ភ្នំពេញ: ផ្នែក​ឯកជន​ក្នុង​វិស័យ​ដឹកជញ្ជូន​ស្នើឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​គ្រប់​មធ្យោបាយ​ដើម្បី​លើកកម្ពស់​ការដឹកជញ្ជូន និង​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​តំបន់ ខណៈ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​សន្យា​ធ្វើ​ទំនើបកម្ម​ក្នុង​មធ្យោបាយ​ដឹកជញ្ជូន​នៅ​កម្ពុជា​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​ (CLA) បាន​ឲ្យ​ដឹងថា បើទោះ​ជា​រដ្ឋាភិបាល​បាន​ធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​ភ័ស្តុភារកម្ម​មួយ​ចំនួន​រួចមក​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ជំរុញ​បន្ថែម​ទៀត​ក្នុង​ការលើក​កម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក​ (​ទឹកសាប និង​សមុទ្រ​) និង​ផ្លូវដែក​បន្ថែម​ទៀត ដើម្បី​រក្សា​ភាពប្រកួតប្រជែង​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​។

លោក​ថ្លែងថា​៖ «​យើង​អបអរសាទរ​ចំពោះ​ក្រសួង​ក្នុង​ការជំរុញ​វិស័យនេះ យើង​ចង់ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន​ពិសេស​ផ្លូវទឹក និង​ផ្លូវដែក ដែល​វា​នឹង​ផ្តល់​ផលចំណេញ​ច្រើន​ដល់​វិស័យ​ឯកជន​»​។

លោក ឃុត សារឿន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដឹកជញ្ជូន SHA Transport Express Co., Ltd ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការជំរុញ​លើកកម្ពស់​វិស័យ​ភ័ស្តុភារកម្ម​នេះ​នឹង​ជួយ​ស្តារ​វិស័យ​ដឹកជញ្ជូន​ទំនិញ​ឡើងវិញ ខណៈ​វិស័យ​នេះ​បន្ត​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​បណ្តាល​មកពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​យើង​ស្វាគមន៍​ និង​គាំទ្រ​ដែល​ក្រសួង​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នេះ ដែល​ជា​ពេលវេលា​ចាំបាច់​សម្រាប់​កែទម្រង់​ដើម្បី​ធ្វើ​និរន្តរភាព​វិស័យ​ភ័ស្តុភារកម្ម ខណៈ​យើង​កំពុង​ប្រឈម​នឹង​ជំងឺ​កូវីដ​ ១៩»​។

លោក​ជឿថា ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​ភ័ស្តុភារកម្ម​នឹង​រួមចំណែក​ទាក់ទាញ​វិនិយោគិន​ពី​បរទេស​បន្ថែមទៀត​មក​កម្ពុជា​។

លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បើក​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅតាម​ច្រកព្រំដែន​កម្ពុជា-វៀតណាម និង​កម្ពុជា-ថៃ​កាលពី​ថ្ងៃ​អង្គារ​ដោយ​បាន​សន្យា​ធ្វើ​ទំនើបកម្ម​ក្នុង​វិស័យនេះ​។

លោក​អះអាង​ថា សព្វថ្ងៃ​រដ្ឋាភិបាល​កំពុង​សិក្សា​លទ្ធភាព​បង្កើត​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ភ្នំពេញ​ឡូជីស្ទិក​ដែល​គម្រោង​នេះ​ទើបនឹង​បញ្ចប់​ការសិក្សា​លទ្ធភាព​បឋម​កាលពី​ថ្មីៗ​ដោយ​ការសិក្សា​នេះ​បាន​បង្ហាញថា​គម្រោង​នេះ​អាច​ធ្វើ​ពាណិជ្ជកម្ម និង​អាច​រកប្រាក់​ចំណេញ​បាន​។

គម្រោង​ភ្នំពេញ​ឡូជីស្ទិក​នេះ​មាន​ទីតាំង​ស្ថិត​នៅក្នុង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​លើ​ផ្ទៃដី​សរុប ៩៨ ហិកតា​ ដែល​ជា​ទីតាំង​យុទ្ធសាស្ដ្រ​តភ្ជាប់​ទៅកាន់​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ផ្លូវដែក​ភាគ​ខាង​ជើង​ដែល​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ក្រុង​ប៉ោយប៉ែត​៕LA