ភ្នំពេញៈ ប្រទេស​ឥណ្ឌា​ កំពុង​សម្លឹងមើល​ការនាំចូល​ម្រេច​មិនមែន GI (​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​) ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​របស់ខ្លួន​ដែលជា​ទីផ្សារ​ធំ​នៅ​អាស៊ីអាគ្នេយ៍​។

ការស្វែងរក​ការនាំចូល​នេះ​ត្រូវ​ធ្វើ​ឡើង​ក្នុងជំនួប​ពិភាក្សា​គ្នា​រវាង​តំណាង​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​ (CPSF) ​ជាមួយ​នឹង​លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត​ប្រទេស​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ៩ ខែ​ មីនា ឆ្នាំ​ ២០២១​។

លោក ម៉ាក នី ប្រធាន CPSF បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការពិភាក្សា​នេះ​គឺ​ផ្តោតទៅលើ​ការបើក​ទីផ្សារ​ម្រេច​ទៅកាន់​ប្រទេស​ឥណ្ឌា​។ ក្រៅពី​ម្រេច ប្រទេស​ឥណ្ឌា​ក៏​ចាប់​អារម្មណ៍​ផលិតផល​ដំណាំ​រមៀត​របស់​កម្ពុជា​ផងដែរ​។

លោក​និយាយថា​៖ «​យើង​បាន​ពិភាក្សា​គ្នា​អំពី​ការនាំចេញ​ម្រេច​ទៅ​ប្រទេស​ឥណ្ឌា យើង​ពិតជា​សប្បាយរីករាយ​ណាស់​ដែល​គេ​គាំទ្រ​ម្រេច​យើង​»​។

លោក ម៉ាក នី ប្រាប់​ទៀត​ថា ក្រោម​ការសម្របសម្រួល​ពី​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ភាគី​ទាំង​ ២ នឹង​ពិភាក្សា​ដាច់​ដោយ​ឡែក​មួយទៀត​នៅពេល​ខាងមុខនេះ ដើម្បី​ពិភាក្សា​លម្អិត​លក្ខខណ្ឌ​តម្រូវ និង​បរិមាណ​ដែល​ឥណ្ឌា​ត្រូវការ​។

លោក​បន្ថែមទៀត​ថា​៖ «​យើង​មិនទាន់​ជជែក​គ្នា​លម្អិត​នោះទេ ដោយ​គាត់​នឹង​រៀបចំ​ជំនួប​មួយ​រវាង​អ្នកទិញ​ជាមួយ​នឹង​ក្រុម​ផលិត ដើម្បី​ពិភាក្សា​ឱ្យ​ស៊ីចង្វាក់​គ្នា​រហូត​សម្រេច​បាន​កិច្ចព្រមព្រៀង​ទិញ​លក់​»​។

សេចក្តី​ថ្លែងការណ៍​ពី​ស្ថានទូត​ឥណ្ឌា​ឱ្យ​ដឹងថា ជា​ជំហាន​ដំបូង​ក្នុង​ទិសដៅ​នេះ ស្ថានទូត​នឹង​រៀបចំ​ការប្រជុំ​រវាង​ក្រុមប្រឹក្សា​គ្រឿងទេស​ឥណ្ឌា និង​សហព័ន្ធ​នេះ​ដែល​អាច​ពិភាក្សា​ពី​ឱកាស​នៃ​វត្តមាន​គ្រឿងទេស​កម្ពុជា​នៅ​ឥណ្ឌា ក៏ដូចជា​តម្រូវការ​ភូតគាម​អនាម័យ​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា បន្ទាប់មក​ទៀត​ក្រុមហ៊ុន​ឥណ្ឌា និង​កម្ពុជា​នឹងមាន​កិច្ចប្រជុំ B2B នៅខាងមុខ​នេះ​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​ស្ថានទូត​បានដឹង​ច្បាស់​អំពី​គុណភាព​ម្រេច និង​រមៀត​ដែល​ផលិត​នៅ​ប្រទេស​កម្ពុជា​ដោយ​រំពឹង​ថា នឹង​មាន​ស្ថានភាព​ឈ្នះ-ឈ្នះ​សម្រាប់​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំង​ ២ ​ដែល​នឹង​នាំឱ្យ​មាន​ការកើនឡើង​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទាំង​ ២»​។

គិត​ត្រឹម​ថ្ងៃនេះ​ (​ថ្ងៃទី​ ១៥ ខែមីនា​) តម្លៃ​ម្រេច​មិនមែន GI នៅ​ដើម​ឆ្នាំនេះ​ល្អ​ជាង​ឆ្នាំមុន​គឺ ១៥ ០០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម​ (​ដើមឆ្នាំ​មុន​ ៨ ០០០ ​រៀល​)​។ នេះ​បើតាម​លោក ម៉ាក នី​។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប៉ាន់ប្រមាណ​ថា កម្ពុជា​បាន​នាំចេញ​ផលិតផល​ដំណាំ​កសិឧស្សាហកម្ម​ចំនួន ៦ ​មុខ​ទាំង​ផ្លូវការ និង​ក្រៅផ្លូវការ​ជាង ៨,៥៥ ​លាន​តោន​ស្មើនឹង​ជាង ២,៣២ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០​។ ផលិតផល​ទាំងនោះ រួមមាន ដំឡូងមី ផ្លែស្វាយ​ស្រស់ គ្រាប់ស្វាយ​ចន្ទី ផ្លែ​ចេក​ស្រស់ មៀន​ប៉ៃលិន និង​ម្រេច​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បង្ហាញ​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ឥណ្ឌា​ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ​សរុប ១៩០,១៣ ​លាន​ដុល្លារ​ធ្លាក់ ២៥,៨១ ​ភាគរយ​ពី​ចំនួន ២៥៦,២៦ ​លាន​ដុល្លារ​ ក្នុង​ឆ្នាំ ២០១៩​។ របាយការណ៍​នេះ​បន្តថា ក្នុង​នោះ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ឥណ្ឌា​មាន​តម្លៃ ៦១,៣៦ ​លាន​ដុល្លារ ​ធ្លាក់ ៥,១២ ភាគរយ​ពី​ចំនួន ៦៤,៦៧ ​លាន​ដុល្លារ និង​ការនាំ​ពី​ឥណ្ឌា​មក​កម្ពុជា​មាន​តម្លៃ ១២៨,៧៧ លាន​ដុល្លារ​ធ្លាក់ចុះ ៣២,៩៧ ភាគរយ​ពី​ចំនួន ១៩១,៥៩ លាន​ដុល្លារ​៕ LA