិច្ច​ប្រជុំ​ថា ក្រុមហ៊ុន​បាន​ចំណាយ​ពេល​សិក្សា​ពី​សក្តានុពល​ទីផ្សារ​នៅ កម្ពុជា រយៈ​ពេល​បី​ឆ្នាំ​មុន​នឹង​សម្រេច​ចិត្ត​ដាក់​ទុន​វិនិយោគ ២០៥ លាន​ដុល្លារ​ក្នុង​ការ​បង្កើត​ផ្សារ ទំនើប អ៊ីអន នៅ កម្ពុជា នេះ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ដែល​ក្រុមហ៊ុន​ជាច្រើន​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​ដៃគូ​ជាមួយ​យើង​ដោយ​ដាក់​ទីតាំង​លក់​របស់​ពួក​គេ​នៅ​ក្នុង​ផ្សារ​ទំនើប​នេះ។ ការ​បើក​ដំណើរការ​ផ្សារ​ទំនើប​កម្រិត​ស្តង់ដារ​ពិត​ជា​ស័ក្តិសម​នឹង​តម្រូវ​ការ​ជាក់ស្តែង​នៅ​លើ​ទីផ្សារ»។

លោក​បាន​បន្ត​ថា ផ្សារ​ទំនើប អ៊ីអន នឹង​ទាក់​ទាញ​អ្នក​ចូល​ទស្សនា​ប្រមាណ​ជា ១០ លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ឬ​ប្រហែល​នឹង​ចំនួន ២៧ ០០០ នាក់​ក្នុង​មួយ​ថ្ងៃ។

ផ្សារ​ទំនើប អ៊ីអន ដែល​មាន​ទីតាំង​តាម​បណ្តោយ​វិថី សុធារស ចន្លោះ​ពី​ស្ថានទូត រុស្ស៊ី ប្រចាំ​នៅ កម្ពុជា ទៅ​សណ្ឋាគារ សូហ្វីតែល មាន​ផ្ទៃ​ដី​សរុប ៦៨ ០០០ ម៉ែត្រ​ការ៉េ​សាងសង់​ឡើង​ដោយ​មាន​បួន​ជាន់​ហើយ​មាន​ផ្ទៃ​ក្រឡា​អគារ​សរុប ១០៨ ០០០ ម៉ែត្រ​ការ៉េ។ ផ្សារ​ទំនើប​នេះ​អាច​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា សរុប​ប្រមាណ ២ ៥០០ នាក់​មាន​ទីតាំង​សម្រាប់​ចត​រថយន្ត​បាន​ដល់ ១ ៤០០ គ្រឿង និង ម៉ូតូ ១ ៦០០ គ្រឿង។

យោង​តាម​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដែល​បាន​ជួល​ទីតាំង​នៅ​ផ្សារ​ទំនើប អ៊ីអន បាន​បង្ហាញ​ថា ផ្សារ​ទំនើប​របស់ ជប៉ុន នេះ​នឹង​ក្លាយ​ជា​បណ្តុំ​ហាង​ទំនើបៗ​ដែល​មាន​យីហោ​ជា​លក្ខណៈ​អន្តរជាតិ​ដូចជា ប្រភេទ​ហាង​លក់​ម្ហូប​អាហារ ហាង​កាហ្វេ ហាង​សម្លៀក​បំពាក់​គ្រឿង​អេឡិច​ត្រូនិក ហាង​បែប​កម្សាន្ត និង​រោង​ភាពយន្ត​ជា​លក្ខណៈ​អន្តរជាតិ​ជាដើម។

ហាង​លក់​សម្លៀក​បំពាក់​ម៉ាក Pierre Cardin របស់ បារាំង ហាង​លក់​សម្លៀក​បំពាក់​ដ៏​ធំ​របស់ អ៊ីតាលី ម៉ាក Valentino និង Florentino របស់ អេស្ប៉ាញ ដែល​សុទ្ធ​សឹង​ជា​យីហោ​ហាង​លក់​សម្លៀក​បំពាក់​ល្បីៗ​លំដាប់​អន្តរជាតិ​នឹង​មាន​វត្តមាន​នៅ កម្ពុជា ដោយ​ដំណើរការ​នៅ​ក្នុង​ផ្សារ​ទំនើប អ៊ីអន។ ហាង​កែ​សម្ផស្ស​របស់ បារាំង L’occitaine និង​ហាង​អ៊ុត​សក់ Toni & Guy របស់ អង់គ្លេស ក៏​នឹង​បើក​ដំណើរការ​ក្នុង​ផ្សារ​ទំនើប​ថ្មី​នេះ​ផង​ដែរ។

រោង​ភាពយន្ត​លំដាប់​ស្តង់ដារ​ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ seven-screen របស់​ក្រុមហ៊ុន ថៃ Major Cineplex កន្លែង​រាំ​ជិះ​ស្គី កន្លែង​លេង​ប៊ូលីង ហាង​អាហារ Burger King និង KFC ជាដើម​នឹង​មាន​ទីតាំង​នៅ អ៊ីអន។

ក្នុង​ចំណោម​ហាង​ដែល​ជួល​ទី​តាំង​លក់​នៅ អ៊ីអន ទាំង​អស់ មាន​ជាង ៧៥ ភាគរយ​ជា​ហាង​មាន​ប្រភព​ពី​បរទេស​ដែល​រួម​មាន​ហាង​របស់​ជនជាតិ ជប៉ុន ៤៩ អឺរ៉ុប ២១ និង​ហាង​ពី អាមេរិក ៩ ហាង។ ហាង​ដែល​ជា​ម៉ាក​យីហោ​ក្នុង​ស្រុក​មាន ៤២ ហាង​ដែល​មាន​ដូច​ជា ធនាគារ ភោជនីយដ្ឋាន និង​ហាង​លក់​សម្លៀក​បំពាក់​ជាដើម។

Content image - Phnom Penh Post

ហាង​កាហ្វេ Brown និង​បើក​ដំណើរការ​នៅ​ក្នុង​ផ្សារ​ទំនើប អ៊ីអន នេះ​ផង​ដែរ។

លោក ចាង ប៊ុនលាង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Brown Café and Bakery បាន​ឲ្យ​ដឹង​ថា ការ​ចូល​វិនិយោគ​របស់​វិនិយោគិន ជប៉ុន ក្នុង​វិស័យ​ផ្សារ​ទំនើប​នេះ​គឺជា​ការ​ល្អ និង​បាន​បង្ហាញ​ពី​សក្តានុពល​ពាណិជ្ជកម្ម​របស់ កម្ពុជា ទៅ​វិនិយោគិន​ពី​ប្រទេស​ផ្សេង​ទៀត​ឲ្យ​ចាប់​អារម្មណ៍​កម្ពុជា។

លោក​អះអាង​ថា នៅ​ពេល​ក្រុមហ៊ុន​របស់ ជប៉ុន នេះ​អាច​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​ខ្លួន ពួក​គេ​អាច​ជួយ​ទាក់​ទាញ​វិនិយោគិន​ប្រទេស​ផ្សេង​ទៀត​ដូច​ជា អឺរ៉ុប និង អាមេរិក ជាដើម​ឲ្យ​ចូល​បណ្តាក់​ទុន​នៅ កម្ពុជា។

លោក​បន្ត​ថា៖ «ខ្ញុំ​ជឿ​ជាក់​លើ​ភាព​ច្បាស់​លាស់​នៃ​ការ​វិនិយោគ​របស់ ជប៉ុន ហើយ​វា​នឹង​ជួយ​ផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា»។

លោក ហ៊ីរ៉ូស៊ិ ស៊ុយសាគិ ប្រធាន​សេដ្ឋវិទូ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​សម្រាប់ កម្ពុជា មាន​សុទិដ្ឋិនិយម​ពី​ការ​បើក​ដំណើរការ​ផ្សារ អ៊ីអន ដោយ​រំពឹង​ថា នឹង​ជួយ​គាំទ្រ​ដល់​វិស័យ​លក់​រាយ និង​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

ក្រុមហ៊ុន អ៊ីអន បាន​និង​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​ផ្សារ​ទំនើប​ដែល​មាន​សាខា​សរុប ១៣៨ នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ដូចជា ជប៉ុន ចិន ថៃ និង វៀតណាម ជាដើម។ របាយ​ការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នេះ​បង្ហាញ​ថា ប្រាក់​ចំណេញ​នៅ ឆ្នាំ​២០១៣ បាន​កើន​ជាង ៧,៦ ភាគរយ​ធៀប​នឹង ឆ្នាំ​២០១២ ដែល​មាន​ទឹក​ប្រាក់​សរុប​រហូត​ដល់ ៥៨៥ លាន​ដុល្លារ អាមេរិក។

បញ្ហា​ប្រឈម

ដោយ​រំពឹង​ថា នឹង​ទទួល​បាន​អតិថិជន​ប្រមាណ ២៧ ០០០ ក្នុង​មួយ​ថ្ងៃៗ ការ​បើក​ដំណើរការ​ផ្សារ​ទំនើប អ៊ីអន ដែល​ស្ថិត​នៅ​បណ្តោយ​ផ្លូវ សុធារស នៅ​ពេល​ខាង​មុខ​នេះ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នឹង​បង្ក​ការ​កក់​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​នេះ​កាន់​តែ​ខ្លាំង។

មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា ផែនការ​ជាក់​លាក់​ស្តី​ពី​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តំបន់​នោះ នៅ​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​នៅ​ឡើយ​ទេ។

ឆ្លើយ​តប​សំណួរ​អ្នក​កាសែត ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍​ពី​គម្រោង​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្រោយ​ពេល​ផ្សារ​ទំនើប អ៊ីអន ដំណើរការ​លោក Shinobu Washizawa អគ្គ​នាយក​នៃ​ផ្សារ​ទំនើប អ៊ីអន កម្ពុជា និយាយ​ថា ការ​កក​ស្ទះ​ចរាចរណ៍​គឺជា​រឿង​ចៀស​មិន​ផុត​នោះ​ទេ។

លោក​បន្ត​ថា៖ «អតិថិជន​ដែល​គាត់​ត្រូវ​ធ្វើ​ចរាចរណ៍​មក​ហ្នឹង រឿង​ស្ទះ​ចរាចរណ៍​វា​មិន​អាច​ចៀសវាង​បាន​ទេ តែ​ឥឡូវ​ក្រុមហ៊ុន​របស់​យើង​កំពុង​ពិភាក្សា​ជាមួយ​ខាង​សាលា​ក្រុង និង​ប៉ូលិស​ផង​ដែរ​ដើម្បី​ឲ្យ​ពួក​គាត់​ជួយ​សម្រួល​ចរាចរណ៍​នៅ​ជុំវិញ​នោះ ហើយ​បុគ្គលិក​យើង​ក៏​នឹង​ជួយ​ចង្អុល​បង្ហាញ​ផ្លូវ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​មាន​ភាព​កក​ស្ទះ​ខ្លាំង»។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​របស់​សាលា​រាជធានី​ភ្នំពេញ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា មិន​មាន​ការ​ពិភាក្សា​រវាង​ផ្សារ​ទំនើប អ៊ីអន និង​មន្ត្រី​សាលា​ក្រុង​អំពី​គម្រោង​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ សុធារស នោះ​ទេ។

លោក​បន្ត​ថា កន្លង​មក​ធ្លាប់​មាន​ជំនួប​រវាង​អគ្គ​នាយក​ប្រតិបត្តិ​និង​អតីត​អភិបាល​រាជធានី​ភ្នំពេញ​អំពី​ការ​បារម្ភ​នៃ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តំបន់​នោះ។

លោក​បាន​បន្ថែម​ថា៖ «មាន​ការ​ជជែក​គ្នា​អំពី​ការ​បារម្ភ​ថា និង​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ដោយ​សារ​ផ្លូវ សុធារស មាន​ការ​ចង្អៀត​មាន​ការ​ពិភាក្សា​គ្នា​អ៊ីចឹង​មែន។ គ្រាន់​តែ​ជា​ការ​លើក​ឡើង​ពី​ការ​បារម្ភ មិន​ទាន់​មាន​ជា​ជំនួប​ពិភាក្សា​ជា​ផ្លូវ​ការ​អំពី​គម្រោង​នោះ​ទេ នៅ​ពេល​ថ្មីៗ​នេះ​ទេ»៕

រាយការណ៍​បន្ថែមៈ Eddie Morton

អត្ថបទគួរចាប់អារម្មណ៍