ភ្នំពេញៈ ចំនួនអ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជាសរុបនៅឆមាសទី ១ ឆ្នាំ ២០១៦ នេះមានជាង ៣,៤ លាននាក់ដែលជាកំណើនតិចតួចបំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមទិន្នន័យពីក្រុមហ៊ុនកម្ពុជាអ៊ែរផត។
ទិន្នន័យដែលទទួលបានពីកម្ពុជា អ៊ែរផត ដែលប្រតិបត្តិការលើអាកាសយានដ្ឋានទាំងបីរបស់កម្ពុជារួមមានភ្នំពេញ សៀមរាប និងព្រះសីហនុបង្ហាញថាចរាចរណ៍អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះទាំងបីនេះមានកំណើន ៥ ភាគរយបើធៀបនឹងឆ្នាំទៅ។
លោក ខែក នរិន្ទដា នាយកផ្នែកទំនាក់ទនងសាធារណៈក្រុមហ៊ុនកម្ពុជា អ៊ែរផត បានឲ្យដឹងថាគិតចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានអ្នកដំណើរឆ្លងកាត់សរុប ១,៦ លាននាក់កើនឡើង ១០ ភាគរយហើយអាកាសយានដ្ឋានសៀមរាបវិញមានអ្នកដំណើរឆ្លងកាត់ ១,៧ លាននាក់កើនតែ ១ ភាគរយប៉ុណ្ណោះខណៈអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានអ្នកដំណើរប្រមាណ ១ សែននាក់។
លោកថ្លែងថា៖ «យើងព្យាករថាចំនួនអ្នកដំណើរតាមអាកាសយានដ្ឋានទាំងបីបូកបញ្ជូលគ្នានឹងអាចមានកំណើនរង្វង់ ៥ ភាគរយនេះទៀតសម្រាប់ឆមាសទីពីរ»។
ខណៈចំនួនអ្នកដំណើរបន្តកើនឡើងទោះបីជាមានអត្រាទាបក្តីក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបន្ថែមប្រតិបត្តិការជើងហោះហើររបស់ពួកគេមកកម្ពុជា។ យោងតាមទិន្នន័យពីក្រុមហ៊ុនកម្ពុជា អ៊ែរផត អាកាសយានដ្ឋានអន្តរជាតិទាំងបីនេះមានជើងហោះហើរសរុប ៧ ម៉ឺនជើងកាលពីឆ្នាំ ២០១៥ កើនឡើង ៩ ភាគរយពីឆ្នាំ ២០១៤។
លោក ឆឺយ ឆន អនុប្រធានមន្ទីទេសចរខេត្តសៀមរាបបានអះអាងថាចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តសៀមរាបគិតចាប់ពីខែមករាដល់ខែមិថុនាមានចំនួនប្រហាក់ប្រហែលគ្នានឹងឆ្នាំមុនដែរហើយលោកសង្កេតឃើញមានការធ្លាក់ចុះភ្ញៀវទេសចរអឺរ៉ុបបើទោះបីជាមានការកើនឡើងខ្លះនៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ីរួមមានចិន កូរ៉េ និងជប៉ុនក៏ដោយ។
លោកបន្តថា៖ «ភ្ញៀវអឺរ៉ុបជាភ្ញៀវចាយលុយច្រើនជាងភ្ញៀវមកពីប្រទេសផ្សេងៗអ៊ីចឹងការធ្លាក់ចុះនេះធ្វើឲ្យពាណិជ្ជកម្មរបស់អាជីវករនៅក្នុងខេត្តយើងខ្លះហ្នឹងក៏រងផលប៉ះពាល់ខ្លះៗដែរ។ អ្នកខ្លះថាលក់ដូរបានចំណូលតិចជាងមុន»។
ការកើនឡើងអ្នកដំណើរមកពីប្រទេសចិនគឺជាចំណែកយ៉ាងចម្បងមួយក្នុងការបង្កើនចំនួនអ្នកដំណើរតាមអាកាសយានដ្ឋានក្នុងអំឡុងពេលនេះ។
កាលពីឆ្នាំមុនអ្នកដំណើរជនជាតិចិនប្រហែល ៤៨ ម៉ឺននាក់បានមកទស្សនាប្រទេសកម្ពុជាដែលចំនួននេះបានកើនឡើងប្រមាណ ២៧ ភាគរយកាលពីឆ្នាំ ២០១៤។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍នៅកម្ពុជាបានលើកឡើងថាភាពនៅទ្រឹងនៃចំនួនអ្នកដំណើរមកខេត្តសៀមរាបបានធ្វើឲ្យស្ថានភាពអាជីវកម្មនៅខេត្តគោលដៅទេសចរណ៍របស់កម្ពុជាមួយនេះហាក់មិនសូវដំណើរការល្អដូចការរំពឹងទុកឡើយ។ អ្នកស្រីបន្តថាការមិនសូវមានកំណើនល្អនៃអ្នកធ្វើដំណើរតាមផ្លូវអាកាសមកកម្ពុជាគឺជាសញ្ញាមិនល្អដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍រួមមានក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ នៅភោជនីយដ្ឋានជាដើម។
អ្នកស្រីបន្តថា៖ «ការកើនឡើងតិចអ៊ីចឹងធ្វើឲ្យយើងពិបាកក្នុងការពង្រីកអាជីវកម្មរបស់យើងទៀត។ តាមពិតអាជីវកម្មរបស់ពួកយើងនៅតែកើនដែរតែវាដូចជាទាបជាងអ្វីដែលយើងបានរំពឹងទុក»។
កម្ពុជារំពឹងថានឹងទទួលបានទេសចរបរទេស ៧ លាននាក់នៅឆ្នាំ ២០២០៕ LA