កំពង់ស្ពឺៈ ធនាគារ Export Import Bank (EXIM Bank) របស់​ឥណ្ឌា និង​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​សៅរ៍​មុន បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​កម្ចី​ ៣៦,៩២​ លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ទំនប់​ទឹក​ស្ទឹង​ស្វាហាប់ ដើម្បី​ប្រើប្រាស់​ការ​ស្រោចស្រព និង​គ្រប់គ្រង​ទឹក​ជំនន់​។

ទំនប់​ទឹក​ស្ទឹង​ស្វាហាប់​នេះ​មាន​ទីតាំង​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។

កិច្ច​ព្រម​ព្រៀង​កម្ចី​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​រវាង​លោក Preeti Saran រដ្ឋ​មន្ដ្រី​ក្រសួង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ឥណ្ឌា និង​លោក ផាន ផល្លា អនុ​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្ថិត​ក្រោម​វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា នរិន្រដា ម៉ូ​ឌី និង​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី​កម្ពុជា​។ មិន​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​អត្រា​ការ​ប្រាក់​កម្ចី ឬ​រយៈពេល​កម្ចី​នោះ​ទេ​។

លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧត្តុ​និយម បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ទំនប់​ទឹក​ស្ទឹង​ស្វាហាប់ គឺជា​ប្រភព​ទឹក​នៃ​ស្ទឹង​ព្រែក​ត្នោត ដែល​នឹង​ត្រូវ​សាងសង់​ជា​ទំនប់​ទឹក​បម្រើ​ជា​អាង​ស្ដុក​ទឹក​ដើម្បី​ការពារ​ទឹក​ជំនន់​ក្នុង​អំឡុង​រដូវ​ភ្លៀង និង​ដើម្បី​បញ្ចេញ​ទឹក​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ និង​វាល​ស្រូវ​កសិកម្ម​នៅ​រដូវ​ប្រាំង​។​

លោក​ថ្លែង​ថា​៖«​នៅ​ពេល​មាន​ទឹក​ភ្លៀង​ច្រើន​នៅ​ក្នុង​រដូវ​វស្សា ទំនប់​នេះ​នឹង​ជួយ​ក្នុង​ការ​ស្ដុក​ទឹក​ដើម្បី​គេច​ផុតពី​ទឹក​ជំនន់​ដល់​ខ្សែទឹក​ក្រោម [​នៃ​ស្ទឹង​ព្រែក​ត្នោត​] ដែល​នឹង​ជួយ​កាត់​បន្ថយ​ទឹក​ជំនន់​»​។

លោក​បញ្ជាក់​ថា​៖ «​នៅ​ក្នុង​រដូវ​ប្រាំង ទំនប់​នេះ​នឹង​បញ្ចេញ​ទឹក​ដល់ [​ស្ទឹង​ព្រែក​ត្នោត​] បន្ទាប់​មក​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ការ​ប្រើ​ប្រាស់ និង​សម្រាប់​វាលស្រែ​កសិកម្ម​»​។

​តាម​លោក យុ​ត្ថា ការ​សាងសង់​រំពឹងថា នឹង​អាច​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​នេះ ឬ​ដើម​ឆ្នាំក្រោយ​។ ទំនប់​នេះ​អាច​ត្រូវ​ការ​ពេល​វេលា​ប្រហែល​៣​ឆ្នាំ​ក្នុង​កា​របញ្ចប់​។​

​ទំនប់​ទឹកស្ទឹង​ស្វាហាប់ គឺជា​គម្រោង​ទី ២ ​ក្នុង​ចំណោម​គម្រោង​ ៣​ នៅក្នុង​ផែនការ​ដែល​ចុះបញ្ជី​របស់​ក្រសួង​ក្នុង​ការ​សាងសង់​ប្រព័ន្ធ​ធារាសាស្ដ្រ និង​ការ​គ្រប់គ្រង​ទឹក​ជំនន់​នៅតាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត​។ ទំនប់​ដំបូង ទំនប់​ស្ទឹង​តាសាល ត្រូវ​បាន​សាងសង់​ស្ថិត​ក្រោម​ឥណទាន​៣០​លាន​ដុល្លារ​ពី​ប្រទេស​ឥណ្ឌា​ផងដែរ នៅពេលនេះ​កំពុង​ប្រតិបត្តិការ និង​អាច​ស្ដុក​ទឹក​បាន​ប្រហែល ​១២០ ​លាន​ម៉ែត្រគុប​។

លោក​ថ្លែង​ថា​៖ «​ទំនប់ទឹក​ទាំង​២​នេះ​នៅពេល​រួចរាល់​ដាក់​ឲ្យ​ដំណើរការ​ទាំង​២ អាច​ពង្រីក​ផ្ទៃ​ដាំ​ដុះ​ស្រូវប្រាំង​បាន​ជាង​១​ម៉ឺន ទៅ​១​ម៉ឺន​៥​ពាន់​ហិកតា​បន្ថែម​ទៀត​សម្រាប់​ខេត្ត​កំពង់ស្ពឺ និង​ផ្នែក​ខ្លះទៀត​នៅ​ខេត្ត​កណ្តាល និង​ភ្នំពេញ​»​។

លោក​បន្ត​ថា ក្រសួង​គ្រោង​សាងសង់​ទំនប់​ស្តុក​ទឹក​ដែល​ជា​ផ្ទៃ​រងទឹក​ភ្លៀង​សម្រាប់​ស្ទឹង​ព្រែក​ត្នោត​សរុប​ ៣ រួមមាន​ស្ទឹង​តា​សាល ស្ទឹង​ស្វាហាប់ និង ស្ទឹង​ឃ្លៀច ដែល​អាង​ស្តុក​ទឹក​ទាំង ​៣​ បូក​បញ្ចូល​គ្នា​មាន​សមត្ថភាព​ស្តុក​ទឹកបាន​សរុប​ជិត ៤០០ លាន​ម៉ែត្រគុប​។

លោក យឹម ណន អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ បាន​សាទរ​ចំពោះ​គម្រោង​នេះ​។

តាម​លោក ណន ខណៈ​ខេត្ត​កំពង់ស្ពឺ​មាន​ផ្ទៃដី​ដាំ​ដុះ​សរុប​ជាង​១៣ ម៉ឺន​ហិកតា​នា​រដូវវស្សា ផ្ទៃដី​ដាំ​ដុះ​នៅ​ខេត្ត​នេះ​បាន​ធ្លាក់​ចុះមក​ត្រឹម​ជាង ១ ០០០ ហិកតា​វិញ​នា​រដូវ​ប្រាំង​ដោយ​សារ​កង្វះ​ប្រភព​ទឹក​។ ដូច្នេះ ការ​បង្កើត​ទំនប់ទឹក​ដើម្បី​ប្រើប្រាស់​នា​រដូវ​វស្សា​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កសិករ​។

លោក​ថ្លែងថា​៖ «​កាលពី​មុន បញ្ហា​ចោទ​គឺ​កង្វះ​ទឹក​ស្រោច​ស្រព​ផ្ទៃដី​ដាំ​ដុះ​»៕ LA