ទីក្រុងហ្សាការតាៈ សេដ្ឋកិច្ច​ដែល​ទទួលរង​ការវាយប្រហារ​ពី​វីរុស​របស់​ឥណ្ឌូនេស៊ី​បាន​ធ្លាក់ចុះ​ក្នុង​ត្រីមាស​ទី​ ៣ ​ឆ្នាំ​នេះ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​ធ្លាក់ចុះ​ជា​លើកដំបូង​ចាប់តាំងពី​ប្រទេស​ប្រជុំ​កោះ​នេះ​ត្រូវបាន​ជាប់គាំង​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​កាលពី​ជាង​ ២០ ​ឆ្នាំ​មុន​។

ភ្នាក់ងារ​ស្ថិតិ​បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សកម្មភាព​សេដ្ឋកិច្ច​ដ៏ធំ​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​បាន​ធ្លាក់ចុះ​ ៣,៤៩ ​ភាគរយ​ក្នុង​ត្រីមាស​ទី​ ៣ ​ឆ្នាំ​នេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន ដោយសារ​ការធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​វិស័យ​ទេសចរណ៍ សំណង់ និង ពាណិជ្ជកម្ម ក្នុង​ចំណោម​វិស័យ​ដែល​ទទួល​រងគ្រោះ​។

ទិន្នន័យ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការធ្លាក់ចុះ​ ២ ​ត្រីមាស​ជាប់​គ្នា​បន្ទាប់ពី​ការធ្លាក់ចុះ​ ៥,៣ ​ភាគរយ​ក្នុង​ត្រីមាស​ទី​ ២ នៃ​ឆ្នាំនេះ​។

ប្រទេស​ឥណ្ឌូនេស៊ី​ធ្លាប់​ធ្លាក់ចុះ​សេដ្ឋកិច្ច​ចុងក្រោយ​ក្នុង​ឆ្នាំ​ ១៩៩៩ អំឡុងពេល​វិបត្តិ​រូបិយប័ណ្ណ​តំបន់​ដែល​ជួយ​បង្ខំ​ការលាលែង​ពី​អំណាច​ផ្តាច់ការ​អស់​រយៈពេល​ដ៏យូរ​របស់​ប្រធានាធិបតី​លោក Suharto នៅ​មិន​ដល់​ ១ ​ឆ្នាំ​មុន​នោះ​។

រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​បាននិង​កំពុង​តស៊ូ​ដើម្បី​គ្រប់គ្រង វីរុស​កូរ៉ូណា នៅពេល​ជំងឺឆ្លង​ដ៏ផ្តាច់ផ្តិល​នេះ​បង្ខំ​ឱ្យ​បិទ​ផ្នែក​ជាច្រើន​នៃ​សេដ្ឋកិច្ច​សកលលោក​។

ធនាគារ​កណ្តាល​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​កាត់​អត្រា​ការប្រាក់​ជាច្រើនលើក​នៅក្នុង​ឆ្នាំនេះ​ជា​កិច្ចប្រឹងប្រែង​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ស្ទើរ​ងើបឡើង​វិញ ខណៈ​រដ្ឋាភិបាល​បញ្ចេញ​នូវ​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ច្រើនជាង​ ៤៨ ​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ប៉ះប៉ូវ​ផលប៉ះពាល់​បណ្តាល​មកពី​វីរុស​ដែល​បង្ខំ​ឱ្យ​បិទ​ប្រទេស​ទ្រង់ទ្រាយ​ធំ ដែល​នាំ​ដល់​ប៉ះពាល់​កំណើន​។

ប្រជាជន​ឥណ្ឌូនេស៊ី​ជាច្រើន​លាន​នាក់​ត្រូវបាន​គេ​កាត់ផ្តាច់​ ឬ​បោះបង់ចោល​ជា​បណ្តោះ​អាសន្ន​នៅលើ​ប្រទេស​ដែន​កោះ​ដែល​មាន​ប្រជាជន​ជិត​ ២៧០ ​លាន​នាក់​ឱ្យ​ជម្នះ​នឹង​វិបតិ្ត​។

ទោះបី​ជា​យ៉ាងណា ការឆ្លង​ជំងឺ​កូវីដ​១៩ នៅតែ​បន្ត​កើនឡើង​ដោយ​ករណី​ឆ្លង​បាន​កើន​ដល់​ទៅ​ ៤២០ ០០០ នាក់​ជាមួយ​អ្នកស្លាប់​ជាង ១៤ ០០០ ​នាក់​​ បាន​ធ្វើឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី​ស្ថិតក្នុង​ចំណោម​ប្រទេស​ទទួលរងគ្រោះ​បំផុត​ក្នុង​តំបន់​អាស៊ី​។

ទោះបី​ជា​យ៉ាងណា ទំហំ​ពិត​នៃ​វិបត្តិ​នៃ​ការឆ្លង​វីរុស​ត្រូវបាន​គេ​ជឿ​យ៉ាង​ទូលំទូលាយ​ថា មាន​ទំហំ​ធំ​ជាង​នេះ​ក្នុង​ប្រទេស​ឥណ្ឌនេស៊ី​ដែលមាន​អត្រា​ធ្វើតេស្ត​រក​វីរុស​ទាប​បំផុត​ក្នុង​សកលលោក​។

លោក​ប្រធានាធិបតី Joko Widodo ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ជុំវិញ​ការដោះស្រាយ​ចំពោះ​ការរីករាលដាល​របស់​រដ្ឋាភិបាល​របស់​លោក ពេល​ដែល​ខ្លួន​ចាប់ផ្តើម​ធ្វើ​អាទិភាព​ចំពោះ​វិស័យសេដ្ឋកិច្ច​។

ការរុញច្រាន​កំណើន​ប្រចាំឆ្នាំ​លើស​ ៥ ​ភាគរយ​ជា​អាទិភាព​សំខាន់​សម្រាប់​លោក Widodo ក្នុង​អាណត្តិ​ទី​ ២ ​របស់​លោក​ដែល​បានចាប់ផ្តើម​កាលពី​ចុងឆ្នាំ​មុន​។

កាលពី​ថ្ងៃ​ចន្ទ​លោក​ប្រធានាធិបតី​បាន​ចុះហត្ថលេខា​លើ​ច្បាប់​គាំទ្រ​ដល់​វិស័យ​ធុរកិច្ច ដែល​មាន​បំណង​កាត់បន្ថយ​ឧបសគ្គ និង​ទាក់ទាញ​ការវិនិយោគ​បរទេស​ច្រើន​បន្ថែម​ទៀត​នៅពេលដែល​លោក​កំពុង​ជំរុញ​គោលនយោបាយ​ផ្តោតលើ​ហេដ្ឋារចនាសម្ព័ន្ធ​។

ប៉ុន្តែ​ច្បាប់​ដ៏ចម្រូងចម្រាស​នេះ​បាន​បង្កើន​ការតវ៉ា​យ៉ាងខ្លាំង​ក្នុង​ទីក្រុង​ទូទាំងប្រទេស ពេល​ដែល​សកម្មជន​តវ៉ា​ព្រមាន​ថា វា​នឹង​ក្លាយ​ជា​គ្រោះមហន្តរាយ​សម្រាប់​ការការពារ​ពលកម្ម និង​បរិស្ថាន​៕ RR