ភ្នំពេញៈ ចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិទាំង ៣ របស់ប្រទេសកម្ពុជា បានធ្លាក់ចុះប្រមាណ ៨១ ភាគរយ នៅក្នុងឆ្នាំ ២០២០ ធៀបនឹងឆ្នាំ ២០១៩ ខណៈចរាចរណ៍ទំនិញបានធ្លាក់ចុះ ៣០ ភាគរយ ដែលបណ្តាលពីការរឹតបន្តឹងការធ្វើដំណើរលើពិភពលោកក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩។
លោក ខែក នរិន្ទដា នាយកផ្នែកទូរគមនាគមន៍ និងទំនាក់ទំនងសាធារណៈក្រុមហ៊ុន Cambodia Airports បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា ការរឹតបន្តឹងការធ្វើដំណើរលើពិភពលោក និងការរឹតបន្តឹងលក្ខខណ្ឌតម្រូវចូលប្រទេសកម្ពុជាដែលកំពុងតែអនុវត្តជាធរមាន (ពិសេសមកពីប្រទេសចិន) ការចរាចររបស់អ្នកដំណើរ គឺបានប៉ះពាល់យ៉ាងខ្លាំងដែលធ្វើឱ្យចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិទាំង ៣ នៅប្រទេសកម្ពុជាធ្លាក់ចុះប្រមាណ ៨១,៣ ភាគរយក្នុងរយៈពេលពេញ ១ ឆ្នាំ ២០២០។
លោក នរិន្ទដា បានកត់សម្គាល់ថា បើពិចារណាលើផលប៉ះពាល់ជាច្រើនដោយសារតែវិបត្តិជំងឺកូវីដ ១៩ លើសេដ្ឋកិច្ចពិភពលោក និងវិស័យអាកាសចរណ៍ ការចរាចរទំនិញទទួលរងការធ្លាក់ចុះ ២៩,៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។
លោកឱ្យដឹងថា ការកាត់បន្ថយជើងហោះហើរពាណិជ្ជកម្មចំនួនច្រើន និងសមត្ថភាពដឹកជញ្ជូនទំនិញបានរារាំងតម្រូវការដឹកទំនិញតាមផ្លូវអាកាស។
លោកថ្លែងថា៖ «ការមានចក្ខុវិស័យច្បាស់លាស់គឺជាបញ្ហាប្រឈម ខណៈដែលស្ថានការជំងឺកូវីដ ១៩ កំពុងបន្ត និងវិវត្តយ៉ាងរហ័ស។ បច្ចុប្បន្នយើងពឹងផ្អែកលើជើងហោះហើរទៅមកពីទីក្រុងមួយចំនួនរបស់ប្រទេសចិន សិង្ហបុរី និងកូរ៉េខាងត្បូង ហើយយើងមិនរំពឹងថា នឹងមានការផ្លាស់ប្តូរច្រើនក្នុងរយៈពេល ៣ ខែក្រោយនោះទេ»។
លោកលើកឡើងថា៖ «និន្នាការធ្លាក់ចុះដោយសារតែវិធានការរឹតបន្តឹងការធ្វើដំណើរ និងការធ្វើចត្តាឡីស័ក»។
ប្រធានសមាគមភ័ស្ដុភារកម្មកម្ពុជាលោក ស៊ិន ចន្ធី បានប្រាប់ថា ស្ថានការណ៍ដឹកជញ្ជូនទំនិញផ្លូវអាកាសមិនទាន់មានភាពវិជ្ជមានទេ ប៉ុន្តែសកម្មភាពដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកកំពុងត្រឡប់ទៅមករកភាពធម្មតាវិញហើយ។ លោកបន្តថា៖ «យើងបានមើលឃើញការធ្លាក់ចុះការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសកាលពីឆ្នាំមុន។ យើងមិនអាចប៉ាន់ប្រមាណនៅពេលណាវានឹងមានភាពប្រសើរឡើងវិញទេ»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា ធ្លាប់បាននិយាយថា ការធ្លាក់ចុះចំនួនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងអំឡុងពេលនេះគឺដោយសាររដ្ឋាភិបាលហាមឃាត់ការចេញទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ។
លោកស្រីប្រាប់ថា៖ «ជាលទ្ធផល ការដឹកជញ្ជូនទំនិញអនុវត្តតាមគំរូដូចគ្នា។ នៅពេលមិនមានភ្ញៀវទេសចរចូល និងចេញទៅវិញ តម្រូវការទំនិញមានការធ្លាក់ចុះតាមនោះដែរ»។
លោកស្រីបញ្ជាក់ថា៖ «យើងនៅតែមើលឃើញប្រជាជនធ្វើដំណើរមកប្រទេសកម្ពុជា ស្វែងរកឱកាសវិនិយោគដោយសង្ឃឹមយ៉ាងខ្លាំងពីការចាប់ផ្ដើមការវិនិយោគថ្មីក្នុងប្រទេសរបស់យើង»។
លោកស្រីបន្ថែមថា៖ «យើងទទួលស្គាល់ថា មានការធ្លាក់ចុះ។ ខណៈដែលជំងឺកូវីដ១៩បានរឹតបន្តឹងការធ្វើដំណើរ រដ្ឋាភិបាលបានបញ្ឈប់ការចេញទិដ្ឋាការសម្រាប់អ្នកដំណើរ។ នៅពេលនេះយើងផ្ដល់ទិដ្ឋាការឱ្យតែពាណិជ្ជករ និងអ្នកការទូតប៉ុណ្ណោះមិនមែនភ្ញៀវទេសចរទេ ដូច្នេះទំហំនៃការធ្លាក់ចុះអ្នកដំណើរមានទំហំធំ»។
បច្ចុប្បន្ននៅកម្ពុជាមានក្រុមហ៊ុនដឹកជញ្ជូនទំនិញចំនួន ៦ កំពុងប្រតិបត្តិការបម្រើការហោះហើរទៅមករវាងទីក្រុងហុងកុង អ៊ីស្លាម៉ាបាត ហៃ ដ្រាបាត ឌូបៃ ដូហា ដូបៃ អេមីរ៉ាតអារ៉ាប់រួម និងទីក្រុងបាងកក។ នេះបើយោងតាមលោក ខែក នរិន្ទដា។
កាលពីឆ្នាំ ២០១៩ ចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិកម្ពុជាមានចំនួនជិត ១១,៦ លាននាក់ ក្នុងនោះជាង ៦ លាននាក់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង ៣,៩ លាននាក់នៅព្រលានយន្តហោះអន្តរជាតិសៀមរាប។
ចាប់ពីមូលដ្ឋានទាប ប៉ុន្តែទទួលបានកំណើន ៣ ខ្ទង់ ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុទទួលអ្នកដំណើរបានជាង ១,៦ លាននាក់។ ចំណតទទួលអ្នកដំណើរទាំង ៣ បម្រើទិសដៅ ៥៥ និងស្វាគមន៍ជើងហោះហើរទៀងទាត់ ៧០០ ក្នុង ១ សប្ដាហ៍។ នេះបើយោងតាមក្រុមហ៊ុន Cambodia Airports៕ LA
វីដេអូ៖