ក្រុង​ញូវដែលីៈ ប្រទេស ​ឥណ្ឌា ​បាន​ផ្អាក​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​​នៅ​រដ្ឋ​​កាស្មៀរ​ដែល​មាន​ជម្លោះ​របស់​ខ្លួន​ជាមួយ​ប្រទេស ​ប៉ាគីស្ថាន ដោយ​ចោទ​ប្រកាន់​ថា សព្វាវុធ និង​ថ្នាំ​ញៀន​ត្រូវ​បាន​រត់​ពន្ធ​ខុស​ច្បាប់​ឆ្លង​​កាត់​ព្រំដែន​នេះ ខណៈ​ដែល​​ភាព​តានតឹង​ឡើង​កម្តៅ​រវាង​ប្រទេស​​ជិត​ខាង​ទាំង​ ២ នេះ។

រដ្ឋ​កាស្មៀរ ​ស្ថិត​ក្នុង​សម្ពាធ​ចាប់​ពី​ការ​វាយ​ប្រហារ​អត្តឃាត​កាល​ពី​ខែ​កុម្ភៈ ដែល​បាន​សម្លាប់​​ទាហាន​ប៉ារ៉ា​ឥណ្ឌា ៤០ នាក់ និង​បាន​នាំ​ឲ្យ​ប្រទេស​ទាំង ២ ហៀប​ធ្លាក់​ចូល​​​ក្នុង​ភ្លើង​សង្គ្រាម​​ជាមួយ​នឹង​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ឆ្លង​ព្រំដែន។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​​មុន រដ្ឋាភិបាល​ឥណ្ឌា ​ដែល​កំពុង​​​ស្ថិត​ក្នុង​ការ​បោះ​ឆ្នោត បាន​​​​ឲ្យ​ដឹង​ថា ខ្លួន​បាន​រាយការណ៍​ថា ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​នេះ «ត្រូវ​បាន​ប្រើប្រាស់​ខុស​ដោយ​​សមាសភាព​នានា​មាន​មូលដ្ឋាន​នៅ​ប៉ាគីស្ថាន ​ដើម្បី​​​រត់​ពន្ធ​អាវុធ ថ្នាំ​ណាកូទិក និង​រូបិយប័ណ្ណ​ក្លែងក្លាយ»។

រដ្ឋាភិបាល​ឥណ្ឌា​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ ពាណិជ្ជកម្ម​ជា​ច្រើន​​នៃ​ពាណិជ្ជកម្ម​ទាំង​នោះ​ដែល​ឆ្លង​កាត់​ខ្សែ​បន្ទាត់​​ត្រួត​ពិនិត្យ​ព្រំដែន ដែល​ខណ្ឌ​ចែក​គ្នា​នូវ​រដ្ឋ​កាស្មៀរ​ទៅ​ជា​តំបន់​ចំនួន ២ ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន មាន​ទំនាក់ទំនង​ទៅ​នឹង​អង្គការ​យោធា​នានា។

ក្រសួង​មហាផ្ទៃ​​​ឥណ្ឌា​បាន​ថ្លែង​ថា ពាណិជ្ជកម្ម​នឹង​ត្រូវ​បាន​​ផ្អាក​រហូត​ទាល់​តែ​មាន​ការ​ដាក់​ដំណើរ​ការ​យន្តការ​អធិការកិច្ច​កាន់​តែ​តឹងរ៉ឹង​ជាង​នេះ។

ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​នេះ​ធ្វើ​ឡើង​ដោយ​មាន​មូលដ្ឋាន​ប្រព័ន្ធ​ដោះដូរ ដោយ​ពាណិជ្ជករ​​​ដោះដូរ​ទំនិញ​នានា​ដូចជា​ ម្ទេស ឃ្យូមីន (cumin) ស្វាយ និង​ផ្លែ​ឈើ​ក្រៀម។

ពាណិជ្ជកម្ម​នេះ​បាន​ចាប់​ផ្តើម​​​ក្នុង​ឆ្នាំ ២០០៨ ដើម្បី​ធ្វើ​ជា​មធ្យោបាយ​មួយ​ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​ដែល​មិន​ល្អ​រវាង​រដ្ឋាភិបាល​ក្រុង​ញូវដែលី និង​​ក្រុង​អ៊ីស្លាម៉ាបាដ ដែល​បាន​បង្ក​សង្គ្រាម​នឹង​គ្នា ​ដើម្បី​កាន់​កាប់​​តំបន់​កាស្មៀរ​​៕ AFP/KC