
រថភ្លើងក្រុមហ៊ុន Royal Railway ដែលប្រតិបត្តិការសព្វថ្ងៃ។ ហេង ជីវ័ន
ភ្នំពេញៈ អភិបាលខេត្តកំពតលោក ជាវ តាយ កាលពីចុងសប្តាហ៍មុនបានលើកឡើងពីគម្រោងបង្កើតក្រុមហ៊ុនមូលធនមួយស្ថិតក្រោមរូបភាពជា «គម្រោងវិនិយោគរួម» ដោយអះអាងថានឹងប្រមូលមូលនិធិវិនិយោគពីសាធារណៈក្នុងទឹកប្រាក់ ៥០ លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងរថភ្លើងល្បឿនលឿនភ្នំពេញកំពត និងព្រលានយន្តហោះ។ នេះបើយោងតាមវីដេអូឃ្លីបដែលចែករំលែកតៗគ្នាតាមបណ្តាញសង្គម។
ខណៈដែលព័ត៌មានបានផ្សព្វផ្សាយបន្តបន្ទាប់តាមបណ្តាញសង្គម អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងទីផ្សារមូលបត្របានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា គម្រោងនេះនឹងមិនងាយចេញជារូបរាងនោះទេ ហើយបញ្ជាក់ថា វានៅមានភាពខ្វះខាតច្រើនលើទិដ្ឋភាពផ្លូវច្បាប់ និងទិដ្ឋភាពសេដ្ឋកិច្ចជាក់ស្តែង។
លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងពីគំនិតផ្តួចផ្តើមគម្រោងបង្កើតក្រុមហ៊ុនមួយឈ្មោះថា ក្រុមហ៊ុនមូលធនអភិវឌ្ឍន៍កំពត នៅក្នុងកិច្ចប្រជុំមួយនៅខេត្តកំពត ដោយបញ្ជាក់ថា ក្រុមហ៊ុនថ្មីនេះមានគោលដៅប្រមូលទុន ៥០ លានដុល្លារតាមរយៈការ ចូលទុនពីសាធារណជន។
នៅក្នុងឃ្លីបវីដេអូពីកិច្ចប្រជុំនោះ លោក ជាវ តាយ បានបញ្ជាក់ថា៖ «យើងដាក់ [តម្លៃ] ភាគហ៊ុន ១ ពាន់ [ដុល្លារ] ក្នុងមួយហ៊ុន។ [ហ៊ុនសរុប] ៥ ម៉ឺនហ៊ុន ស្មើនឹង ៥០ លានដុល្លារ ដែលមានភាគហ៊ុនប្រជាជនទូទាំងប្រទេស។ អ្នកណាក៏ចូលបានដែរ។ ក្នុងនោះ ខ្ញុំសូមដាក់ហ៊ុន [...] ស្មើនឹង ៥ លានដុល្លារ ដើម្បីបើកមុខធ្វើកិច្ចការនេះ»។
លោកបានមានប្រសាសន៍បន្ថែមថា៖ «នៅពេលខាងមុខ ខេត្តកំពតនឹងមានរថភ្លើងលឿនដើម្បីធ្វើម៉េចពីភ្នំពេញមកខេត្តកំពតរយៈពេល ១ ម៉ោងឲ្យមកដល់ ហើយយើងនឹងគ្រោងឲ្យមានព្រលាន [យន្តហោះ] មួយថ្មី ដែលទាក់ទាញក្នុងស្រុក ហើយនឹងអាចទាក់ទាញជាលក្ខណៈអន្តរជាតិ»។
ក្រុមអ្នកជំនាញបានឲ្យដឹងថា ផែនការបែបនោះត្រូវបានគេហៅថា «ផែនការវិនិយោគរួម (CIS)» ដែលជាកម្មវត្ថុត្រូវមានការ យល់ព្រមពីគណៈកម្មការមូលបត្រកម្ពុជា (SECC) ហើយរហូតមកដល់ពេលនេះ និយតករមិនបានផ្ដល់ការយល់ព្រមណាមួយសម្រាប់គម្រោងបែបនេះនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។
តំណាងមកពី SECC មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក ហុង សុខហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានឲ្យដឹងថា CIS ត្រូវតែជាកម្មវត្ថុនៃការទទួលបានការអនុម័តពី SECC ហើយរហូតមកដល់ពេលនេះនិយតករមិនបានផ្ដល់ការយល់ព្រមណាមួយសម្រាប់គម្រោងនេះនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។
លោកមានប្រសាសន៍ថា៖ «ដើម្បីប្រតិបត្តិការគម្រោងបែបនោះ ពួកគេត្រូវមានការយល់ព្រមពី SECC ជាមុន បើមិនអ៊ីចឹងទេ ពួកគេមិនមានសិទ្ធិប្រើមូលនិធិនោះទេ»។
លោក អុីវ រ៉ាណ្ណារិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុនមូលបត្រ RHB Indochina Securities Plc បានឲ្យដឹងពីម្សិលមិញថា ផែនការនេះត្រូវបានលើកឡើងដោយមិនមានមូលដ្ឋានគ្រប់គ្រាន់ ទាក់ទងនឹងទិដ្ឋភាពច្បាប់ និងទស្សនៈសេដ្ឋកិច្ច។
លោកបានថ្លែងថា៖ «ក្រៅពីទិដ្ឋភាពច្បាប់ វាមិនធ្វើឲ្យមានភាពសមស្របផ្នែកសេដ្ឋកិច្ចណាមួយនោះទេ»។
អ្នកជំនាញហិរញ្ញវត្ថុមួយរូប ដែលស្នើសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីម្សិលមិញថា គម្រោងដែលលើកឡើងដោយអភិបាលខេត្តនេះ នឹងមិនលេចចេញជារូបរាងនោះទេ ដោយអ្នកជំនាញរូបនេះថ្លែងថា វាដូចជាការស្រមៃ និងគ្មានមូលដ្ឋាន៕ LA