​​ជាមួយ​ វីង អតិថិជន​អាច​ដក​ប្រាក់​ពី​ធនាគារ​ចំនួន ១៨ ទូទាំង​ប្រទេស​តាមរយៈ​បាគង​។​​

អតិថិជន​ដៃគូ​ធនាគារ​នៃ​បាគង​ដែល​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា Blockchain ប្រកប​ដោយ​ភាពច្នៃប្រឌិត​ដំណើរការ​ដោយ​ប្រព័ន្ធ​ឌីជីថល​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ធនាគារជាតិ​កម្ពុជា ឥឡូវនេះ​ពួកគេ​អាច​ផ្ទេរប្រាក់​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​វីង​នៅ​ទូទាំង​ប្រទេស​។

អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​ឯកទេស វីង បាន​មានប្រសាសន៍​ថា​៖ «​ក្នុង​រយៈពេល​ ១២ ​ឆ្នាំ​កន្លង​មក​នេះ វីង ​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ចក្ខុវិស័យ​របស់​យើង​ក្នុង​ការផ្តល់​ជូន​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ដែល​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ តាមរយៈ​ការរួម​សហការ​វាង​បាគង និង​វីង យើង​នឹង​ជំរុញ​ចក្ខុវិស័យ​នេះ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​»​។

បាគង​ដែល​បានដាក់​ឱ្យ​ដំណើរការ​កាលពី​ចុងខែ​តុលា​ឆ្នាំនេះ ជា​កម្មវិធី​អន្តរ​ធនាគារ​មួយ​ដែល​ជំរុញ​ការទូទាត់​សាច់ប្រាក់​យ៉ាង​រលូន​រវាង​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។ ការរួមបញ្ចូល​គ្នា​នូវ​ហិរញ្ញវត្ថុ​ឌីជីថល​នេះ​នឹង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​នៃ​ការទូទាត់​ចំណាយ និង​ការជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ក៏ដូចជា​លើកកម្ពស់​ប្រតិបត្តិការ​គ្មាន​សាច់ប្រាក់​នៃ​ប្រាក់រៀល​ដែលជា​រូបិយប័ណ្ណ​ជាតិ​ផងដែរ​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង បាន​មាន​ប្រសាសន៍​ថា​៖ «​នេះ​ជា​លើក​ទី​ ១ ​ហើយ​ដែល​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ភាពច្នៃប្រឌិត​បែបនេះ ត្រូវ​បាន​ដាក់ឱ្យ​ដំណើរការ ដើម្បី​ភ្ជាប់​ធនាគារ ស្ថាប័នហិរញ្ញវត្ថុ និង​អ្នកផ្តល់​សេវា​ទូទាត់​ផ្សេងទៀត​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​។ តាមរយៈ​ភាពជា​ដៃគូ​នេះ យើង​អាចជួយ​សម្រួល​ដល់​ការផ្ទេរ​ប្រាក់​តាមបែប​ឌីជីថល ដល់​ស្ថាប័ន​ផ្សេងៗ​បាន​យ៉ាង​រហ័ស និង​ងាយស្រួល​។ ជាមួយ​ប្រព័ន្ធ​បាគង អតិថិជន​នៃ​ធនាគារ​ដៃគូ​ទាំងអស់​ឥឡូវនេះ​នឹង​អាច​ប្រើប្រាស់​បណ្តាញ​ភ្នាក់ងារ​វីង​ទូទាំង​ប្រទេស​ដើម្បី​ដក​ប្រាក់​របស់​ពួកគេ​»​។

អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​ឯកទេស វីង​។

សម្រាប់​អ្នកប្រើប្រាស់​ទូទៅ បាគង​កែលម្អ​របៀប​នៃ​ការទូទាត់​សាច់ប្រាក់ និង​ធនាគារ​ចល័ត​តាមរយៈ​ការរួមបញ្ចូល​នូវ​សេវាកម្ម​ធនាគារ និង​សេវាហិរញ្ញវត្ថុ ចូល​ក្នុង​ទម្រង់​តែមួយ​។ ដោយសារ​តែ​រូបិយប័ណ្ណ​ឌីជីថល​នេះ​អាចធ្វើ​ប្រតិបត្តិការ​បាន​យ៉ាង​ងាយស្រួល​រវាង​ប្រជាជន​ និង​ស្ថាប័ន​ទើប​ធ្វើឱ្យ​អ្នកប្រើប្រាស់​អាច​ទទួល​ និង​ផ្ទេរប្រាក់​ទៅ​មិត្តភក្តិ សមាជិក​គ្រួសារ និង​ដៃគូ​អាជីវកម្ម​គ្រប់​ពេលវេលា គ្រប់​ទីកន្លែង​នៅ​ប្រទេស​កម្ពុជា​។ សព្វថ្ងៃនេះ អតិថិជន​របស់​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​របស់​បាគង អាច​ធ្វើការ​ផ្ទេរ​ប្រាក់​តាមរយៈ​ស្កេន QR កូដ វាយ​បញ្ចូល​លេខ​ទូរស័ព្ទ ឬ​គ្រាន់តែ​ជ្រើសរើស​ឈ្មោះ​អ្នក​ទទួល​ពី​បញ្ជី​ទំនាក់ទំនង​របស់​ពួកគេ​។

អ្នកប្រើប្រាស់​ប្រព័ន្ធ​បាគង​អាច​ជ្រើសរើស​ស្ថាប័នហិរញ្ញវត្ថុ​ណាមួយ​នៅក្នុង​បណ្តាញ​ប្រព័ន្ធ​បាគង​ដើម្បី​ផ្ទេរប្រាក់​រវាង​គ្នា​ទៅវិញទៅមក ហើយ​ថែមទាំង​អាច​ធ្វើការ​ត្រួតពិនិត្យ​ប្រវត្តិ​ប្រតិបត្តិការ​ប្រើប្រាស់​ទៀតផង​។ នៅពេល​ផ្ទេរប្រាក់​ហើយ​អ្នកប្រើប្រាស់​អាច​ផ្ទេរប្រាក់​តាមរយៈ​ប្រព័ន្ធ​បាគង​ទៅ​គណនី​វីង ហើយ​ពួកគេ​អាច​ប្រើប្រាស់​ភ្នាក់ងារ​វីង​ទូទាំងប្រទេស​ដើម្បី​ដក​ប្រាក់​។

ប្រទេស​កម្ពុជា​កំពុង​ជំរុញ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​របស់ខ្លួន​តាមរយៈ​រូបិយប័ណ្ណ​ឌីជីថល ហើយ​ក្នុង​នាម​ជា​អ្នកផ្តល់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​ដ៏ធំ​មួយ​នៅក្នុង​ប្រទេស វីង​កំពុង​រួមចំណែក​ធ្វើឱ្យ​ការ​ខំប្រឹងប្រែង​មួយ​នេះ​ជោគជ័យ​។

លោក ម៉ានូ រ៉ាចាន់ បាន​បន្តថា​៖ «​បាគង​និង វីង កំពុង​រួមគ្នា​ជំរុញ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ឱ្យ​ឈានដល់​ការអភិវឌ្ឍ​កម្រិត​ថ្មី​មួយទៀត​។ សម្រាប់​យើង វា​ជា​ការបើក​ឱ្យមាន​ការផ្តល់​សេវា​ដាក់​ប្រាក់​ និង​ដក​ប្រាក់​ដែល​ប្រកប​ដោយ​ភាពងាយស្រួល​ដល់​អតិថិជន​របស់​ដៃគូ​ធនាគារ​នៃ​បាគង​»​។

នោះ​មានន័យថា អតិថិជន​ទាំងនេះ​ឥឡូវ​អាច​ប្រើប្រាស់​សេវា​របស់​បណ្តាញ​ភ្នាក់ងារ​វីង​ជាង​ ៨២០០ គ្រប់​ទីកន្លែង​ពី​រាជធានី​ភ្នំពេញ​រហូតដល់​តាម​ស្រុក​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ឥឡូវនេះ​មាន​ស្ថាប័ន​ហិរញ្ញវត្ថុ​ចំនួន​ ១៨ ​ទូទាំង​ប្រទេស​ហើយ​ដែល​បាន​ក្លាយជា​សមាជិក​របស់​ប្រព័ន្ធ​បាគង​។ សម្រាប់​អ្នកប្រើប្រាស់​ថ្មី លោកអ្នក​អាច​ស្វែងរក​កម្មវិធី​ប្រព័ន្ធ​បាគង​នៅក្នុង App Store និង Google Play Store ឬ​តាមរយៈ​គេហទំព័រ​៖ https://bakong.nbc.org.kh ៕