ភ្នំពេញៈ កសិករ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​នៅ​តែ​ស្ទាក់​ស្ទើរ​ ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ទោះបី​ជា​លក្ខណៈ​​គ្រួសារ ​ខណៈ​​​តម្លៃ​ជ្រូក​រក្សា​ស្ថិរភាព​រយៈពេល​ជាង​កន្លះ​​ឆ្នាំ​ ​​ស្រប​ពេល​ដែល​អ្នក​​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​​​បង្ហាញ​ពី​ការ​យល់​ឃើញ​ផ្សេង​គ្នា​ពី​ឧស្សាហកម្ម​​ ដែល​កង្វះ​បទ​ប្បញ្ញត្តិ​នេះ​។​

បច្ចុប្បន្ន​តម្លៃ​ជ្រូក​រស់​គឺ​នៅ​ក្នុង​​ចន្លោះ​ពី ​៩ ​០០០​ រៀល ​ទៅ​ ៩ ២០០ ​រៀល​ក្នុង​ ១ ​គីឡូ​ក្រាម ​ដែល​តម្លៃ​នេះ​​មាន​​ចាប់​តាំង​​ពី​ពាក់​​កណ្ដាល​ឆ្នាំ​មុន​។ ​នេះ​​បើ​​តាម​តម្លៃ​ដក​ស្រង់​ពី​​សមាគម​អ្នក​ចិញ្ចឹម​​សត្វ​កម្ពុជា​។​

ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​មុន​រាយ​ការណ៍​ថា ​តម្លៃ​ជ្រូក​បាន​ធ្លាក់​ចុះ​​ពី ៨​ ០០០ ​រៀល​មក​នៅ​ត្រឹម​ ៤ ០០០ ​រៀល ​ក្នុង​ ១ ​​គីឡូ​ក្រាម​កាល​ពី​ឆ្នាំ ២០១៥​ ដោយ​សារ​តែ​​លំហូរ​ចូល​យ៉ាង​គំហុក​ពី​ប្រទេស​ជិត​ខាង​ និង​បន្ត​​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ ​មុន​ពេល​កើន​ឡើង​ដល់​ពី ​៩ ០០០ រៀលដល់ ៩ ២​០​០ ​រៀល​​​នៅ​ពេល​បច្ចុប្បន្ន​។​

លោក​ ជេត​ ភិរម្យ​ ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​ កសិករ​អាច​នឹង​ចាប់​ផ្ដើម​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​សារ​តែ​តម្លៃ​កំពុង​បង្ហាញ​ពី​ស្ថិរភាព​។

លោក​ថ្លែង​ថា​៖ «​វា​ប្រែ​ក្លាយ​ជា​​ក្តី​សង្ឃឹម​សម្រាប់​កសិករ​ចិញ្ចឹម​​ជ្រូក​របស់​យើង​ជា​ថ្មី ​នៅ​ពេល​​នេះ​ពួក​គេ​កំពុង​ចាប់​​ផ្ដើម​​ការ​​ចិញ្ចឹម​ជ្រូក​ម្ដង​ទៀត ​ចាប់​តាំង​​ពី​ពួក​គេ​បាន​មើល​ឃើញ​តម្លៃ​រក្សា​បាន​លំ​នឹង​មក​​​»​។​

ចិន ​ដែល​ជា​ប្រទេស​ប្រើប្រាស់​ជ្រូក​ច្រើន​បំផុត​​នៅ​ក្នុង​តំបន់ ​បាន​បញ្ឈប់​ការ​នាំចូល​សត្វ​ជ្រូក​រស់​ពី​វៀត​ណាម​កាល​ពី​ឆ្នាំ​ ២០១៥​ ដោយ​បារម្ភ​អំពី​សុវត្ថិភាព ​និង​គុណភាព​។​

​លោក ​ជេត​ ភិរម្យ​ បាន​ឲ្យ​ដឹង​​ថា ​ហេតុ​ផល​នេះ​បណ្ដាល​ឲ្យ​មាន​សត្វ​តម្លៃ​ទាប​ នៅ​ក្នុង​វៀតណាម​​ហូរចូល​មក​ក្នុង​ប្រទេស​ កម្ពុជា ​ដែល​បាន​ធ្វើ​​ឲ្យ​តម្លៃ​ធ្លាក់​ចុះ​រហូត​ដល់​ ៤ ០០០ រៀល​​ក្នុង​ ១ ​គីឡូ​ក្រាម​នៅ​ពេល​នោះ​។​

ប៉ុន្តែ​ចក្ខុ​វិស័យ​របស់​កសិករ​ក្នុង​ស្រុក​បន្ត​មិន​ច្បាស់​លាស់​ ទោះ​​បី​ជា​តម្លៃ​បាន​​កើន​ឡើង​ និង​មាន​ស្ថិរភាព​ក៏​ដោយ​។​

លោក​ សឿន​ វីរៈ ​ជា​អ្នក​ចិញ្ចឹម​​ជ្រូក​ ១ រូប​នៅ​ខេត្ត​តាកែវ ​​នៅ​តែ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាប់​ផ្ដើម​ការ​ចិញ្ចឹម​ជ្រូក​ជា​ថ្មី​។​

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ដឹង​ថា ​តម្លៃ​​ជ្រូក​បាន​កើន​ឡើង​ នៅ​ពេល​នេះ ​ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ចាប់​ផ្ដើម​ជា​ថ្មី​ទៀត​ទេ ​ខ្ញុំ​គិត​ថាវា​នឹង​មិន​មាន​រយៈ​ពេល​វែង​ទេ»​។ ​លោក​បន្ថែម​ថា ​លោក​កំពុង​ពិចារណា​ចិញ្ចឹម​មាន់​វិញ​។

ខណៈ​មិន​មាន​បទ​ប្បញ្ញត្តិ​ច្បាស់លាស់​សម្រាប់​ឧស្សាហកម្ម​នេះ​លោក ​លី ​ឡាវីល អ្នក​គ្រប់គ្រង​ទូទៅ​នៅ​​ក្រុម​ហ៊ុន ​M’s​ Pig​ ACMC ​Cambodia co.,Ltd បាន​ឲ្យ​ដឹង​ថា ​ឧស្សាហកម្ម​នេះ​នៅ​តែ​កំពុង​ទទួល​ការ​គំរាម​កំហែង​​ពី​​ការ​​នាំចូល​។​ ​​

លោក​ថ្លែង​ថា​៖ «​ទោះ​បី​ជា​តម្លៃ​មាន​ស្ថិរភាព​ច្រើន​ក៏​ដោយ ក៏​វា​មិន​មាន​ន័យ​ថា​ វា​នឹង​មាន​សុវត្ថិភាព​នៅ​ក្នុង​ទីផ្សារ​នេះ​ទេ​​ ដូច្នេះ​វា​នៅ​តែ​មាន​ហានិភ័យ​សម្រាប់​កសិករ​»​។

លោក​បន្តថា​៖ «​វា​ជាទី​ផ្សារ​សេរី ​ដូច្នេះ​អ្នក​ចិញ្ចឹម​មាន​ដើម​ទុន​បន្តិច​បន្តួច ​អាច​ទទួល​​រង​ផល​ប៉ះ​ពាល់​រាល់ ​ពេល​​ណា​មាន​ការ​​ហូរ​ចូល​ច្រើន​​ពី​ប្រទេស​ជិត​ខាង​​»​។

លោក ​ធឿន ​ធន​ ជា​កសិករ​ចិញ្ចឹម​ជ្រូក​ផ្សេង​ទៀត​ នៅ​ខេត្ត​កណ្ដាល​ ដែល​ទើប​ចាប់​ផ្ដើម​ការ​ចិញ្ចឹម​ជ្រូក​ ៣០ ​ក្បាល ​ជឿជាក់​ថា ​ទី​ផ្សារ​នេះ​នឹង​កាន់​តែ​មាន​សុវត្ថិភាព​​នៅ​រយៈ​ពេល​ ២-៣ ឆ្នាំ​ក្រោយ​។​ ​​

លោក​ថ្លែង​ថា​៖ «​​ដូច​ដែល​ខ្ញុំ​បាន​អង្កេត​តម្លៃ​ជ្រូក ​ទីផ្សារ​កំពុង​កើន​ឡើង​ វា​មិន​គ្រាន់​តែ​​កើន​ឡើង​នៅ​កម្ពុជា ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​បណ្ដា​​ប្រទេស​ផ្សេង​ទៀត​ ជា​ពិសេស​​​ប្រទេស​ជិត​ខាង​​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​​មិន​ចង់​​​បោះ​បង់​ចោល​នោះ​ទេ​ ដោយ​​សារ​​ខ្ញុំ​នៅ​តែ​មាន​កសិដ្ឋាន​ចិញ្ចឹម​​​ជ្រូក​ និង​ជំនាញ​បច្ចេកទេស​ខាង​ការ​ចិញ្ចឹម​ជ្រូក​ខ្ញុំ​សង្ឃឹម​​ថា ​ខ្ញុំ​នៅ​តែ​អាច​រក​ប្រាក់​ចំណេញ​បាន​ទោះ​តិច​ ឬ​ច្រើន​​»៕​LA