ភ្នំពេញៈ អ្នកជំនាញកសិកម្មមកពីប្រទេស អាស៊ាន ទាំង ១០ បានជួបពិភាក្សាគ្នាអំពីចីរភាពប្រព័ន្ធកសិ-ចំណីអាហារក្នុងតំបន់។
ការជួបប្រជុំដែលធ្វើឡើងនៅរាជធានី ភ្នំពេញ កាលពីថ្ងៃម្សិលមិញនេះផ្តោតសំខាន់ទៅលើវិធានការជីវសាស្រ្តក្នុងបំណងបង្កើតផែនការយុទ្ធសាស្រ្តគោលនយោបាយ និងសេចក្តីណែនាំក្នុងកម្មវិធីកសិកម្មថ្នាក់ជាតិរួមរវាងប្រទេសអាស៊ាន ដើម្បីធានាសុវត្ថិភាពចំណីអាហារក្នុងតំបន់ខណៈសមាហរណកម្មសេដ្ឋកិច្ចអាស៊ានកាន់តែខិតចូលមកដល់។
លោក ហ៊ាន វណ្ណហន អគ្គនាយករងនៃអគ្គនាយកដ្ឋាន កសិកម្មនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចូលរួមក្នុងកិច្ចពិភាក្សានោះមានប្រសាសន៍ថា កម្ពុជា ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងស្តង់ដារសុវត្ថិភាពចំណីអាហាររបស់ខ្លួនដើម្បីតៀមខ្លួនប្រជែងក្នុងការនាំចេញផលិតផលកសិកម្មនៅពេលសមាហរណកម្មសេដ្ឋកិច្ចអាស៊ានចូលមកដល់។
លោកថ្លែងថា៖ «ទំនិញក៏ដូចជាកម្លាំងពលកម្មនឹងហូរទៅវិញទៅមកក្នុងចំណោមប្រទេសអាស៊ាន ហើយផលិតផលចំណីអាហារក៏នឹងត្រូវហូរចុះឡើងដែរ ដោយមិនមានរបាំងពន្ធ។ ទោះបីជាបែបនេះក្តី Asean មានកិច្ចសន្យាពាណិជ្ជកម្មដែល កម្ពុជា ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងវិធានការអនាម័យ និងសុវត្ថិភាពចំណីអាហារ (SPS) របស់អង្គការ ពាណិជ្ជកម្ម ពិភពលោកបើមិនដូច្នេះទេ ទំនិញគេនាំចូលមកយើងបានតែយើងមិនអាចនាំចេញទៅគេបាន»។
លោក Martthias Bickel នាយកគម្រោងចីរភាពប្រព័ន្ធកសិចំណីអាហារក្នុងតំបន់អាស៊ានប្រចាំនៅប្រទេស ថៃ លើកឡើងថា ការគ្រប់គ្រងសារធាតុគីមីនៅលើចំណីអាហារជាកិច្ចការដែលពិបាកអ្វីដែលតំបន់អាស៊ានត្រូវការ គឺនិយាមសម្រាប់ផលិតកម្មកសិកម្មរួមមួយសម្រាប់ប្រើប្រាស់ក្នុងតំបន់។
លោកបន្តថា៖ «ដោយសារទំនិញនឹងហូរដោយសេរីក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ដូច្នេះវានឹងមានការពិបាកក្នុងការគ្រប់គ្រងបើប្រទេសនីមួយៗ តម្រូវឲ្យបំពេញលក្ខខណ្ឌខុសៗគ្នា។ វាបង្ហាញឲ្យឃើញច្បាស់ថា តម្រូវការនិយាមផលិតកម្មកសិកម្មរួមសម្រាប់ប្រើប្រាស់ក្នុងតំបន់ គឺជាការចាំបាច់»។
លោក គាម មករាឌី នាយកកម្មវិធីបរិស្ថាន និងសុខភាពនៃអង្គការ សេដាក និយាយថា មកដល់ពេលនេះមានកសិករជាង ២ ០០០ នាក់ ជាអ្នកផលិតស្រូវសរីរាង្គ និងជាង ១០០ នាក់ជាអ្នកផលិតបន្លែសរីរាង្គ។ ក្នុងនោះផលិតផលស្រូវសរីរាង្គដែលមានបញ្ជាក់ពីសុវត្ថិភាពចំណីអាហារត្រូវបាននាំចេញទៅប្រទេស អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។
នេះជាកិច្ចប្រជុំលើក ទី៤ ហើយរវាងគណៈកម្មការប្រតិបត្តិនៃប្រទេសអាស៊ានបន្ទាប់ពីគម្រោងនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១១។ កិច្ចប្រជុំលើកនេះធ្វើឡើងដើម្បីបូកសរុបសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៤ឆ្នាំ ដំណាក់កាល ទី១ នៃគម្រោងនិងបន្តពិភាក្សាលើការអនុវត្តគម្រោងដំណាក់កាល ទី២៕