
លោក ធុល រិទ្ធី សហស្ថាបនិករបស់គម្រោង «គម្ពីរ» បង្ហាញកុំព្យូទ័រដែលក្រុមលោកបានបង្កើតឡើងដំបូងសម្រាប់កម្ពុជា។ ហុង មិនា
ភ្នំពេញៈ កម្ពុជាគួរតាក់តែងគោលនយោបាយចាំបាច់មួយចំនួនដើម្បីត្រៀមខ្លួនទុកជាមុនដើម្បីបន្សាំទៅនឹងការវិវឌ្ឍនៃឧស្សាហកម្មទី ៤ ឬ បដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ដែលជានិន្នាការនៃការអភិវឌ្ឍវិស័យឧស្សាហកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងស្វ័យប្រវត្តិកម្ម។ នេះបើយោងតាមការអះអាងរបស់អ្នកជំនាញ។
អង្គការក្រៅរដ្ឋាភិបាលចំនួន ៣ រួមមាន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) និងអង្គការពលកម្មអន្តរជាតិ (ILO) កាលពីម្សិលមិញបានរួមគ្នារៀបចំ សិក្ខាសាលាដើម្បីពិភាក្សា និងកំណត់ពីចំណុចខ្វះខាតគោលនយោបាយនានា និងដាក់ចេញនូវអនុសាសន៍សំខាន់ៗដែលអាចជួយសម្រួលដល់ការអភិវឌ្ឍឧស្សាហកម្មទី ៤ នៅកម្ពុជា។
ថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីម្សិលមិញលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានឲ្យដឹងថា ឧស្សាហកម្មលើកទី ៤ បង្ហាញឱកាសដ៏ធំសម្រាប់ប្រទេសកម្ពុជា។ ប៉ុន្តែប្រទេសនេះនឹងត្រូវការដោះស្រាយបញ្ហាប្រឈមមួយចំនួន។
លោកស្រីបានថ្លែងថា៖ «ខ្ញុំគិតថាឧស្សាហកម្មទី ៤ កំពុងចាប់ផ្ដើមនៅក្នុងប្រទេសកម្ពុជា ហើយវាកំពុងផ្លាស់ទៅចំណុចកណ្ដាល។ វានៅតែមានដំណើរផ្លូវវែងឆ្ងាយដែលត្រូវធ្វើដំណើរ ហើយខ្ញុំគិតថាវាត្រូវការការវិនិយោគច្រើនដែលត្រូវធ្វើទាក់ទងនឹងធនធានមនុស្ស ការបណ្ដុះបណ្ដាល ហើយសំខាន់បំផុតគឺការផ្លាស់ប្តូរផ្នត់គំនិត»។
លោកស្រី Pauline ឲ្យដឹងថាមានបញ្ហា ២ ទាក់ទងនឹងការធ្វើដំណើររបស់កម្ពុជាឆ្ពោះទៅកាន់ឧស្សាហកម្មលើកទី ៤។ ទី ១ តើកម្ពុជាអាចទទួលបានបច្ចេកវិទ្យាថ្មីៗទាំងនេះ ដើម្បីជំរុញសេដ្ឋកិច្ចឲ្យទៅឲ្យហួសពីរោងចក្រ និងគ្រឿងម៉ាស៊ីនដូចម្ដេច? ហើយទី ២ ថាតើកម្ពុជាអាចបន្តធានាបាននូវកម្រិតអត្រាការងារខ្ពស់ដូចម្តេច នៅពេលខ្លួនចាកចេញពីការផលិតប្រើប្រាស់កម្លាំងពលកម្មច្រើន?
លោកស្រីបានឲ្យដឹងថា អង្គការសហប្រជាជាតិ (UN) ប្ដេជ្ញាចិត្តក្នុងការជួយកម្ពុជា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដើម្បីធ្វើឲ្យក្រុមហ៊ុនកម្ពុជាអាចក្លាយជាប្រទេសទទួលយកមុនគេ ហើយកម្មករអាចទទួលបានជំនាញ និងសមត្ថភាពថ្មី។
លោក ផាន ផល្លា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងកាលពីម្សិលមិញថា ការរៀបចំសម្រាប់សេដ្ឋកិច្ចឌីជីថល និងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មលើកទី ៤ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗរបស់រដ្ឋាភិបាលនៅអាណត្តិក្រោយ។
លោកថ្លែងថា៖ «យើងសង្ឃឹមថាការរៀបចំប្លង់ និងការបង្កើតគោលនយោបាយ និងកម្មវិធីជាក់លាក់ មានបំណងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការចាប់យកអត្ថប្រយោជន៍ដ៏មានសក្ដានុពលពីបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ព្រមទាំងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន ដោយសារបច្ចេកវិទ្យាថ្មីនេះ»៕LA