ហ្សាការតាៈ​ ប្រទេស ​ឥណ្ឌូនេស៊ី ​កាត់​បន្ថយ​​អត្រា​ការ​ប្រាក់​ជា​លើក​ដំបូង​នៅ​​ក្នុង​រយៈពេល​ជិត ​២ ​ឆ្នាំ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ខណៈ​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​​របស់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​ស្វែងរក​​ការ​បង្កើន​កំណើន​សេដ្ឋកិច្ច​។​

ធនាគារ​កណ្ដាល​របស់​ប្រទេស ​ឥណ្ឌូនេស៊ី​ (BI) បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ដ៏​សំខាន់​ ​០,២៥ ​ភាគរយ ​មក​នៅ​ត្រឹម ​៥,៧៥ ​ភាគរយ ​សេចក្ដី​សម្រេច​នេះ​ ធ្វើ​ឡើង​មុន​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ដែល​រំពឹង​ទុក​ដោយ​​ធនាគារ​កណ្ដាល​អាមេរិក​នៅ​ចុង​ខែ​នេះ​។​

លោក​ Perry Warjiyo ប្រធាន​ធនាគារ​កណ្ដាល​របស់​ប្រទេស ​ឥណ្ឌូនេស៊ី​ បាន​ឲ្យ​ដឹង​ថា៖ «​គោល​នយោបាយ​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​យើង​ប៉ាន់​​ប្រមាណ​ថា​​ អតិផរណា​នឹង​រក្សា​​កម្រិត​ទាប ​ហើយ​យើង​ចាំបាច់​ត្រូវ​រក្សា​សម្ទុះ​សម្រាប់​កំណើន​សេដ្ឋកិច្ច​»​។​

BI ​ក៏​បាន​បន្ទាប​អត្រា​ការ​ប្រាក់​លើ​ប្រាក់​បញ្ញើ​ និង​ប្រាក់​កម្ចី​ចំនួន​ ០,២៥ ​ភាគរយ​មក​នៅ​ត្រឹម ​៦,៥ ​ភាគរយ​ និង ​៥ ​ភាគរយ​ផង​ដែរ​​។​

សេដ្ឋកិច្ច​របស់​​ប្រទេស ​ឥណ្ឌូនេស៊ី ​បាន​​កើន​ឡើង​ ៥,០៧ ​ភាគរយ ​នៅ​ត្រីមាស​​ទី១​ ធៀប​នឹង​ឆ្នាំ ​២០១៧ ​ចំ​ពេល​តម្លៃ​​ទំនិញ​ប្រើប្រាស់​សំខាន់ៗ​ចុះ​ខ្សោយ​ ដែល​រួមមាន​ ប្រេង​ដូង ​និង​ធ្យូង​ថ្ម ​និង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បន្ត​កើត​ឡើង​ រវាង​​អាមេរិក​ និង​ប្រទេស ​​ចិន​។​

លោក​ Warjiyo បាន​ឲ្យ​ដឹង​ថា ​ទោះ​បី​ជា​ភាព​មិន​ច្បាស់​លាស់​ពី​ពិភព​លោក​កំពុង​ប្រសើរ​ឡើង​ក៏​ដោយ​ ក៏​ធនាគារ​​​នេះ​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​​ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំង​ និង​ទីក្រុង​វ៉ាស៊ីនតោន​។​

លោក​បន្ត​ថា​៖ «​ធនាគារ​កណ្ដាល​របស់​ប្រទេស ​ឥណ្ឌូនេស៊ី ​នៅ​តែ​មើល​ឃើញ​ឱកាស​សម្រាប់​គោល​នយោបាយ​​រូបិយវត្ថុ​ដែល​មាន​ភាព​សម្រប​សម្រួល​»។​

ការ​សម្លឹង​ឆ្ពោះ​ទៅ​មុខ សេដ្ឋកិច្ច​កាន់​តែ​យឺត និង​អតិផរណា​​មិន​ខ្លាំង​ អាច​ឈាន​ទៅ​ដល់​​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​បន្ថែម​ទៀត​។​

លោក​ Gareth Leather សេដ្ឋ​វិទូ​អាស៊ី​មក​ពី​ក្រុមហ៊ុន Capital Economics ​បាន​ថ្លែង​ថា​៖ «​​ប៉ុន្តែ​ចក្ខុ​វិស័យ​​​មិន​ច្បាស់​លាស់​សម្រាប់​រូបិយប័ណ្ណ​នេះ មាន​ន័យ​ថា ​នេះ​មិន​ទំនង​ជា​ការ​ចាប់​ផ្ដើម​​នៃ​វដ្ដ​បន្ធូរ​បន្ថយ​រយៈពេល​វែង​​នោះ​ទេ​»​។​

ប្រទេស​នេះ​ កំពុង​ជម្នះ​នឹង​តម្លៃ​ប្រាក់​​រូពៀ​ដ៏​ចុះ​ខ្សោយ​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លក់​ចេញ​​រូបិយប័ណ្ណ​របស់​ទីផ្សារ​។

ប៉ុន្តែ​ប្រទេស​នេះ ​បាន​ស្ទុះ​ងើប​ឡើង​វិញ​​ជា​ថ្មី​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ដែល​បាន​គាំទ្រ​ដោយ​ការ​បង្កើន​អត្រា​​ការ​ប្រាក់​ម្ដង​ហើយ ​ម្ដង​ទៀត​របស់​​ធនាគារ​កណ្ដាល​រហូត​ដល់​ឆ្នាំ ​២០១៨៕​ AFP/LA​