ភ្នំពេញៈ រថយន្តក្រុង ៦០ គ្រឿងនឹងត្រូវដាក់ដំណើរការចាប់ពីថ្ងៃទី ១២ ខែ មេសា ដល់ថ្ងៃទី ១៨ ខែ មេសា សម្រាប់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃតាមទិសដៅផ្លូវជាតិលេខ ១ និងលេខ ៥ ខណៈអ្នកបើកបររថយន្តឈ្នួលឯកជន ដែលតែងតែយកថ្លៃសេវាខ្ពស់ ក្នុងអំឡុងពេលបុណ្យទាន កាលពីថ្ងៃម្សិលមិញ បានប្រតិកម្មចម្រុះចំពោះការប្រកាសរបស់រដ្ឋាភិបាលពីការផ្តល់សេវាដឹកជញ្ជូនឥតគិតថ្លៃនេះ។
សេចក្តីប្រកាសរបស់សាលារាជធានី ភ្នំពេញ ពីការផ្តល់សេវារថយន្តក្រុងឥតគិតថ្លៃនេះ ធ្វើឡើងបន្ទាប់ការប្រកាសផ្តល់សេវារថយន្តក្រុងដោយឥតគិតថ្លៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើទំព័របណ្តាញហ្វេសប៊ុក កាលពីថ្ងៃអាទិត្យ។
ទោះជាយ៉ាងណា មន្ត្រីសាលារាជធានីអះអាងថា នឹងមិនមានការរៀបចំប្រព័ន្ធដើម្បីគ្រប់គ្រងលើការដឹកជញ្ជូននេះទេ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា សាលារាជធានីនឹងប្រើប្រាស់រយៈពេលមួយសប្តាហ៍ក្រោយនេះ ដើម្បីសិក្សាបញ្ចប់ពីការត្រៀមរៀបចំសេវារថយន្តក្រុងដោយឥតគិតថ្លៃនេះ។
នៅពេលសួរថាតើនឹងមានប្រព័ន្ធលក់សំបុត្រមួយដើម្បីគ្រប់គ្រងអ្នកធ្វើដំណើរ ឬកំណត់ថា តើនរណានឹងទទួលបានកៅអីធ្វើដំណើរតាមរថយន្តក្រុងនេះ ឬ យ៉ាងណានោះ អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា បញ្ហានេះនឹងត្រូវបានកំណត់ដោយផ្អែកលើអ្នកមកបានមុន។
លោកថ្លែងថា៖ «យើងនឹងមិនចេញសំបុត្រទេ ហើយយើងក៏គ្មានលក្ខខណ្ឌតម្រូវដែរ។ បញ្ហាថា តើនរណាមកដល់មុន ទទួលបានសេវាមុន និងឥតគិតថ្លៃ»។ លោកបានបន្តថា៖ «រថយន្តក្រុងនេះនឹងចាកចេញពេលកៅអីដឹកអ្នកដំណើរពេញ ហើយព័ត៌មានលម្អិតអំពីកន្លែងឈប់ និងទិសដៅធ្វើដំណើរនឹងត្រូវប្រកាសជាក្រោយ»។
រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញប្រមាណ ៦០ គ្រឿង ដែលរថយន្តភាគច្រើនជាអំណោយរបស់ប្រទេសចិនផ្តល់ជូនកាលពីឆ្នាំមុន នឹងត្រូវប្រើប្រាស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរពីចំណុច ៣ កន្លែងនៅទីក្រុងភ្នំពេញ។
រថយន្តក្រុងដែលបច្ចុប្បន្នកំពុងប្រតិបត្តិការក្នុងទីក្រុង ភ្នំពេញ មានទាំងរថយន្ត ២៥ កៅអី ៣៥ កៅអី ឬ ៥០ កៅអី ទំនងជាមានន័យថា ចំនួនអ្នកដំណើរអតិបរមាដែលអាចធ្វើដំណើរតាមរថយន្តក្រុងក្នុងមួយថ្ងៃនឹងមានប្រមាណ ៣ ពាន់នាក់។
ប៉ុន្តែ លោក មាសភក្តី បានបដិសេធផ្តល់ព័ត៌មានជាក់លាក់អំពីទំហំរថយន្ត ដែលនឹងត្រូវយកមកប្រើប្រាស់ដើម្បីផ្តល់សេវាកម្មនៅថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
ជាមួយនឹងការផ្តល់ជូនពីរដ្ឋាភិបាលនេះ បានធ្វើឲ្យអ្នករត់តាក់ស៊ីខ្លះមិនសប្បាយចិត្ត ដោយអះអាងថានឹងប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ។
លោក នួន ឈុនរី អ្នកបើកបររថយន្តឈ្នួល ១២ កៅអី ដែលដឹកអ្នកដំណើរពីភ្នំពេញទៅខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ ៥ មិនសប្បាយចិត្តចំពោះការប្រកាសនេះទេ ព្រោះនឹងធ្វើឲ្យប៉ះពាល់ប្រាក់ចំណូលរបស់គាត់។
លោកលើកឡើងថា៖ «ខ្ញុំនឹងមានអ្នកជិះកាន់តែតិច ហើយរកប្រាក់ចំណូលបានកាន់តែតិច ហើយរដូវបុណ្យទានគឺជាពេលដែលខ្ញុំរកប្រាក់បានច្រើន»។
ទោះបីយ៉ាងនេះក្តី លោក សេង បូណា អ្នកបើកបររថយន្តឈ្នួលម្នាក់ទៀត ដែលផ្តល់សេវារថយន្តឈ្នួលតាមផ្លូវជាតិលេខ ៥ ពីភ្នំពេញទៅខេត្ត បាត់ដំបង បានឲ្យដឹងថា លោកមិនបារម្ភអំពីផលប៉ះពាល់ចេញពីការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីនេះទេ។
លោកនិយាយថា៖ «ខ្ញុំរីករាយដែលបានឮដំណឹងនេះ ពីនាយករដ្ឋមន្ត្រី វានឹងជួយអ្នកដែលមិនសូវមានប្រាក់»។ លោកបន្តថា៖ «អ្នកដំណើរមួយលាននាក់ នឹងចាកចេញទៅអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ហើយច្រើន ឬតិច ខ្ញុំជឿជាក់ថា ខ្ញុំនឹងទទួលបានអ្នកដំណើរនៅថ្ងៃនោះ»។
លោក មាសភក្តី បានទទួលស្គាល់ថា វិធានការនេះនឹងទំនងជាប៉ះពាល់ដល់អ្នកបើកបររថយន្តឈ្នួលមួយចំនួន ប៉ុន្តែលោកបានបញ្ជាក់ថា រដ្ឋាភិបាលផ្តល់សេវាដោយឥតគិតថ្លៃក្នុងការប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងអ្នករកស៊ីក្នុងវិស័យនេះ ដែលជាផ្នែកមួយនៃទីផ្សារសេរី។
លោកថ្លែងថា៖ «យើងគប្បីព្រួយបារម្ភជា-មួយនឹងអត្ថប្រយោជន៍របស់មនុស្សគ្រប់គ្នា។ ច្បាស់ណាស់ វានឹងប៉ះពាល់ដល់អ្នកបើកបររថយន្តក្នុងស្រុកមួយចំនួន តែវាគឺជាទីផ្សារសេរី គ្មានបញ្ហាទេថាសេវាកម្មនេះជារបស់រដ្ឋាភិបាល ឬមិនមែននោះ»។
យោងតាមអ្នកនាំពាក្យរូបនេះ ទិសដៅទទួលអ្នកដំណើរចំនួន ៣ កន្លែង ត្រូវបានគ្រោងទុកនៅផ្លូវបំបែកផ្លូវជាតិលេខ ៤ និងផ្លូវកប់ស្រូវ ទីលានប្រជាធិបតេយ្យនៅសង្កាត់ឫស្សីកែវ និងក្បែរហាងលក់រថយន្ត Mercedes មហាវិថី សម្តេច ហ៊ុន សែន៕ BP