ខណៈពេលដែលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ហាក់មិនមានការកើនឡើងខ្ពស់ដែលបណ្តាលឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីប្រទេសនីមួយៗនោះ ការចាប់ផ្តើមបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញក៏កំពុងដំណើរការជាបន្តបន្ទាប់ ដើម្បីស្តារឡើងវិញនូវផលប៉ះពាល់ពីវិបត្តិនេះ។
ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាក៏បានចេញនូវសេចក្តីប្រកាសក្នុងការអនុញ្ញាតឲ្យមានការបើកដំណើរការឡើងវិញនូវហាង ភោជនីយដ្ឋាន ខារ៉ាអូខេ សាលារៀន និងកាស៊ីណូដោយតម្រូវឲ្យរក្សានូវអនាម័យ និងមានការប្រុងប្រយ័ត្នខ្ពស់ដល់សុវត្ថិភាពអតិថិជន។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវនៅរាជបណ្ឌិត្យសភាបានផ្តល់បទសម្ភាសន៍ដាច់ដោយឡែកជាមួយលោក ម៉ៃ គុណមករា ការីនិពន្ធព័ត៌មានសេដ្ឋកិច្ចនៃកាសែត ភ្នំពេញប៉ុស្តិ៍អំពីផលប៉ះពាល់នៃជំងឺកូវីដ ១៩ និងវិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញនៃសេដ្ឋកិច្ច។
ក្នុងអំឡុងពេលនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ ១៩ នេះ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការរឹតបន្តឹងការចំណាយ តើយន្តការនេះអាចជួយបានកម្រិតណាដើម្បីស្តារសេដ្ឋកិច្ច និងគាំពារសង្គម?
នេះគ្រាន់តែជាកញ្ចប់ទឹកប្រាក់សង្គ្រោះរយៈពេលខ្លីក្នុងការដោះស្រាយអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ដែលមានប្រមាណ ២៥ លានដុល្លារ ក្នុង ១ ខែៗដែលរដ្ឋាភិបាលបានចំណាយ ហើយអាចមានការបង្កើនបន្ថែមទៀតក្នុងការផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងអំឡុងពេលកូវីដនេះ។
តែអ្វីដែលយើងសង្កេតឃើញអំពីផែនការក្នុងការធ្វើពិពិធកម្មរយៈពេលវែងនោះគឺរដ្ឋាភិបាលសម្រេចបាននូវការចរចាពាណិជ្ជកម្មសេរីជាមួយចិនដែលជាប្រទេសមានសេដ្ឋកិច្ចដ៏ធំក្នុងតំបន់ ហើយក៏កំពុងធ្វើការចរចាជាមួយកូរ៉េខាងត្បូង និងកំពុងសិក្សាដើម្បី ចរចាជាមួយឥណ្ឌាថែមទៀតដែលនេះគឺជាយន្តការរយៈពេលវែងដែលរដ្ឋាភិបាលបាននិងកំពុងធ្វើដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត។
ប្រទេសនីមួយៗចាប់ផ្តើមបើកសេដ្ឋកិច្ចឡើងវិញរួមទាំងកម្ពុជាផង តើការឆាប់បើកសេដ្ឋកិច្ចនេះនឹងជួយស្រោចស្រង់ផលប៉ះពាល់សេដ្ឋកិច្ចកម្រិតណា?
ទោះបីជាស្ថានភាពកូវីដ ១៩ ហាក់ដូចជាមិនទាន់ថមថយខ្លាំងនោះទេ ប៉ុន្តែចំណុចសំខាន់នោះគឺប្រទេសនីមួយៗឈប់រាំងស្ទះសេដ្ឋកិច្ច។ បើយើងក្រឡេកមើលសហរដ្ឋអាមេរិក និងអឺរ៉ុបគឺចំនួនអ្នកអត់ការងារធ្វើកើនឡើងខ្លាំងណាស់ បើទោះបីជាអាមេរិកបានបង្កើតការងារថ្មីៗច្រើនមែន ប៉ុន្តែវាមិនទាន់ឆ្លើយតបនឹងការបាត់បង់នៅឡើយទេ ជាពិសេសក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម។
ជាយោបល់ខ្ញុំ សម្រាប់ស្ថានភាពកូវីដនេះ បើទោះជាវាថយ ឬមិនថយក្តី គឺពិតណាស់ប្រទេសនីមួយៗនឹងខិតខំបើកប្រទេស និងសេដ្ឋកិច្ចរបស់គេឡើងវិញ តែតម្រូវឲ្យមនុស្សគ្រប់គ្នាត្រូវរៀនរស់ក្នុងរបត់ថ្មី។ ដូច្នេះការបើកប្រទេសឡើងវិញនេះគឺជាច្រកចេញក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ច។
កម្ពុជាយើងក៏ដូចគ្នាដែរ យើងឃើញថាមានសកម្មភាពសេដ្ឋកិច្ចជាច្រើនចាប់ផ្តើមបើកបណ្តើរៗហើយ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ហាង ផ្សារនានា និងសាលារៀន ជាដើម។ ការណ៍ដែលយើងបើកសេដ្ឋកិច្ចឡើងវិញនេះជាចំណុចចាប់ផ្តើមនៃការបើកសេដ្ឋកិច្ចក្នុងស្រុក ដែលជាចំណុចសំខាន់ដែលធ្វើឲ្យសេដ្ឋកិច្ចយើងរស់ ហើយបើយើងមិនបើកក្នុងរយៈពេល ៣ ខែទៅ ៦ ខែខាងមុខ នោះនឹងកើតមានវិបត្តិបំណុលកាន់តែធំទៅៗ ដូច្នេះការដែលយើងកំពុងបើកសេដ្ឋកិច្ចនេះគឺ អាចជួយឲ្យធូរស្បើយខ្លះក្នុងការដោះស្រាយបញ្ហាបំណុលរបស់ប្រជាពលរដ្ឋដែលជំពាក់ធនាគារ និងមីក្រូហិរញ្ញវត្ថុដោយសារតែពួកគាត់រកចំណូលមិនបាន។
តើលោកយល់ឃើញយ៉ាងណាចំពោះវិធានការរបស់រដ្ឋាភិបាលចំពោះ SME?
ជាការពិតណាស់រដ្ឋាភិបាលបានបង្កើតនូវធនាគារ SME ដែលនេះជារឿងថ្មីរបស់កម្ពុជា ព្រោះនៅតាមបណ្តាប្រទេសជឿនលឿន និងក្នុងតំបន់គឺគេមានយូរហើយក្នុងការជួយជំរុញ SME។ យើងមើលឃើញនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ ឬក្នុងតំបន់ក្តី វិស័យ SME នេះដើរតួនាទីសំខាន់ណាស់ក្នុងការជំរុញសេដ្ឋកិច្ចជាតិឲ្យរីកចម្រើន ដោយបានបង្កើតការងារ បង្កើតចំណូលពន្ធយ៉ាងច្រើន ក៏ដូចជាចូលរួមកាត់បន្ថយនៃការលេចជ្រាបសេដ្ឋកិច្ចទៅក្រៅប្រទេស ដូចជាជប៉ុន និងកូរ៉េខាងត្បូង គឺគេមានរបស់របរប្រើប្រាស់សុទ្ធតែផលិតផលក្នុងស្រុករបស់គេ ហើយសម្រាប់ការនាំចូលនោះគឺជាជម្រើសរបស់អ្នកប្រើប្រាស់។ ដូច្នេះការគិតគូរឲ្យវិស័យ SME ក្នុងស្រុកឲ្យកាន់តែមានភាពប្រសើរឡើងនេះគឺជារឿងមួយដ៏ល្អសម្រាប់ភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ប្រទេសយើង។
តើវិធានការកន្លងមកនេះឆ្លើយតបទៅនឹងផលប៉ះពាល់នៃសេដ្ឋកិច្ចដែរឬទេ?
ខ្ញុំយល់ឃើញថា ផែនការនានាដែលរដ្ឋាភិបាលបានកំពុងដាក់ចេញនាពេលកន្លងមកនេះពិតជាល្អ និងមានការឆ្លើយតបបានមួយចំនួន។ ខ្ញុំនៅតែយល់ថា វាជាជំហានធំមួយដែលរដ្ឋាភិបាលយើងបានធ្វើនូវយន្តការទាំងនោះ។ ខ្ញុំក៏មិនដែលឃើញមានរដ្ឋាភិបាលប៉ុន្មានជំនាន់កន្លងមកនេះ គឺមានកញ្ចប់ថវិកាជួយសង្គ្រោះ ជនក្រីក្រ ហើយក៏មិនដែលមានធនាគារ SMEs និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនោះទេ។
តើលោកអាចប្រៀបធៀបផលប៉ះពាល់ពីវិបត្តិសុខភាពសកលនេះមានកម្រិតយ៉ាងណាទៅនឹងវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុឆ្នាំ ២០០៨-២០០៩?
វិបតិ្តសុខាភិបាលឆ្នាំ ២០២០ នេះគឺពិតជាមានទំហំធំជាងវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ និងវិបត្តិនានាដែលបានកើតឡើងនាពេលកន្លងមក ប៉ុន្តែអ្វីដែលជាចំណុចសំខាន់នោះគឺត្រង់ថា ប្រសិនបើជំងឺកូវីដ ១៩ នេះធូរស្រាលឆាប់នោះ ស្ថានភាពសេដ្ឋកិច្ចសកលនឹងមានការងើបឡើងលឿន៕ LA