ក្រុងប៉េកាំងៈ ក្រុម​អ្នកចរចា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ ចិន បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ និង​បាន​ព្រមព្រៀង​គ្នា​រក្សា​ការទាក់ទង​ជុំវិញ «​បញ្ហា​ដែល​នៅ​សេសសល់​» សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម «​ដំណាក់កាល​ទី​ ១» ដែល​សម្រេច​បាន​ដោយ​ប្រទេស​ទាំង​ ២​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស ​ចិន​។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រកាស​កាលពី​ខែ​មុន​ថា ភាគី​ទាំង​ ២ ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​បឋម​មួយ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​មិនទាន់​ត្រូវបាន​បញ្ចប់​នៅឡើយ​ទេ​។

លោក​ឧបនាយករដ្ឋមន្ត្រី​ចិន Liu He បាន​និយាយ​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ជាមួយ​លោក Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក និង​លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន ស៊ិនហួរ​។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន ស៊ិនហួរ បាន​រាយការណ៍​ដោយ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ថា​៖ «​ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​គ្នា​អំពី​ការដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ក្តីបារម្ភ​ស្នូល​របស់​ភាគី​នីមួយៗ​ដែល​បាន​ឈាន​ដល់​ការព្រមព្រៀង​លើ​ការដោះស្រាយ​សមស្រប​នូវ​បញ្ហា​ដែល​ពាក់ព័ន្ធ​នានា និង​បាន​ព្រមព្រៀង​រក្សា​ការទាក់ទង​សម្រាប់​បញ្ហា​ដែល​នៅ​សេសសល់​ក្នុង​ការប្រឹក្សា​យោបល់​ស្តីពី​កិច្ចព្រមព្រៀង «​ដំណាក់កាល​ទី​ ១»​។

ភាគហ៊ុន​ពិភពលោក​បាន​ឡើង​ថ្លៃ​នៅ​សប្តាហ៍​នេះ ដោយ​សារភាព​សុទិដ្ឋិនិយម​ថា ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទាំង​ ២ ​នេះ​នឹង​ប្រកាស​កិច្ចព្រមព្រៀង​ដោយ​ផ្នែក​មួយ​ឆាប់ៗ​នេះ​។

រដ្ឋាភិបាល​ចិន​កាលពី​ថ្ងៃអាទិត្យ​បានចេញ​ផ្សាយ​សារាចរណ៍​ណែនាំ​មួយ ដើម្បី​ពង្រឹង​ការការពារ​កម្មសិទ្ធិបញ្ញា និង​បង្កើន​ការពិន័យ​ដល់​ជនល្មើស ពោល​គឺជា​បញ្ហា​ដែល​ជាប់គាំង​ដ៏ធំ​មួយ​នៅក្នុង​ការចរចា​រវាង​អាមេរិក និង​ចិន​៕ KC