The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឧស្សាហកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​កម្ពុជា ​កាន់​តែ​ប្រកួត​ប្រជែង

ឧស្សាហកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​កម្ពុជា ​កាន់​តែ​ប្រកួត​ប្រជែង

Content image - Phnom Penh Post
យុទ្ធនាការ​ផ្សព្វផ្សាយ​របស់​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ Manulife នា​ពេល​កន្លង​មក។ ហេង ជីវ័ន

ឧស្សាហកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​កម្ពុជា ​កាន់​តែ​ប្រកួត​ប្រជែង

ភ្នំពេញៈ ទោះបី​កម្ពុជា​ជា​ទីផ្សារ​តូច​មួយ​ក្តី ប៉ុន្តែ​វា​នៅ​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជាច្រើន​កំពុង​ចូល​មក​ទីផ្សារ​នេះ ដែល​អ្នក​ជំនាញ​លើក​ឡើង​ថា នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ស្វិតស្វាញ​ក្នុង​ឧស្សាហកម្ម​នេះ​។

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ធំ​ទី​ពីរ​របស់​ថៃ Bangkok Life បាន​ចាប់​ផ្តើម​បើក​ដំណើរ​ការ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ ខណៈ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត AIA នឹង​បើក​ដំណើរ​ការ​នៅ​ចុង​សប្តាហ៍​នេះ​។

ការ​ចូល​មក​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ថ្មី​ពីរ​នេះ នឹង​ធ្វើ​ឲ្យ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​សរុប​នៅ​កម្ពុជា​កើន​ដល់​៦​ក្រុមហ៊ុន​។

លោក ង៉ែត ជូ អ្នក​ប្រឹក្សា​យោបល់​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន Emerging Markets Consulting បាន​ឲ្យ​ដឹង​ថា មាន​ឱកាស​ច្រើន​ក្នុងការ​រីក​ចម្រើន​នៅ​ក្នុង​អាជីវកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​នៅ​កម្ពុជា ដោយ​សារ​តែ​វា​កំពុង​ចាប់​កំណើត​នៃ​ការ​អភិវឌ្ឍ​ធៀប​នឹង​បណ្ដា​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត​។

លោក​បាន​បន្ថែម​ថា ក្រុមហ៊ុន​ផ្ដល់​ការ​ធានា​រ៉ាប់រង​កាន់​តែ​ច្រើន​ចូលរួម​ក្នុង​ទីផ្សារ​កម្ពុជា​មាន​ន័យ​ថា មាន​កំណើន​ទំនុក​ចិត្ត​ក្នុង​ចំណោម​ក្រុម​វិនិយោគិន​លើ​អាជីវកម្ម​រយៈពេល​វែង ហើយ​ល្អ​ក្នុង​ការ​អប់រំ​ទីផ្សារ​អំពី​ផលិតផល និង​សេវា​ថ្មីៗ​។

លោក​បន្ថែម​ថា​៖«​ឧស្សាហកម្ម​នេះ​គឺ​ចង្អៀត​បន្តិច​ហើយ ប៉ុន្តែ នៅ​តែ​ល្អ​សម្រាប់​រយៈ​ពេល​វែង ប្រសិន​បើ​ចំនួន​នេះ​មិន​កើន​ឡើង​ច្រើន​»​។

លោក​បញ្ជាក់​ថា​៖ «​នៅ​ក្នុង​រយៈពេល​ខ្លី គ្រប់ៗ​គ្នា​នឹង​ដណ្ដើម​គ្នា​យក​ចំណែក​នំ​តូចៗ ដោយ​សារ​តែ​ប្រជាជន​តិច​តួច និង​ការ​យល់​ដឹង​ទាប​។ សម្រាប់​រយៈពេល​វែង​នឹង​ល្អ​ប្រសិន​បើ​មិន​មាន​អ្នក​ចូល​មក​ថ្មី​បន្ថែម​ទៀត ដោយ​សារ​តែ​ទីផ្សារ​នេះ​ត្រូវ​ការ​អប់រំ​កាន់​តែ​ច្រើន​»​។

ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​គឺជា​ផលិតផល​ថ្មី​ដែល​ចូល​មក​កម្ពុជា​កាលពី​ឆ្នាំ ​២០១២ ហើយ​នៅ​ក្នុង​រយៈពេល​ត​ជាង​ ៤​ ឆ្នាំ​ឧស្សាហ​កម្ម​នេះ​មាន​ក្រុមហ៊ុន​រហូត​ដល់ ​៦​។

ឧស្សាហកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​របស់​កម្ពុជា​បាន​មើល​ឃើញ​កំណើន​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាលពី​ឆ្នាំមុន ខណៈដែល​បុព្វលាភ​ដុល​បាន​កើន​ឡើង​ ៩៥ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

លោក Methit Mukdasiri នាយក​ក្រុមហ៊ុន Bangkok Life Insurance (Cambodia) បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​អង្គារ​ថា កម្ពុជា ​ជា​សាខា​ប្រតិបត្តិការ​ដំបូង​ក្នុង​តំបន់​អាស៊ាន​របស់​ក្រុមហ៊ុន​ក្រៅពី​ប្រទេស​ ថៃ នៃ​ផែនការ​ពង្រីក​នៅក្នុង​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​។

លោក​ថ្លែង​ថា កម្ពុជា​ជាទី​តាំង​យុទ្ធសាស្ដ្រ​មួយ​សម្រាប់​ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ព្រោះ​មាន​ប្រជាជន​វ័យ​ក្មេង​ច្រើន ហើយ​មូលដ្ឋាន​បុព្វលាភ​ធានា​រ៉ាប់រង​អាយុ​ជីវិត​នៅ​មាន​កម្រិត​ទាប​។

លោក​ថ្លែង​ថា​៖ «​ទីផ្សារ​នេះ​នៅ​តែ​កំពុង​រីក​ចម្រើន ហើយ​វា​មិន​យឺត​ពេល​ក្នុង​ការ​ចូល​ក្នុង​ទីផ្សារ​នេះ​ទេ ដោយ​សារ​វា​នៅ​តែ​ជា​ទីផ្សារ​វ័យ​ក្មេង និង​នៅ​តែ​មាន​ឱកាស​រីកចម្រើន​»​។

លោក​បន្ត​ថា​៖ «​ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ជា​អាជីវកម្ម​រយៈពេល​វែង វា​ដូចជា​ការ​រត់​កីឡា​ម៉ារ៉ាតុង​អ៊ីចឹង​។ យើង​ចាំបាច់​ត្រូវ​រៀប​ផែនការ​យុទ្ធសាស្ដ្រ​ល្អ​ដើម្បី​រីក​ចម្រើន​»​។

ថ្លែង​ក្នុង​ការ​បើក​ដំណើរការ​ជា​ផ្លូវ​ការ​នៃ​ក្រុមហ៊ុន Bangkok Life Insurance កាល​ពី​ថ្ងៃ​អង្គារ លោក​ស្រី​ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ឧស្សាហកម្ម​ធានា​រ៉ាប់​ង​ របស់​ប្រទេស​ កម្ពុជា ​បាន​មើល​ឃើញ​កំណើន​នៅ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ ជាមួយ​នឹង​បុព្វលាភ​ដុល​បាន​ កើន​ឡើង​ពី ​៣០​ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១១ ដល់​ ១២០ ​លាន​ដុល្លារ​ កាលពី​ចុងឆ្នាំ​ ២០១៦​។ ក្នុង​ចំណោម​នោះ​បុព្វលាភ​សរុប​ ១២០ ​លាន​ដុល្លារ​កាលពី​ចុងឆ្នាំ​ ២០១៦ ចំណែក​បុព្វលាភ​ធានា​រ៉ាប់រង​អាយុ​ជីវិត​មាន​ចំនួន​៣១​ភាគរយ​។

លោក​ស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​ណាស់​ជាមួយ​នឹង​កំណើន​របស់​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ហើយ​នេះ​ឆ្លុះ​បញ្ចាំង​ពី​កំណើន​ទំនុក​ចិត្ត​របស់​ប្រជាជន​កម្ពុជា​លើ​ផលិតផល​ថ្មីៗ​»​។

គិត​ត្រឹម​ដំណាច់​ឆ្នាំ ​២០១៦ ទឹក​ប្រាក់​ដែល​អតិថិជ ន​បាន​ទិញ​ធានា​រ៉ាប់រង​អាយុ​ជីវិត​បាន​កើន​ដល់​ចំនួន​សរុប ៤៣ លាន​ដុល្លារ កើន​ឡើង​ជិត​ពីរ​ដង​ធៀប​នឹង​ឆ្នាំ ២០១៥​។ នេះ​បើ​យោងតាម​ទិន្នន័យ​ចុង​ក្រោយ​របស់​សមាគម​ធានា​រ៉ាប់រង​កម្ពុជា​។

លោក Robert Elliott នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត Manulife Cambodia បាន​លើក​ឡើង​ថា វិស័យ​ធានា​រ៉ាប់រង​ផ្នែក​អាយុ​ជីវិត ទើបតែ​ចាប់​កំណើត​បាន​ ៥​ ឆ្នាំ​ ប៉ុណ្ណោះ​នៅ​កម្ពុជា ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ផ្សព្វផ្សាយ​ខ្លាំង​បន្ថែម​ទៀត​ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​អតិថិជន និង​ការ​អភិវឌ្ឍ​របស់​វិស័យ​នេះ​។

លោក​បន្ត​ថា ចៀសវាង​ការ​បារម្ភ​ពី​ការ​ប្រកួត​ប្រជែង វត្តមាន​ប្រតិបតិ្តករ​ថ្មី​ទាំង​នេះ​នឹង​ជួយ​បង្កើន​ការ​យល់​ដឹង​របស់​អ្នក​ប្រើ​ប្រាស់ ព្រម​ទាំង​ជួយ​អភិវឌ្ឍ​វិស័យ​នេះ​ឲ្យ​កាន់​តែ​ខ្លាំង​។

លោក​ថ្លែង​ថា​៖«​នៅ​មាន​ឱកាស​សម្រាប់​ការ​រីក​ចម្រើន​ធំ​ទៀត​។ ការ​ចូល​ទីផ្សារ​របស់​ក្រុមហ៊ុន​ថ្មី ខ្ញុំ​ជឿ​ថា ពួក​គេ​នឹង​នាំ​យក​ការ​ច្នៃ​ប្រឌិត​ថ្មី និង​ការ​ផ្តល់​ផលិតផល និង​សេវាកម្ម​កាន់​តែ​សម្បូរ​បែប​ដល់​អតិថិជន​»​។

លោក​បន្ថែម​ថា​៖«​វិស័យ​នេះ​នឹង​កាន់​តែ​រីកចម្រើន ដែល​មាន​ន័យ​ថា ប្រជាជន​កាន់​តែ​ច្រើន​នឹង​ប្រើប្រាស់​ធានា​រ៉ាប់រង​ជីវិត​»៕ LA

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។