
ក្រាហ្វិកបង្ហាញពីផែនទីព្រលានយន្តហោះទាំងបីនៅកម្ពុជា និងចំនួនអ្នកដំណើរ និងជើងហោះហើរក្នុងព្រលាននីមួយៗ។ ដោយ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ខណៈតួលេខបង្ហាញថាអ្នកដំណើរតាមផ្លូវអាកាសចូលមកកម្ពុជាបានបង្ហាញពីកំណើនរឹងមាំនៅឆមាសទី ១ ឆ្នាំ ២០១៨ មន្ត្រីក្រុមហ៊ុនរំពឹងថា ព្រលានយន្តហោះទាំង ៣ របស់កម្ពុជានឹងទទួលបានអ្នកដំណើរ ១០ លាននាក់នៅឆ្នាំនេះ។
របាយការណ៍បង្ហាញថាកំណើនអ្នកដំណើរភាគច្រើនត្រូវបាននាំមុខដោយអ្នកដំណើរមកពីប្រទេសក្នុងតំបន់អាស៊ី ពិសេសប្រទេសចិន។ នេះបើតាមទិន្នន័យដែលភ្នំពេញ ប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ។
តួលេខបានពីក្រុមហ៊ុនព្រលានយន្តហោះ Cambodia Airports បានបង្ហាញថា ចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិទាំង ៣ របស់កម្ពុជាមានចំនួន ៥,២ លាននាក់ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះ។ ចំនួននេះបានកើនឡើង ២៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ខែក នរិន្ទដា នាយកផ្នែកទំនាក់ទំនងនៅក្រុមហ៊ុន Cambodia Airports បានថ្លែងថាក្រុមហ៊ុននេះមានទំនុកចិត្តថា បរិយាកាសសេដ្ឋកិច្ចមានប្រយោជន៍ខ្លាំងចំពោះកំណើនក្នុងចរាចរណ៍ផ្លូវអាកាស។
លោកបន្ថែមថា និន្នាការនៅឆមាសទី ២ គួរតែរក្សាដូចគ្នានៅឆមាសទី ១ ដែលនឹងធ្វើឲ្យព្រលានយន្តហោះទាំង ៣ ទទួលបានអ្នកដំណើរសរុប ១០ លាននាក់ក្នុងឆ្នាំ ២០១៨។ លោកថ្លែងថា៖ «យើងមានសុទិដិ្ឋនិយមសមហេតុផល ហើយយើងអាចទទួលបានអ្នកដំណើរ ១០ លាននាក់ជាលើកដំបូងនៅព្រលានយន្តហោះទាំង ៣ នេះ»។
លោកបន្ថែមថាចរាចរណ៍អ្នកដំណើរ គួរតែមិនមានផលប៉ះពាល់ដោយសារការបោះឆ្នោតជាតិនៅខែកក្កដានោះទេ។ លោកបញ្ជាក់ថា៖ «យើងអាចមើលឃើញកំណើនចរាចរណ៍ខ្ពស់ខ្លាំងក្នុងចំនួន ២០,៦ ភាគរយនៅត្រីមាសទី ២ ដែលជាធម្មតាជារដូវមានអ្នកធ្វើដំណើរតិច»។
ក្នុងអំឡុងឆមាសទី ១ ឆ្នាំនេះព្រលានយន្តហោះអន្តរជាតិទទួលបានអ្នកដំណើរសរុប ២,៦ លាននាក់ កើនឡើង ៣២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។
របាយការណ៍បង្ហាញថាចរាចរណ៍អ្នកដំណើរតាមព្រលានយន្តហោះអន្តរជាតិសៀមរាបបានកើនឡើង ១២ ភាគរយដោយមានអ្នកដំណើរ ២,៣ លាននាក់ ខណៈព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុបានមើលឃើញចំនួនអ្នកដំណើរបានកើនឡើង ៧០ ភាគរយរហូតដល់ ២៤០ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះមិនបានបែងចែកចំនួនអ្នកដំណើរតាមប្រទេសនោះទេ ប៉ុន្តែបានបញ្ជាក់ថាកំណត់ត្រាកំណើនចរាចរណ៍ខ្ពស់ ត្រូវបានជំរុញដោយលំហូរចូលយ៉ាងខ្លាំងនៃអ្នកដំណើរមកពីបណ្ដាប្រទេសនៅអាស៊ី ជាពិសេសចិន បន្ទាប់មកវៀតណាម កូរ៉េខាងត្បូង និងថៃ។
តួលេខនេះបន្ថែមថាខេត្តព្រះសីហនុគឺជារមណីយដ្ឋានតំបន់ឆ្នេរដ៏សំខាន់របស់កម្ពុជាកំពុងក្លាយជាទិសដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរអាស៊ី។
ក្រុមហ៊ុន Cambodia Airports នៅខែនេះស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរចុងក្រោយគេគឺក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ខណៈក្រុមហ៊ុននេះចាប់ផ្ដើមដំណើរការជើងហោះហើរក្នុងស្រុកជាលើកដំបូងកាលពីថ្ងៃទី ១០ ខែកក្កដាហើយរៀបចំផែនការសម្រាប់ជើងហោះហើរអន្តរជាតិនៅថ្ងៃទី ២១ ខែកក្កដាខាងមុខនេះ ។
អ្នកស្រី សុក រ៉ាវី អ្នកគ្រប់គ្រងផ្នែកទីផ្សារ និងយីហោក្រុមហ៊ុន Cambodia Airports បានថ្លែងថាមានឱកាសច្រើនក្នុងការរីកចម្រើននៅក្នុងអាជីវកម្មអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជាដោយសារឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះកំពុងរីកចម្រើន។ អ្នកស្រីថ្លែងថា៖ «យើងជឿជាក់ថាឧស្សាហកម្មទេសចរណ៍នឹងរក្សាកំណើនប្រកបដោយស្ថិរភាពដែលនឹងជំរុញតម្រូវការសេវាក្រុមហ៊ុនអាកាសចរណ៍គុណភាពល្អ»។
តួលេខក្រុមហ៊ុន Cambodia Airports បង្ហាញថាក្រុមហ៊ុនអាកាសចរណ៍ ៤៥ កំពុងប្រតិបត្តិការនៅក្នុងព្រលានយន្តហោះអន្តរជាតិទាំង ៣ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ ៩ គឺជាប្រតិបតិ្តករក្នុងស្រុក។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញទទួលបានជើងហោះហើរ ១៣៥ ក្នុង ១ ថ្ងៃជាមធ្យមព្រលានយន្តហោះ អន្តរជាតិសៀមរាបត្រូវបានរាយការណ៍ពីជើងហោះហើរ ១០០ ក្នុង ១ ថ្ងៃជាមធ្យម ខណៈព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុទទួលបានជើងហោះហើរចំនួន ១៥ ក្នុង ១ ថ្ងៃជាមធ្យម៕ LA