ភ្នំពេញៈ ខណៈរដ្ឋាភិបាលប្រកាសលើកទឹកចិត្តឲ្យក្រុមហ៊ុន និងប្រជាកសិករត្រូវខិតខំបង្កើនការផលិតក្នុងស្រុក អ្នកក្នុងវិស័យចិញ្ចឹមជ្រូកបានលើកឡើងថា ការចិញ្ចឹមជ្រូកនឹងមានសម្ទុះកាន់តែលឿន ប្រសិនបើវិស័យហិរញ្ញវត្ថុបង្កើនការផ្តល់កម្ចីដល់វិស័យនេះ។
ការពង្រឹងសមត្ថភាពផលិតក្នុងស្រុកគឺជាវិស័យអាទិភាពមួយដែលរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្លាំង ជាពិសេសផលិតផលទាក់ទងនឹងចំណីអាហារ ខណៈជំងឺកូវីដ ១៩ កំពុងបន្តការរីករាលដាលស្ទើរគ្រប់ប្រទេសក្នុងពិភពលោកដែលធ្វើឲ្យការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនមានការរឹតបន្តឹងជាងមុន។
លោក លី ឡាវីល ប្រធានគ្រប់គ្រងទូទៅកសិដ្ឋានចិញ្ចឹមជ្រូក M''s Pig ACMC Cambodia ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ភាពល្អប្រសើរនៃតម្លៃ និងតម្រូវការបានជំរុញឲ្យក្រុមហ៊ុនដាក់ផែនការបង្កើនការចិញ្ចឹមជ្រូកបន្ថែមទៀត។ លោកថ្លែងថា៖ «ក្រុមហ៊ុនកំពុងសម្លឹងមើលពីសក្តានុពលក្នុងការពង្រីកបន្ថែមទៀត ប៉ុន្តែវានឹងមិនមានសម្ទុះល្បឿនទេ»។
លោកបានលើកឡើងថា ក្នុងស្ថានភាពដូចបច្ចុប្បន្ននេះ ការចិញ្ចឹមជ្រូកនៅកម្ពុជានឹងមិនអាចមានដំណើរទៅមុខលឿនទេ ព្រោះមិនសូវមានការជួយគាំទ្រពីស្ថាប័នហិរញ្ញវត្ថុដោយពួកគេគិតថា វិស័យនេះមានហានិភ័យខ្ពស់។ លោកបន្តថា៖ «ដោយសារបច្ចុប្បន្នការវិនិយោគលើការចិញ្ចឹមជ្រូកស្ទើរទាំងអស់ធ្វើឡើងដោយប្រាក់ផ្ទាល់ខ្លួននោះ ដូច្នេះយើងមិនអាចធ្វើអ្វីឲ្យបានលឿនទេ»។
លោកបន្តថា ទន្ទឹមនឹងត្រូវការទុនច្រើនការចិញ្ចឹមជ្រូកក៏មានហានិភ័យខ្ពស់ដែរ ជាក់ស្តែងគ្រាន់តែជំងឺប៉េស្តជ្រូកអាហ្វ្រិករីករាលដាលកាលពីឆ្នាំមុនមួយរយៈខ្លីគឺបានធ្វើឲ្យជ្រូកងាប់អស់គ្មានសល់។
បើតាមលោក ឡាវីល សព្វថ្ងៃកសិដ្ឋានលោកមានចិញ្ចឹមជ្រូកប្រមាណ ៤០ ០០០ ក្បាល និងអាចផ្គត់ផ្គង់ទីផ្សារបានពី ២០០-៣០០ ក្បាលក្នុង ១ ថ្ងៃ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានប្រាប់ថា លោកទទួលស្គាល់ថា ការចិញ្ចឹមជ្រូកពិតជាមានហានិភ័យខ្ពស់ដែលធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុពិបាកផ្តល់កម្ចី ប៉ុន្តែប្រាក់កម្ចីរបស់ពួកគេគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញការចិញ្ចឹមជ្រូក ដើម្បីឈានឆ្ពោះទៅកាត់បន្ថយការនាំចូល។
លោកបន្តថា ក្នុងនាមសមាគមអ្នកចិញ្ចឹមសត្វ លោកពិតជារីករាយដែលរដ្ឋាភិបាលមានផែនការពង្រីកការចិញ្ចឹមសត្វក្នុងស្រុកឲ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងបង្កើតការងារក្នុងស្រុក។ លោកបានថ្លែងថា៖ «ខ្ញុំតែងលើកក្នុងកិច្ចប្រជុំជារឿយៗឲ្យគ្រឹះស្ថានហិរញ្ញវត្ថុជួយផ្តល់កម្ចីឲ្យបានច្រើនដល់អ្នកចិញ្ចឹម»។
តាមលោក ពៅ បច្ចុប្បន្នជ្រូករស់មានតម្លៃពី ១១ ០០០-១២ ០០០ រៀលក្នុង ១ គីឡូក្រាម ខណៈរយៈពេលដូចគ្នាឆ្នាំមុនមានតម្លៃ ៨ ០០០ រៀល។
លោកប្រាប់ទៀតថា បច្ចុប្បន្នកម្ពុជាមានតម្រូវការជ្រូករស់ពី ៦ ០០០ ទៅ ៧ ០០០ ក្បាល ក្នុង ១ ថ្ងៃ។
មិនមានតួលេខពីកសិដ្ឋានចិញ្ចឹមជ្រូកនៅកម្ពុជាទេ ប៉ុន្តែលោក ពៅ បានប្រាប់ថា មានក្រុមហ៊ុន ៣ ដែលចិញ្ចឹមទ្រង់ទ្រាយធំរួមមានក្រុមហ៊ុន CP ក្រុមហ៊ុន M''s Pig ACMC Cambodia និងក្រុមហ៊ុន Betagro។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបាននិយាយថា ក្រុមការងារក្រសួងកសិកម្មតែងចុះទៅធ្វើការផ្សាព្វផ្សាយ និងបង្រៀនវិធីសាស្ត្រក្នុងការចិញ្ចឹម និងថែរក្សាសុខភាព អនាម័យសត្វជាប្រចាំ ដើម្បីជំរុញ និងលើកទឹកចិត្តការចិញ្ចឹមក្នុងស្រុកឲ្យបានកាន់តែច្រើន ពិសេសក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលអាចមានការបិទព្រំដែន។
លោកថ្លែងថា៖ «យើងកំពុងណែនាំឲ្យអ្នកចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្មធំៗឲ្យបង្កើនការចិញ្ចឹម ហើយបើការចិញ្ចឹមក្នុងស្រុកមានដំណើរការល្អយើងអាចនឹងបញ្ឈប់ការនាំចូលតែម្តង»។
បច្ចុប្បន្នកម្ពុជានាំចូលសត្វជ្រូករស់ពីប្រទេសថៃចន្លោះពី ២-៣ ពាន់ក្បាលក្នុង ១ ថ្ងៃ មកបំពេញតម្រូវការក្នុងស្រុកដែលស្មើនឹងប្រមាណជាង ២០ ភាគរយនៃតម្រូវការសរុប។ នេះបើតាមលោក ផាន់ណារ៉ា។
ជាមួយគ្នានេះលោកក៏បានប្រាប់ទៀតថា កម្ពុជាបច្ចុប្បន្នការផលិតចំណីសត្វអាចសម្រេចបានប្រមាណ ១,៥ លានតោន ក្នុង ១ ឆ្នាំ ដែលស្មើនឹងប្រមាណ ៦០ ភាគរយ នៃតម្រូវការប្រើប្រាស់សរុបទូទាំងប្រទេស។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងពេលចុះទៅពិនិត្យនៅតំបន់អភិវឌ្ឍន៍កសិឧស្សាហកម្មកែវផុសរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប កាលពីសប្តាហ៍មុនក៏បានណែនាំឲ្យក្រុមហ៊ុនត្រូវខិតខំបង្កើនការដាំដុះ ការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងដាំបន្លែឲ្យកាន់តែច្រើន។
លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវឲ្យក្រុមហ៊ុនចិញ្ចឹមសត្វ និងផលិតចំណីសត្វ ត្រូវសហការគ្នាបង្កើនផលិតភាពផលិតកម្មរួមគ្នាធានាឲ្យបាននូវសន្តិសុខស្បៀងទាំងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត និងជាពិសេសដើម្បីស្រូបយកកម្លាំងពលកម្មក្នុងស្រុកឲ្យអស់លទ្ធភាព»៕ LA