
ភ្នំពេញៈ មន្ត្រីកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) និយាយ កាលពីម្សិលមិញថា ការប្រឹក្សាយោបល់ស្ដីពីគំនិតផ្ដួចផ្ដើមក្នុងការបញ្ចេញរបាយការណ៍ជាសាធារណៈថ្មីរបស់ខ្លួនត្រូវធ្វើជាងមួយឆ្នាំមកហើយ គឺផ្ទុយពីការអះអាងពីតំណាងរោងចក្រដែលថា ដំណើរការនេះលឿនពេក។
លោកស្រី Jill Tucker ប្រធានអ្នកប្រឹក្សាយោបល់បច្ចេកទេសនៅ BFC គាំទ្រដោយអង្គការសហប្រជាជាតិ ជាផ្នែកមួយរបស់អង្គការពលកម្មអន្តរជាតិ (ILO) និយាយថា ផែនការត្រូវបានពិភាក្សាជាមួយលោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងក្រសួង ពាណិជ្ជកម្មកាលពីខែ កញ្ញា។ កិច្ចប្រជុំជាបន្តបន្ទាប់ត្រូវបានធ្វើឡើងជាមួយសមាជិកក្រុមប្រឹក្សារបស់ GMAC នៅពេលនោះកាលពីខែ កុម្ភៈ និងខែ កក្កដា នៅឆ្នាំនេះ។ ក្រោយមកលោក Jill Tucker និយាយថា GMAC បានបញ្ជាក់យ៉ាងច្បាស់ពីការជំទាស់ពីតម្លាភាពរបស់ខ្លួន។
លោកស្រីនិយាយថា៖ «យើងមានការយល់ច្រឡំពីមូលហេតុដែលពួកគេកំពុងនិយាយថាពួកគេ មិនមានការពិគ្រោះយោបល់គ្រប់គ្រាន់ យើងបាននិយាយទៅកាន់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនដឹងថា លោក ខេន លូ បាននិយាយទៅកាន់ក្រុមប្រឹក្សារបស់លោកឬអត់នោះទេ»។
កាលពីថ្ងៃ ទី១៧ ខែ កញ្ញា BFC ប្រកាសពីគម្រោងក្នុងការបង្ហាញរបាយការណ៍ជាសាធារណៈសម្រាប់ក្រុមហ៊ុនសម្លៀកបំពាក់ចាប់ផ្ដើមកាលពីខែ មករា។ របាយការណ៍ប្រចាំត្រីមាសគឺត្រូវពឹងលើការត្រួតពិនិត្យចាប់ផ្ដើមនៅខែនេះ។
GMAC ដែលតំណាងឲ្យរោងចក្រជាច្រើនបានបញ្ចេញប្រតិកម្មទៅនឹងផែនការ ចេញរបាយការណ៍នេះ ដោយអះអាងថា មានតែកិច្ចប្រជុំផ្លូវការតែមួយប៉ុណ្ណោះដែលធ្វើរវាង BFC និង GMAC ដើម្បីចេញផ្សាយរបាយការណ៍ជាសាធារណៈ កាលពីថ្ងៃ ទី២១ ខែ សីហា។ GMAC បានស្នើឲ្យមានការពន្យារពេលដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការវាយតម្លៃពីផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានឡើង។
GMAC បានណែនាំដល់ម្ចាស់រោងចក្រថា អ្នកត្រួតពិនិត្យរបស់ BFC ដែលចូលរោងចក្រមួយត្រូវអមដោយមន្ដ្រីរដ្ឋាភិបាល ឬលិខិតពីរដ្ឋាភិបាលអនុញ្ញាតឲ្យចូលទៅរោងចក្ររបស់ពួកគេជាមុនសិន។
លោកស្រី Jill Tucker បាននិយាយថា លោកស្រីមិនបានដកខ្លួនចេញពីការត្រួតពិនិត្យរោងចក្រទេ តាំងពីការប្រកាសផ្សាយជាសាធារណៈនោះមក។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាគាំទ្រ BFC។លោកបន្តថា ទោះបីជាមានរោងចក្រជាង ៤៣០ ក្នុងចំណោម ៨០០ រោងចក្រយល់ព្រមចំពោះការចេញផ្សាយជាសាធារណៈនេះក៏ដោយ ក៏ GMAC បានបដិសេធមិនផ្លាស់ប្តូរគំនិតរបស់ខ្លួន ប៉ុន្តែពេលវេលានឹងមិនផ្លាស់ប្តូរទេ។ លោកបន្តថា៖ «ខ្ញុំគិតថាទោះបីយើងផ្ដល់ដល់ពួកគេ (GMAC) រយៈពេល ១០ ឆ្នាំបន្ថែមទៀត ក៏ពួកគេនៅតែមិនធ្វើកើតដែរ»។
លោក ខេន លូ បានឆ្លើយការពារនូវការអះអាងរបស់ខ្លួនថា BFC បានខកខានក្នុងទំនាក់ទំនងនេះ។
ប៉ុន្តែលោកបានថ្លែងថា លោកនឹងគាំទ្រយ៉ាងពេញទំហឹងសម្រាប់ការចេញផ្សាយជាសាធារណៈនេះ។ លោកលើកឡើងថា ចំណុចជាក់លាក់ជាច្រើនមិនត្រូវបានគេពិភាក្សានោះទេកាលពីខែ កក្កដា នៅក្នុងកិច្ចប្រជុំពិនិត្យឡើងវិញពីគម្រោងនេះ ហើយចាប់តាំងពីពេលនោះមកកិច្ចប្រជុំតាមដានមួយមិនត្រូវបានធ្វើឡើងទេ។ លោកបានបន្តថា៖ «បច្ចុប្បន្នទំនាក់ទំនងរវាង BFC និងរោងចក្រជាច្រើនគឺអាក្រក់បំផុត»៕ BP