ភ្នំពេញៈ បន្ទាប់ពី​ជំនួប​ប្រជុំ​ពាណិជ្ជកម្ម​មួយ​ដែល​ធ្វើ​ឡើង​នៅ​ភ្នំពេញ​កាលពី​ដើម​សប្តាហ៍​មុន រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌា​បាន​បង្ហាញ​ពី​គម្រោង​វិនិយោគ​លើ​ស្ថាប័ន​បណ្តុះបណ្តាល​ជំនាញ​វេជ្ជសាស្ត្រ និង​មន្ទីរពេទ្យ​ថ្មី​មួយ​នៅ​កម្ពុជា​ជា​ផ្នែក​មួយ​ដែល​ឥណ្ឌា​បញ្ជាក់​ថា ដើម្បី​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ ៤ នៅ​តំបន់​អាស៊ាន​។

គម្រោង​នេះ​ត្រូវ​បាន​លើក​ឡើង​បន្ទាប់ពី​លោក Suresh Prabhu រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌា​បាន​ចូលរួម​កិច្ចប្រជុំ​ពាណិជ្ជកម្ម ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម (India-CLMV) ដែល​ជា​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​ ៥ ដែល​ធ្វើ​ឡើង​នៅ​ភ្នំពេញ​កាលពី​ដើម​សប្តាហ៍​មុន​។ នា​កិច្ចប្រជុំ​នោះ​លោក Prabhu បាន​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

ថ្លែង​ប្រាប់​សារព័ត៌មាន​ឥណ្ឌា Press Trust of India (PTI) ពី​សប្ដាហ៍​មុន​លោក Suresh ឲ្យ​ដឹង​ថា​ប្រទេស​ឥណ្ឌា​បាន​សម្រេច​ចិត្ត​ធ្វើ​គម្រោង​ ២ ​នៅ​ក្នុង​ក្រុម​ប្រទេស CLMV ក្នុង​នោះ​គម្រោង​បង្កើត​មហាវិទ្យាល័យ​វេជ្ជសាស្ដ្រ និង​មន្ទីរពេទ្យ​នឹង​ត្រូវ​បាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​ប្រាប់ PTI ថា​៖ «​ខាង​ភាគី​របស់​យើង យើង​បាន​សម្រេច​ចិត្ត​ធ្វើ​គម្រោង​ ២ ​នៅ​ក្នុង​ក្រុម​ប្រទេស CLMV​។ នៅ​កម្ពុជា​យើង​នឹង​បង្កើត​មន្ទីរពេទ្យ និង មហាវិទ្យាល័យ​វេជ្ជសាស្ដ្រ​»​។ លោក​បន្ថែម​ថា ឥណ្ឌា កំពុង​រៀបចំ​ផែនការ​បង្កើត​មន្ទីរពេទ្យ​ពហុឯកទេស និង​វិទ្យាស្ថាន​អប់រំ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ផ្នែក​ឱសថ​នៅក្នុង​ប្រទេស​វៀតណាម​។

មិន​មាន​ព័ត៌មាន​លម្អិត​ស្ដីពី​អត្តសញ្ញាណ​របស់​វិនិយោគិន និង​ពេលវេលា​ជាក់លាក់​ថា​ពេលណា​គម្រោង​នេះ​នឹង​ចាប់ផ្ដើម​នៅ​កម្ពុជា​នោះ​ទេ​។ លោក Prabhu បាន​ថ្លែង​ថា របាយការណ៍​លម្អិត​របស់​គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ក្នុង​ការ​បញ្ចប់​។

ធនាគារ​ឥណ្ឌា Export-Import Bank គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ដាក់​អាទិភាព​រួច​ហើយ​ក្នុង​ការ​ផ្ដល់​មូលនិធិ​សម្រាប់​ប្រតិបត្តិករ​ថែទាំ​សុខភាព​របស់​ប្រទេស​ឥណ្ឌា និង​វិនិយោគិន​ខាង​វិស័យ​អប់រំ ដើម្បី​ពង្រីក​ច្រក​ចូល​មក​ប្រទេស​កម្ពុជា ដោយ​កត់សម្គាល់​ថា​តម្រូវការ​សេវា​ឯកទេស​មាន​គុណភាព​នៅ​កម្ពុជា​កំពុង​កើនឡើង​។

លោក ស៊ាង ថៃ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​ឥណ្ឌា​បាន​ជួប​គ្នា​នៅ​ភ្នំពេញ ដើម្បី​ពិភាក្សា​សក្ដានុពល​នៃ​ការបង្កើន​ពាណិជ្ជកម្ម និង​ការវិនិយោគ និង​ដាក់​អាទិភាព​វិស័យ​ថែទាំ​សុខភាព​ជា​ពាណិជ្ជកម្ម​មួយ​ក្នុង​ចំណោម​ពាណិជ្ជកម្ម​សំខាន់ៗ​មួយ​ចំនួន​។

ខណៈ​ការចរចា​ជាក់លាក់​លើ​គម្រោង​នេះ​មិន​ទាន់​ត្រូវ​បាន​ចរចា​នៅ​ឡើយ​ទេ លោក ថៃ បាន​ថ្លែង​ថា​កម្ពុជា​នឹង​ស្វាគមន៍​គម្រោង​វិនិយោគ និង​ផ្ដល់​ការជួយ​សម្រួល នៅពេល​មាន​ការ​ស្នើសុំ​ពី​ភាគី​ប្រទេស​ឥណ្ឌា​។

លោក​បាន​ថ្លែង​ថា៖ «​វិស័យ​ថែទាំ​សុខភាព​របស់​ប្រទេស​ឥណ្ឌា​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​រួច​ហើយ ដូច្នេះ​វា​នឹង​ជា​អត្ថប្រយោជន៍​ដ៏សំខាន់ បើ​ពួកគេ​ចូល​មក​ប្រទេស​យើង និង​វិនិយោគ​លើ​វិស័យ​នេះ​»​។ លោក​បន្ត​ថា​៖ «​យើង​សង្ឃឹម​ថា​គម្រោង​នេះ​នឹង​ត្រូវ​សម្រេច​បាន ហើយ​វា​នឹង​ជួយ​ដល់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅក្នុង​ប្រទេស​របស់​យើង​ខាង​វិស័យ​ថែទាំ​សុខភាព​»​។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ឥណ្ឌា​មាន​ចំនួន ១២៦ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧​។ នេះ​បើ​យោង​តាម​លោក ស៊ាង ថៃ​។ លោក​ថ្លែង​ថា​ផលិតផល​ឥណ្ឌា​ហូរ​ចូល​កាន់តែ​ច្រើន​មក​កម្ពុជា ជាពិសេស​ការនាំ​ចូល​ឱសថ និង​ឧបករណ៍​វេជ្ជសាស្ដ្រ​៕LA