ភ្នំពេញៈ ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​​កម្ពុជា​សង្ឃឹម​ថា​ ​កម្ពុជា​នឹង​ចូលរួម​ក្នុង​កម្មវិធី​ភាព​ជា​អ្នក​ដឹកនាំ​ថ្មី​របស់​កម្មវិធី កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​បច្ចេកវិទ្យា​ឥណ្ឌា ​(ITEC)​ ដែល​ទើប​នឹង​ផ្តួចផ្តើម​ឡើង​។ ​នេះ​បើ​យោង​តាម​​ឯកអគ្គ​រដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​។​

នៅ​ក្នុង​សុន្ទរក​ថា​នៃ​ទិវា ​ITEC ​កាល​ពី​ថ្ងៃ​អង្គារ ​នៅ​ភ្នំពេញ ​លោក​ស្រី ​Manika Jain ​ឯក​អគ្គ​រដ្ឋទូត​ឥណ្ឌា ​ប្រចាំ​នៅ​ប្រទេស ​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ ITEC ​បាន​ចាប់​ផ្ដើម​កម្មវិធី​ភាព​ជា​អ្នក​ដឹកនាំ​មួយ​ចំនួន​ សម្រាប់​ការ​គ្រប់គ្រង​ដូច​ជា ​ភាព​ដឹកនាំ​ស្ដ្រី ​និង​ការ​វិនិយោគ​ពាណិជ្ជកម្ម​ ​បន្ថែម​លើ​កម្មវិធី​ដែល​មាន​ស្រាប់​របស់​ខ្លួន។​ លោក​ស្រី​ថ្លែង​ថា​​៖ «​ខ្ញុំ​សង្ឃឹម​ថា ​កម្ពុជា​នឹង​​មិន​ចូលរួម​នៅ​ក្នុង​គំនិត​ផ្ដួចផ្ដើម​ថ្មី​ទាំង​នេះ​ទេ​»។​

លោក​ស្រី​​បន្ថែម​ថា ​ប្រទេស ​ឥណ្ឌា ​ក៏​បាន​ផ្ដល់​អាហារូបករណ៍​ស្ថិត​ក្រោម​ផែនការ​ផ្សេងៗ ​សម្រាប់​សញ្ញាបត្រ និង​​កម្មវិធី​ស្រាវជ្រាវ​នៅ​ក្នុង​គ្រឹះស្ថាន​សិក្សា ​និង​សាកល​វិទ្យាល័យ​សំខាន់ៗ​ របស់​ប្រទេស ​ឥណ្ឌា ​​ផង​ដែរ​។​

លោក​ស្រី ​Manika ​Jain​ ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​ប្រទេស ​ឥណ្ឌា ​​បាន​ផ្ដល់​អាហារូបករណ៍ ​២៥ ​កន្លែង​រៀងរាល់​ឆ្នាំ​​ដល់​និស្សិត​កម្ពុជា​។​

លោក​ស្រី​ថ្លែង​ថា​៖ «​យើង​អាច​បង្កើន​ចំនួន​អាហារូបករណ៍​ទាំង​នេះ​បាន​ប្រសិន​បើ​ត្រូវ​ការ​​»។ ​លោក​ស្រី​បន្ត​ថា​៖ «​ប៉ុន្តែ​យើង​បាន​មើល​ឃើញ​ថា ​មាន​តម្រូវការ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​សិក្សា​ឧត្តម​សិក្សា​​នៅ​​​ឥណ្ឌា ​ក្នុង​ចំណោម​និសិ្សត​ឆ្នើម​របស់​ប្រទេស ​កម្ពុជា ​ទេ​»។​

កម្មវិធី ​ITEC​ របស់​រដ្ឋាភិបាល​​ឥណ្ឌា ​ត្រូវ​បាន​ដំណើរការ​​កាល​ពី​ឆ្នាំ ​១៩៦៤ ជា​កម្មវិធី​ទ្វេ​ភាគី​មួយ​នៃ​ជំនួយ​​ឧបត្ថម្ភ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន​ ​១៥៨​។ ​នេះ​ជា​ផ្នែក​មួយ​នៃ​គំនិត​​ផ្តួចផ្ដើម​របស់​ប្រទេស ​ឥណ្ឌា ​នៅ​ក្នុង​​កិច្ច​សហ​ប្រតិបត្តិការ​ភាគ​ខាង​ត្បូង​ និង​ជា​និមិត្តរូប​ដែល​អាច​​មើល​ឃើញ​​ តួនាទី​របស់​ប្រទេស ​ឥណ្ឌា ​នៅ​ក្នុង​​​​កម្មវិធី​អភិវឌ្ឍន៍​សកល​ ដែល​​ចំណាយ ​៣០ ​លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់​ឆ្នាំ​សម្រាប់​កម្មវិធី​នេះ​។​

មក​ដល់​ពេល​នេះ ​ប្រជាជន​កម្ពុជា​ជាង ​១ ៦០០ ​នាក់​ ដែល​កំពុង​ធ្វើ​ការងារ​​នៅ​ក្នុង​ក្រសួង​ នាយកដ្ឋាន និង​​ស្ថាប័ន​ស្វយ័ត​ផ្សេងៗ ​ដូច​ជា​ធនាគារ​ជាតិ​នៃ​កម្ពុជា ​អគ្គិសនី​កម្ពុជា។ល។ ​បាន​ទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​​បណ្ដុះបណ្ដាល​នេះ​ក្នុង​វិស័យ​រៀងៗ​ខ្លួន​នៃ​ការងារ​របស់​ពួក​គេ​៕​LA