The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឥណ្ឌា​ ​សម្លឹង​ការ​វិនិយោគ​ថាមពល​កកើត​វិញ​នៅ​ កម្ពុជា

ឥណ្ឌា​ ​សម្លឹង​ការ​វិនិយោគ​ថាមពល​កកើត​វិញ​នៅ​ កម្ពុជា

ការ​បង្ហាញ​ពី​បន្ទះ​សូឡា​របស់​អាជីវករ​ម្នាក់​ដែល​បើក​អាជីវកម្ម​លក់​បន្ទះ​សូឡា​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក។
ការ​បង្ហាញ​ពី​បន្ទះ​សូឡា​របស់​អាជីវករ​ម្នាក់​ដែល​បើក​អាជីវកម្ម​លក់​បន្ទះ​សូឡា​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក។ ម៉េង គឹមឡុង

ឥណ្ឌា​ ​សម្លឹង​ការ​វិនិយោគ​ថាមពល​កកើត​វិញ​នៅ​ កម្ពុជា

ភ្នំពេញៈ វិនិយោគិន​ឥណ្ឌា​កំពុង​ស្វែងរក​ឱកាស​លើ​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ផ្ដោត​លើ​ថាមពល​កកើត​ឡើង​វិញ​។

សមាគម​ក្រុមហ៊ុន​ផលិត​ថាមពល​ឯករាជ្យ​របស់​ប្រទេស​ឥណ្ឌា​ (IPPAI)​ កាលពី​ម្សិលមិញ​បាន​ធ្វើ​សិក្ខាសាលា​មួយ​​នៅ​ទីក្រុង​ភ្នំពេញ​ស្ដីពី​ការ​អភិវឌ្ឍ​ថាមពល​កម្ពុជា​ដែល​ចូលរួម​ដោយ​ក្រសួង​រ៉ែ​​ និង​ថាមពល​កម្ពុជា​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា ស្ថានទូត​ឥណ្ឌា ​និង​សភា​ពាណិជ្ជកម្ម​ ឥណ្ឌា​សម្រាប់​ឱកាស​វិនិយោគ​ថាមពល​នៅ​ប្រទេស​កម្ពុជា​។

ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី​ពិភាក្សា​​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​សភាពាណិជ្ជកម្ម​ឥណ្ឌា និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម​​លោក Harry Dhaul ​អគ្គនាយក​ IPPAI​។

លោក​លើក​​ឡើង​ថា​៖ «​តម្លៃ​អគ្គិសនី​ដែល​មាន​ភាព​ប្រកួតប្រជែង​ និង​​គោល​នយោបាយ​វិនិយោគ​បរទេស​អំណោយផល​ធ្វើឲ្យ​កម្ពុជា​កា្លយ​ជា​ទីតាំង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ការ​អភិវឌ្ឍ​របស់​ទីផ្សារ​ថាមពល​ដែល​ជា​ប្រសិទ្ធភាព​ថាមពល​ហើយ​និង​​​មិន​ពឹង​ផ្អែក​លើ​​ការ​នាំ​ចូល​ពី​បណ្ដា​ប្រទេស​ជិត​ខាង​​»​។

លោក Naveen Srivastava ឯកអគ្គរាជទូត​របស់​ប្រទេស​ឥណ្ឌា​​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា​ប្រទេស​​​កម្ពុជា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​បាន​រីកចម្រើន​ខ្លាំង​​នៅ​ក្នុង​ការ​ធានា​ការ​​ផ្គត់ផ្គង់​ថាមពល​ខណៈ​មាន​​ការ​វិនិយោគ​កាន់​តែ​ច្រើន​ក្នុង​វិស័យ​នេះ។

លោក​ថ្លែង​ថា​៖ «​ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា​​បាន​​ប្រកាស​​ពី​ផែនការ​សួន​បន្ទះ​​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ទំហំ ១១០ មេហ្គាវ៉ាត់ ហើយ​​​ស្ថានទូត​បាន​បញ្ជូន​ព័ត៌មាន​នេះ​ទៅ​ IPPAI និង​​ក្រុមហ៊ុន​ឥណ្ឌា​ផ្សេង​​ទៀត​ពី​គម្រោង​នេះ​​។ ​ខ្ញុំ​សង្ឃឹម​​ថា​គម្រោង​នេះ​អាច​ជា​ការ​​​ចាប់​ផ្ដើម​​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង​»​។ ​

លោក​បន្ថែម​ថា ​ប្រទេស ​ឥណ្ឌា ​បាន​ចូលរួម​រួច​​ហើយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​​​ថាមពល​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ការ​អនុវត្ត​ខ្សែ​បញ្ជូន​​​ថាមពល​រវាង​ខេត្ត​ក្រចេះ​ និង​​ខេត្ត​ស្ទឹងត្រែង​។ ​

លោក​បញ្ជាក់​ថា​៖ «​យើង​​បាន​ចង្អុល​បង្ហាញ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​​ពី​​បំណង​របស់​យើង​ផង​ដែរ​ដល់​ដៃគូ​នៅ​​ក្នុង​គម្រោង​នា​ពេល​អនាគត​ដែល​ជាប់​ទាក់ទង​​នឹង​ការ​អភិវឌ្ឍ​ធនធាន​ថាមពល​»​។

លោក អ៊ិត ប្រាំង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ថ្លែង​ថា​ថាមពល ​និង​អគ្គិសនី​ភាគច្រើន​ជា​វិស័យ​មួយ​​ក្នុង​ចំណោម​វិស័យ​​អាទិភាព​ដ៏សំខាន់​ដែល​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​​ទុក​ដាក់​ឲ្យ​​បាន​ដិត​ដល់​បំផុត​។

លោក​លើក​ឡើង​ថា​៖ «​​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​គឺជា​កត្តា​ដ៏សំខាន់​ក្នុង​ការ​បង្កើន​កំណើន​សេដ្ឋកិច្ច​ចាប់​តាំង​ពី​​អគ្គិសនី​​មាន​សារៈសំខាន់​ខ្លាំង​​មិន​គ្រាន់តែ​សម្រាប់​ការ​ប្រើប្រាស់​ជីវិត​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​មាន​សារៈសំខាន់​ខ្លាំង​បំផុត​ក្នុង​ការ​គាំទ្រ​ដល់​ឆ្អឹង​ខ្នង​របស់​វិស័យ​ផ្សេង​ទៀត​ដូចជា​សេវា​​សិប្បកម្ម​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ការ​ជួញដូរ កសិកម្ម និង​អាជីវកម្ម​គ្រប់​ប្រភេទ​​ទាំងអស់​ទៀត​ផង​​»​។

រដ្ឋាភិបាល​កម្ពុជា​បាន​​​កំណត់​ទិសដៅ​ត្រឹម​ឆ្នាំ​ ២០២០ ថា​អ្នក​ភូមិ​គ្រប់​គ្នា​អាច​មាន​អគ្គិសនី​​ប្រភេទ​ណា​មួយ​ប្រើប្រាស់​ហើយ​ត្រឹម​ឆ្នាំ​ ២០៣០​ យ៉ាង​ហោច​​ណាស់​គ្រួសារ​ ៧០ ​ភាគរយ​នឹង​មាន​អគ្គិសនី​ប្រើ​ប្រាស់​។ នេះ​​បើ​​តាម​​លោក អ៊ិត ប្រាង​។

បើ​យោង​តាម​លោក អ៊ិត ប្រាំង រហូត​មក​​ដល់​​ពេល​បច្ចុប្បន្ន​នេះ​បន្ទាប់ពី​រោងចក្រ​ថាមពល​វារី​អគ្គិសនី​ទាំង ​៦ ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​វា​បាន​​ដំឡើង​សមត្ថភាព​សរុប​​ក្នុង​ប្រហែល​​ ៩២៨ ​មេហ្គាវ៉ាត់​ដែល​​រួម​ចំណែក​​បាន​ប្រហែល​​ ៣៣ ​​ភាគរយ​នៃ​​ប្រភព​បង្កើត​ថាមពល​រួម​​។

លោក​បាន​​​បន្ត​ថា៖ ​«ដោយ​ឡែក​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្ម​របស់​យើង​ដែល​បាន​ដំឡើង​សមត្ថភាព​ ៣៧០ ​​មេហ្គាវ៉ាត់​រួម​​ចំណែក​ ៣៧ ​​​ភាគរយ​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​»។ ​

លោក​បាន​បន្ថែម​ទៀត​​ថា៖ «​ការ​ប្រើប្រាស់​សម្រាប់​ប្រទេស​ទាំង​មូល​មាន​ចំនួន ៥ ៩៩០ ​លាន​គីឡូវ៉ាត់​ម៉ោង​បើ​ធៀប​​ជាមួយ​នឹង​ឆ្នាំ​មុនៗ​ដែល​​មាន​​ការ​កើន​​ឡើង​​ប្រហែល​ ២៧ ​​ភាគរយ​។ ការ​ប្រើប្រាស់​ថាមពល​របស់​យើង​ក្នុង​​​មនុស្ស​ម្នាក់​​​មាន​ប្រហែល ៤០០ គីឡូវ៉ាត់​ម៉ោង»​៕ LA

អត្ថបទគួរចាប់អារម្មណ៍