ភ្នំពេញៈ អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​កសិកម្ម​ បាន​ឲ្យ​ដឹង​ថា ការ​ស្នើ​ឲ្យ​ភាគី​វៀតណាម​ជួយ​ទិញ​ស្រូវ​កសិករ​ខ្មែរ​ក្នុង​​​តម្លៃ​សមរម្យ​មួយ​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​ ​គឺ​ជា​យុទ្ធសាស្ត្រ​រយៈ​ពេល​ខ្លី​ ហើយ​ថា ​​កម្ពុជា​ត្រូវ​​​រៀបចំ​​ការ​គ្រប់គ្រង​វិស័យ​នេះ​ដោយ​​ខ្លួន​ឯង​ឲ្យ​បាន​ល្អ។​​

ក្នុង​ឱកាស​ជួប​ពិភាក្សា​ជា​មួយ​នឹង​លោក ​Vu Quang Minh ឯក​អគ្គ​រដ្ឋទូត​វៀតណាម​ ប្រចាំ​កម្ពុជា ​កាល​ពី​​សប្តាហ៍​មុន​ លោក​ វេង ​សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​បាន​ស្នើ​ឲ្យ​វៀតណាម​ជួយ​ប្រមូល​ទិញ​ស្រូវ​អង្ករ​ ពី​កម្ពុជា​ឲ្យ​បាន​សម​ស្រប​ទៅ​នឹង​តម្លៃ​លើ​ទីផ្សារ​នៅ​ប្រទេស ​វៀតណាម​។

តាម​រយៈ​លទ្ធផល​នៃ​ការ​​ពិភាក្សា​នោះ​ ភាគី​វៀតណាម​នឹង​រៀបចំ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ជា​មួយ​នឹង​​ពាណិជ្ជករ​វៀតណាម បន្ទាប់​មក​នឹង​ធ្វើ​របាយការណ៍​លម្អិត​ជូន​​ទៅ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ដើម្បី​ជំរុញ​ឲ្យ​​ពាណិជ្ជករ​វៀតណាម​ជួយ​ប្រមូល​ទិញ​ស្រូវ​ពី​កម្ពុជា​ក្នុង​តម្លៃ​សមរម្យ។

ធនាគារ ​AGRI BANK នឹង​ពិនិត្យ​លទ្ធភាព​ និង​ធ្វើ​ការ​សម្រួល​បែបបទ​ផ្សេង​ៗ​ដើម្បី​ផ្តល់​កម្ចី​ឥណទាន​ដល់​ពាណិជ្ជករ​វៀតណាម​សម្រាប់​ជា​ទុន​ប្រមូល​ទិញ​ស្រូវ​ក្នុង​រដូវ​ប្រមូល​ផល​នេះ​ព្រម​ទាំង​គាំទ្រ​ដល់​ការ​ផ្តល់​ឥណទាន​ដល់​ពាណិជ្ជករ​កម្ពុជា ​​ដែល​ខ្វះ​ទុន​​ក្នុង​ការ​ប្រមូល​ទិញ​កសិផល​ផង​។

ភាគី​ទាំង ២ ​នឹង​បន្ត​ពង្រឹង ​និង​ពង្រីក​​​ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ច​សន្យា​ឲ្យ​បាន​ទូលំទូលាយ និង​​មាន​ប្រសិទ្ធភាព​ដើម្បី​រក្សា​និរន្តរភាព​នៃ​ភាព​ជា​ដៃគូ​រវាង​អ្នក​ផលិត និង​អ្នកទិញ​។

លោក ​ហ៊ុន​ ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិលមិញ​ បាន​និយាយ​ថា ការ​ស្នើ​ឲ្យ​វៀតណាម​ជួយ​​ទិញ​ស្រូវ​គឺ​ជា​ការ​ល្អ ខណៈ​​សមត្ថភាព​នៃ​ការ​ប្រមូល​ទិញ​ពី​​ឈ្មួញ​​ក្នុង​ស្រុក​ ឡ​សម្ងួត​ និង​ឃ្លាំង​ស្តុក​មាន​កម្រិត​ ដែល​ធ្វើ​​ឲ្យ​កសិករ​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក​បន្ត​ថា ខណៈ​​ការ​ជួយ​ប្រមូល​ទិញ​ក្នុង​តម្លៃ​សមរម្យ​ពី​សំណាក់​វៀតណាម ​នឹង​រួម​ចំណែក​ជួយ​​​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​សម្រាប់​ប្រជា​កសិករ​​ខ្មែរ​ បាន​មួយ​កម្រិត​​ក៏​ដោយ​ តែ​វា​គ្រាន់​តែ​ជា​ការ​ដោះស្រាយ​មួយ​គ្រា​ប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា៖​ «​សម្រាប់​ខ្ញុំ​​រយៈ​ពេល​ខ្លី​គឺ​ល្អ​ ព្រោះ​វា​អាច​ជួយ​ដោះស្រាយ​ឧបសគ្គ​បាន​មួយ​រយៈ ប៉ុន្តែ​​សម្រាប់​យុទ្ធសាស្រ្ត​រយៈ​ពេល​វែង​មិន​សូវ​ល្អ​ទេ ហើយ​​កម្ពុជា​គួរ​តែ​មាន​ផែនការ​ជាក់​លាក់​របស់​ខ្លួន​ តាម​រយៈ​ការ​​រៀបចំ​ឲ្យ​មាន​​យន្តការ​រក្សា​ទុក​ស្តុក​ស្រូវ​​ក្នុង​ស្រុក​​ឲ្យ​បាន​ច្រើន​ ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​សម្រាប់​ការ​កែ​ច្នៃ​អង្ករ​សម្រេច​នាំចេញ​ បន្ទាប់​ពី​រដូវ​ប្រមូល​ផល​»​។

បើ​តាម​លោក​ ហ៊ុន​ ឡាក់ ​កាល​ពី​​ឆ្នាំ​ ​២០១៧ ​និង ​២០១៨​ វិស័យ​ឯកជន​បាន​វិនិយោគ​លើ​ឡ​សម្ងួត ​និង​ឃ្លាំង​ស្តុក​​ស្រូវ​ធំ​ៗ​ចំនួន​ ៣ កន្លែង​ក្នុង​ខេត្ត​បាត់ដំបង ​កំពង់ធំ ​និង​​ព្រៃវែង​។​

លោក​បញ្ជាក់​ថា៖​ «​សរុប​សេចក្តី​មក​ ឡ​សម្ងួត ​និង​ឃ្លាំង​ស្តុក​នៅ​កម្ពុជា នៅ​​មិន​ទាន់​អាច​ឆ្លើយ​តប​បាន​​ចំពោះ​បរិមាណ​​នៃ​ការ​ផលិត​ស្រូវ​នៅ​កម្ពុជា​ទេ ​ហើយ​​វា​នៅ​តែ​ហូរ​​ចេញ​ទៅ​ប្រទេស​​ជិត​ខាង​ខ្លះ ដើម្បី​ជួយ​ឲ្យ​កសិករ​នៅ​ពេល​​រដូវ​ច្រូត​កាត់​ចូល​មក​ដល់ គាត់​អាច​លក់​ចេញ​ទាន់​ពេល​វេលា​»​។

សម្រាប់​តម្លៃ​ស្រូវ​នា​ពេល​នេះ​លោក​ អះអាង​ថា បាន​ធ្លាក់​ចុះ​ស្ទើរ​​នៅ​គ្រប់​ប្រទេស​ទាំង​អស់​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​ បច្ចុប្បន្ន​​នេះ​ស្រូវ​ជា​មធ្យម​​មាន​តម្លៃ​​ប្រមាណ​ជាង​ ៧០០ រៀល​ ក្នុង​ ១ ​គីឡូក្រាម​។​

លោក ​ច័ន្ទ ​សុផល ​នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​ បាន​ប្រាប់​​ថា វៀតណាម​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​លេខ​ ២ ក្នុង​ការ​​នាំចេញ​អង្ករ​​ទៅ​ទីផ្សារ​ពិភព​លោក ​បន្ទាប់​ពី​ប្រទេស​ ​ថៃ ​ហើយ​ឈ្មួញ​វៀតណាម​តែង​មក​​ប្រមូល​ទិញ​​ស្រូវ​ពី​កម្ពុជា​ ដើម្បី​​កិន​ជា​អង្ករ​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក និង​នាំ​ចេញ​បន្ត​ទៅ​បរទេស​។​

លោក​បន្ត​ថា ​ដោយ​សារ​វៀត​ណាម​ ជា​​ប្រទេស​ធំ មាន​ដៃ​គូ​ពាណិជ្ជកម្ម​​ច្រើន ​មាន​ទីផ្សារ​ធំ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​​ជាង​កម្ពុជា​ក្នុង​ការ​កែច្នៃ (ថ្លៃ​ដើម​ផលិត​ទាប) ជា​ហេតុ​ធ្វើ​ឲ្យ​ផលិតផល​​កម្ពុជា​ជា​ច្រើន​ត្រូវ​បាន​ឈ្មួញ​ប្រមូល​ទិញ​យក​ទៅ​កែច្នៃ ​និង​វេច​ខ្ចប់​​នៅ​​ប្រទេស ​វៀតណាម ​មុន​ពេល​​យក​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។

លោក​ថ្លែង​ថា៖​ «បើ​វៀតណាម​ជួយ​ប្រមូល​ទិញ​ស្រូវ​ជា​ការ​ល្អ តែ​កម្ពុជា​ក៏​ត្រូវ​ពង្រឹង​ខ្លួន​ឯង​ផង​ដែរ តាម​រយៈ​ការ​ខិតខំ​កែច្នៃ និង​ការ​ជួយ​សម្រួល​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​ផ្សេង​ៗ​»។

ភ្នំពេញ ​ប៉ុស្តិ៍​ មិន​អាច​ទាក់ទង​ទៅ​លោក ​វេង​ សាខុន​ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​ដើម្បី​ពន្យល់​បន្ថែម​ពី​បញ្ហា​នេះ​បាន​ទេ​។

ទោះ​ជា​បី​យ៉ាង​នេះ​ក្តី​ លោក​បាន​លើក​ឡើង​​ក្នុង​ទំព័រ​ហ្វេសប៊ុក​​​​ក្រសួង​កសិកម្ម​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ​តម្លៃ​ស្រូវ​នឹង​​​ល្អ​ប្រសើរ​ឡើង​វិញ​ក្រោយ​​​ពេល​​ចូល​ឆ្នាំ​ចិន វៀតណាម​រួច។ លោក​បាន​ចាត់​ទុក​​ថា តម្លៃ​ស្រូវ​ធ្លាក់​ចុះ​នា​ពេល​នេះ​ ដោយ​សារ​​ឈ្មួញ​វៀតណាម​មិន​បាន​ចុះ​ប្រមូល​ទិញ​ស្រប​​ពេល ​ដែល​កម្ពុជា​ខ្វះ​ឃ្លាំង​​ស្តុក ឡ​សម្ងួត​។

លោក​ថ្លែង​ថា៖ ​«ទោះ​យ៉ាង​ណា​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​នា​ពេល​នេះ​មិន​ទាន់​ដល់​កម្រិត​មួយ​ថា​ ខាត​បង់​កម្រៃ​នៅ​ឡើយ​ទេ គ្រាន់​តែ​ថា​ចំណូល​បាន​តិច​ជាង​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ ២០១៨»។

ទិន្នន័យ​​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ថា ក្នុង​ឆ្នាំ ​២០១៨ កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប​ ៦២៦​ ២២៥ ​តោន​ ធ្លាក់​ចុះ​ ​១,៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០១៧​។ ទីផ្សារ​សហភាព​អឺរ៉ុប​ ​មាន​បរិមាណ​ច្រើន​ជាង​គេ​គឺ​ចំនួន​ ២៦៩​ ១២៧ ​តោន​ និង​ប្រទេស​ ចិន ​មាន​ចំនួន​ ១៧០ ១៥៤ ​តោន​។ សហភាព​អឺរ៉ុប ​បាន​សម្រេច​យក​ពន្ធ​​នាំចូល​អង្ករ​ពី​កម្ពុជា​ និង​មីយ៉ាន់ម៉ា ទៅ​តាម​បណ្តឹង​​របស់​ប្រទេស​ ​អ៊ីតាលី និង​អេស្ប៉ាញ ​ដែល​ធ្វើ​ឲ្យ​វិស័យ​នាំចេញ​អង្ករ​​របស់​កម្ពុជា​ កាន់​តែ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​។

ទោះ​យ៉ាង​នេះ​ក្តី ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​ចិន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ចិន​បាន​​យល់​ព្រម​បង្កើន​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា​ ១០ ម៉ឺន​តោន​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​កម្ពុជា​អាច​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន​ក្នុង​កូតា​បាន​រហូត​ដល់ ​៤០ ម៉ឺនតោន​ ស្មើ​នឹង​ជាង ​៦០ ​ភាគរយ​នៃ​ការ​នាំចេញ​សរុប​របស់​កម្ពុជា​ កាល​​ពី​ឆ្នាំ​ ២០១៨៕ LA