ភ្នំពេញៈ អស់​រយៈពេល​ប្រមាណ ២ ​ខែ​មកហើយ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ «​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​» ដើម្បី​ផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​អនុគ្រោះ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​ការរក្សា​ដំណើការ​អាជីវកម្ម និង​ខ្សែចង្វាក់​ផលិតកម្ម​របស់​ពួកគេ បណ្តា​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដៃគូ​បាន​ឲ្យ​ដឹងថា គម្រោង​នេះ​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​កាន់តែ​ច្រើន​ពី​ម្ចាស់​សហគ្រាស​នៅក្នុង​ការដាក់ពាក្យ​ស្នើសុំ​ឥណទាន​។

គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​បង្កើតឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ដើម​ខែមេសា​ក្នុង​គោល​បំណង​ផ្តល់​ឥណទាន​មាន​ការប្រាក់​ទាប​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​រួមមាន​ផ្នែក​កម្មន្តសាល និង​សិប្បកម្ម​។

មូលនិធិ​ក្រោម​គម្រោង​សហហិរញ្ញប្បទាន​នេះ​មាន​ទំហំ​ទឹកប្រាក់ ១០០ ​លាន​ដុល្លារ ដែល​ជា​ការផ្តល់​សហហិរញ្ញប្បទាន​បដិភាគ​ស្មើគ្នា​រវាង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (SME Bank)​ ​ជាមួយ​នឹង​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ចំនួន ៣៣ ក្នុង​នោះ​រួមមាន ធនាគារពាណិជ្ជ​ចំនួន ២៣ ធនាគារ​ឯកទេស ៣ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ ៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ២​។

លោកស្រី តាន់ លីនណា អគ្គនាយិកា​រង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវ​បាន​បង្កើតឡើង​នៅ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​ការរីករាលដាល​ជំងឺ​កូវីដ ១៩​។

លោកស្រី​បន្តថា បច្ចុប្បន្ន SME Bank បាន​រឹតបន្តឹង និង​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ស្ថាប័នហិរញ្ញវត្ថុ​ចូលរួម និង​បាន​ធ្វើការ​ជាមួយ​សមាគម​ជាច្រើន​ដូចជា​ CWEA,FASMEC, YEAC, WTM ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី​គម្រោង​សហហិរញ្ញប្បទាន​នេះ​។

លោកស្រី​បន្ថែមថា​៖ «​តាមរយៈ​ការអនុវត្ត​កន្លងមក SME Bank ទទួល​បាន​ព័ត៌មាន​ថា មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ជាច្រើន​ដែល​កំពុង​មាន​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ទ្រទ្រង់​ដល់​និរន្តរភាព​អាជីវកម្ម​របស់​ពួកគេ ជា​ជាង​ការពង្រីក ឬ​បង្កើត​អាជីវកម្ម​ថ្មី​»​។

យោងតាម​លោកស្រី លីនណា គិត​ត្រឹម​ថ្ងៃទី​ ២៣ ខែមិថុនា​នេះ SME Bank ទទួលបាន​សំណើ​សុំ​ឥណទាន​ចំនួន ១៩ ពី​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ចូលរួម​ចំនួន ១០ និង​បានអនុម័ត​ឥណទាន​ជា​ទឹកប្រាក់​សរុប​បាន​ចំនួន ៣,១ ​លាន​ដុល្លារ​។

លោកស្រី​បាន​ប្រាប់ទៀត​ថា តាមរយៈ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ជា​ដៃគូ SME Bank ក៏​ទទួល​បាន​ព័ត៌មាន​ពី​ការត្អូញត្អែរ​របស់​អតិថិជន​ខ្លះៗ​ដែរ​ទាក់ទង​នឹង​លក្ខខណ្ឌ​នៃ​កម្ចី​ឥណទាន ប៉ុន្តែ​ទោះយ៉ាងណា​បញ្ហា​ទាំងអស់​នោះ​ត្រូវ​បាន​ដោះស្រាយ​រួចហើយ​តាមរយៈ​ការអនុញ្ញាត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក សឹង ភន នាយកប្រតិបត្តិ​ឥណទាន​នៃ​ធនាគារ​អេស៊ីលីដា​ដែល​ជា​ធនាគារ​ដៃគូ​ធ្វើការ​ក្នុង​គម្រោង​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គម្រោង​សហហិរញ្ញប្បទាន​នេះ កំពុង​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ជាច្រើន​ពី​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​ដោយ​មកដល់​ពេល​នេះ​ធនាគារ​អេស៊ីលីដា ទទួលបាន​ពាក្យស្នើសុំ​ឥណទាន​តាមរយៈ​គម្រោង​នេះ​ចំនួន ១១ ​រួច​មក​ហើយ​។ លោក​បន្តថា មាន​អតិថិជន​ជាច្រើន​បាន​មក​ទំនាក់ទំនង ដើម្បី​ទទួល​បាន​ឥណទាន​ពី​គម្រោង​នេះ​។

លោក​ថ្លែងថា​៖ «​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​កំពុង​ផ្តល់​នូវ​ផលវិជ្ជមាន​ច្រើន​សម្រាប់​អតិថិជន ព្រោះ​មិន​ត្រឹម​តែ​ទទួល​បាន​អត្រា​ការប្រាក់​ទាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មិនមាន​ការចំណាយ​សោហ៊ុយ​ឥណទាន​ឡើយ​»​។

បើ​តាម​លោក ភន សំណើ ​ទាំង ១១ ដែល​បានដាក់​ពាក្យ​មក​ធនាគារ​អេស៊ីលីដា រួមមាន​នៅក្នុង​វិស័យ​មួយចំនួន​ដូចជា កសិកម្ម ទេសចរណ៍ សិប្បកម្ម​ម្ហូបអាហារ និង ផលិត​សំឡីកែវ ជាដើម​។ ឥណទាន​ដែល​ដាក់​ស្នើ​នោះ​មាន​ខ្លះ​គ្រោង​ខ្ចីប្រាក់​រហូត​ដល់​ ៣០ ​ម៉ឺន​ដុល្លារ​។

លោក​បន្ថែមថា៖ «​បច្ចុប្បន្ន​គម្រោង​ចំនួន​ ២ ក្នុងចំណោម ១១ កំពុងស្ថិត​ក្នុងដំណាក់កាល​វាយតម្លៃ​ផ្តល់​ឥណទាន​»​។

លោក សាយ សូនី នាយកប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​បាន​និយាយថា នៅពេល​នេះ​មាន​អតិថិជន​មួយចំនួន​បានមក​ដាក់​ពាក្យសុំ​កម្ចី​សហគ្រាស​ធុន​តូច និង​មធ្យម​។ ផែនការ​សហ​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​ផ្តួចផ្ដើម​ដោយ​រដ្ឋាភិបាល​កម្ពុជា​គឺ​មាន​បំណង​ផ្ដល់​កម្ចី​អត្រា​ការប្រាក់​ទាប ដើម្បី​បង្កើន និង​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ថែមថា ប្រាសាក់​តែង​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ការគាំទ្រ SME ជាមួយនឹង​ទុនវិនិយោគ​រហូត​ដល់​ ១,២៦ ​ពាន់​លាន​រៀល (​ឬ​ ៣០០ ០០០ ​ដុល្លារ​) ​ឬ​ជាមួយ​នឹង​ទុន​បង្វិល​រហូតដល់ ៨៤០ ​លាន​រៀល (​ឬ​ ២០០ ០០០ ​ដុល្លារ​) ​សម្រាប់​អាជីវកម្ម​របស់​ពួកគេ​ជាមួយ​នឹង​អត្រា​ការប្រាក់​ជាពិសេស​ ០,៥៨ ​ភាគរយ​ក្នុង​ ១ ​ខែ​តែប៉ុណ្ណោះ និង​រយៈពេល​កម្ចី​រហូត​ដល់​ ៧ ​ឆ្នាំ ដូច្នេះ​ប្រសិនបើ SME ដែល​ចង់​ស្វែងរក​ការវិនិយោគ និង​ទុនបង្វិល​សូម​ទាក់ទង​មក​ការិយាល័យ​ណាមួយ​នៅ​ទូទាំង​ប្រទេស​។

លោក​ថ្លែងថា​៖ «​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ប្រាសាក់ នៅតែ​ផ្ដល់​កម្ចី​ដល់​អតិថិជន​ជាធម្មតា និង​ផ្ដល់​ជាពិសេស​ដល់ SME»​។

យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហគ្រាស​ធុនតូច និង​មធ្យម​អាច​ខ្ចីប្រាក់​ចំនួន ២០ ​ម៉ឺន​ដុល្លារ សម្រាប់​ទុន​បង្វិល និង ៣០ ​ម៉ឺន​ដុល្លារ សម្រាប់​ទុនវិនិយោគ​ដែលមាន​អត្រា​ការប្រាក់​អតិបរមា ៧ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​ និង​មាន​រយៈពេល​សង​ត្រឡប់​មិន​លើស​ពី​ ៧ ​ឆ្នាំ​។

ដើម្បី​អាច​ទទួលបាន​ឥណទាន​នេះ សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវ​តែ​ជា​សហគ្រាស​ដែល​ចុះបញ្ជី​ផ្លូវការ​ស្របច្បាប់​នៅ​ប្រទេស​កម្ពុជា​។ សហគ្រាស​ធុន​តូច​សំដៅ​ដល់​សហគ្រាស​អាជីវកម្ម​គ្រប់​ប្រភេទ​ដែល​មាន​ផលរបរ​ប្រចាំឆ្នាំ​ចាប់ពី ២៥០ ​លាន​រៀល ឬ​មាន​ចំនួន​និយោជិត​ចាប់ពី ១០ ​នាក់​ ទៅដល់​ ៥០ នាក់​។ ចំណែក​សហគ្រាស​ធុន​មធ្យម​សំដៅ​ដល់​សហគ្រាស​អាជីវកម្ម​គ្រប់​ប្រភេទ​ដែល​មាន​ផលរបរ​ប្រចាំឆ្នាំ​ចាប់ពី ៧០០ ​លាន​រៀល ឬ​មាន​ចំនួន​និយោជិត​ចាប់ពី ៥១ ​នាក់​ ទៅដល់ ១០០ ​នាក់​៕ LA