ភ្នំពេញៈ គម្រោង​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​មគ្គុទ្ទេសក៍​ទេសចរណ៍​ជា​សំឡេង​របស់​ក្រុមហ៊ុន Angkor Audio នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការតវ៉ា​ពី​សំណាក់​មគ្គុទ្ទេសក៍​ទេសចរណ៍​ក្នុង​ស្រុក ដោយ​ពួកគេ​អះអាង​ថា​កម្មវិធី​នេះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ការងារ​របស់​ពួកគេ​។

ក្រុមហ៊ុន Angkor Audio គឺជា​ក្រុមហ៊ុន​បង្កើត​ឡើង​ក្នុង​ស្រុក​ដែល​បាន​អភិវឌ្ឍ​កម្មវិធី​មគ្គុទ្ទេសក៍​ទេសចរណ៍​ជា​សំឡេង​ដែល​មាន ១៤ ភាសា​សម្រាប់​ទេសចរ​បរទេស​ដោយ​មិន​បាច់​ជួល​មគ្គុទ្ទេសក៍​ទេសចរណ៍​ក្នុង​ការនាំ​ផ្លូវ​នោះ​ឡើយ​។

កម្មវិធី​នេះ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​ផ្លូវការ​នៅ​ឆ្នាំ​ ២០១៩ ដែល​នឹង​ផ្តល់​តម្លៃ ២,៩៩ ​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​រយៈពេល​ ១ ​ខែ​ដំបូង​។ បច្ចុប្បន្ន​​ក្រុមហ៊ុន​នេះ​បាន​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​កម្មវិធី​នេះ​រួច​ហើយ​ដោយ​មាន​អ្នក​ប្រើប្រាស់​ជាង​ ៣ ​ម៉ឺន​នាក់​។

លោក ហែម សោភ័ន្ត មគ្គុទេ្ទសក៍​ទេសចរណ៍​ជាតិ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​នាំ​ភ្ញៀវទេសចរ​កម្រិត​ជាតិ​តាំងពី​ឆ្នាំ​ ២០០៨ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា​ការ​ប្រើប្រាស់​ឧបករណ៍​មគ្គុទេ្ទសក៍​សំឡេង​សម្រាប់​ពន្យល់​ណែនាំ​ដល់​ភ្ញៀវទេសចរ​បរទេស​ជំនួស​មគ្គុទ្ទេសក៍​ទេសចរណ៍​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ការងារ​អ្នក​ធ្វើការ​ក្នុង​វិស័យ​នេះ​។

លោក​បន្ត​ថា​៖ «​ក្រសួង​ទេសចរណ៍​គួរតែ​ពិចារណា​ក្នុងការ​ប្រើប្រាស់​មគ្គុទ្ទេសក៍​ឲ្យ​បាន​ច្រើន ខណៈ​ជា​រៀងរាល់​ឆ្នាំ​ក្រសួង​តែងតែ​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មគ្គុទ្ទេសក៍​ជា​បន្តបន្ទាប់​។ តើ​មគ្គុទ្ទេសក៍​ទាំងនោះ​មាន​អ្វី​ធ្វើ​?»​។

តាម​លោក ហែម សោភ័ន្ត បច្ចុប្បន្ន​កម្ពុជា​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រមាណ​ជិត ១០ ០០០ ​នាក់​កំពុង​ប្រកប​ការងារ​ក្នុង​វិស័យ​នេះ​។ លោក​បន្ត​ថា បើ​ឧបករណ៍​នេះ​ដាក់​ឲ្យ​ដំណើរ​ទូលំទូលាយ វា​អាច​ធ្វើឲ្យ​ខូច​ប្រយោជន៍​ដល់​ក្រុម​មគ្គុទ្ទេសក៍​។

លោក កែស ថេង មគ្គុទេ្ទសក៍​ភាសា​អេស្ប៉ាញ​នៅ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹងថា លោក​ប្រឆាំង​ចំពោះ​ការដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​នេះ​ដែល​ធ្វើឲ្យ​ពួកលោក​ប្រឈម​នឹង​ការបាត់បង់​ការងារ​។

លោក​ថ្លែង​ថា​៖ «​ក្នុង​នាម​ជា​មគ្គុទេ្ទសក៍​ទេសចរណ៍​ ១ ​រូប ខ្ញុំ​សូម​ធ្វើការ​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ក្រុមហ៊ុន​ ១ ដែល​គ្រោង​ដំណើរការ App មគ្គុទេ្ទសក៍​សំឡេង​នៅ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​»​។

លោក​បាន​បន្ត​ថា​នេះ​មិនមែន​ជា​វិធី​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ទេ​៖ «​ប៉ុន្តែ​វា​ជា​វិធីសាស្ត្រ​ជាន់ក​ប្រជាពលរដ្ឋ​បន្ថែម​។ តើ​លោក​អ្នក​ចង់ឃើញ​ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ​ជា​មគ្គុទេ្ទសក៍​ទេសចរណ៍​ទាំង​តំបន់​ប្រវត្តិសាស្ត្រ​ក្នុង​សារមន្ទីរ​រាប់ពាន់​នាក់​អត់​ការងារ​ធ្វើ​មែន​ទេ​?»​។

មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ដើម្បី​ចង់​ដឹង​ពី​វិធានការ​លើ​បញ្ហា​នេះ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ ខណៈ​អ្នក​នាំពាក្យ​ក្រសួង​នេះ​មិន​លើក​ទូរស័ព្ទ​។

ជាមួយ​នឹង​ការស្វាគមន៍​លើ​ការបង្កើត​ឧបករណ៍​នេះ​ដើម្បី​ជួយ​ជំរុញ​ដល់​កំណើន​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លើក​ឡើង​ថា ឧបករណ៍​នេះ​ក៏​អាច​ធ្វើឲ្យ​មគ្គុទ្ទេសក៍​ទេសចរណ៍​មួយ​ចំនួន​អាច​បាត់បង់​អាជីព​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ជឿ​ថា​ក្រសួង​នឹង​ធ្វើការ​ត្រិះរិះ​ពិចារណា​ដើម្បី​ធ្វើ​យ៉ាងណា​សម្រប​សម្រួល​ការងារ​នេះ​ជាមួយ​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​។ វា​នឹង​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​»​។

បើ​តាម​លោក​ វណ្ឌី ការប្រើប្រាស់​ឧបករណ៍​នេះ​មាន​ច្រើន​មក​ហើយ​នៅ​តាម​តំបន់​ប្រវត្តិសាស្ត្រ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​នៅ​តាម​តំបន់​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្ត​សៀមរាប​ទើប​មាន​តិចតួច​ប៉ុណ្ណោះ​។

ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា​ក្នុង​រយៈពេល​ ៥ ​ខែ​ដំបូង​​ឆ្នាំ​ ២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស ២,៦ ​លាន​នាក់​កើនឡើង ១៣,៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៧​។ តាម​ការ​ព្យាករ​នៅ​ឆ្នាំ​ ២០១៨ ​នេះ​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវទេសចរ ៦,២ ​លាន​នាក់ និង​ ៧ ​លាន​នាក់​ក្នុង​ឆ្នាំ​ ២០២០៕LA