ភ្នំពេញៈ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ឋ​ និង​ក្រុមការងារ​អន្តរក្រសួង​ពន្លឿន​ការងារ​ដើម្បី​ឈាន​ទៅ​បញ្ចប់​សេចក្តីព្រាង​ឯកសារ​ទស្សន​ទានគោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល​ និង​ភាពស៊ីចង្វាក់​គ្នា​ជាមួយ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​។

ក្នុង​អំឡុង​កិច្ចប្រជុំ​ជាមួយ​លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ផ្តោតលើ​ការពិភាក្សា​ឯកសារ​ទស្សន​ទាន​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ឌីជីថល​គឺជា​ផ្នែក​ដ៏សំខាន់​មួយ​របស់​សេដ្ឋកិច្ច​ឌីជីថល​។

លោក​ថ្លែងថា​៖ «​ការអភិវឌ្ឍ​រដ្ឋាភិបាល​ឌីជីថល​ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​ការរៀបចំ​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​ឯកភាព​រួមមួយ​ដែល​គ្រប់​ក្រសួង​ស្ថាប័ន្ច​បំពេញ​មុខងារ​រៀងៗ​ខ្លួន​ជា​ទម្រង់​ឌីជីថល​»​។

លោក​បន្ថែមថា ធាតុ​ចូល​ទាំងអស់​ត្រូវ​ស៊ីចង្វាក់​គ្នា​រវាង​សេចក្តី​ព្រាង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល និង​សេចក្តី​ព្រាង​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​។

លោក ជា វ៉ាន់ដេត បាន​ឲ្យ​ដឹងថា​រដ្ឋាភិបាល​ឌីជីថល​គឺជា​ដំណើរការ​នៃ​ការធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋាភិបាល និង​សេវា​សាធារណៈ​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​សំដៅ​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​កិច្ចការរដ្ឋបាល​របស់​រដ្ឋ ការសម្រេច​ចិត្ត និង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​បរិយាប័ន្ន​។

លោក​បន្ថែមថា​៖ «​ការអភិវឌ្ឍ​រដ្ឋាភិបាល​ឌីជីថល គឺជា​កិច្ចការ​អាទិភាព​មួយ​ដ៏ចាំបាច់​សម្រាប់​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​អនាគត ដើម្បី​ត្រៀមខ្លួន​ក្នុង​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល បដិវត្ត​ឧស្សាហកម្ម​ទី​ ៤ ក៏ដូចជា​សកលភាវូបនីយកម្ម ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​»​។

សេចក្ដី​ព្រាង​ផែនការ​យុទ្ធសាស្ដ្រ​រដ្ឋាភិបាល​អេឡិចត្រូនិក​កម្ពុជា ឆ្នាំ​ ២០១៨-២០២៣ ត្រូវបាន​ព្រាង​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ស្រប​ជាមួយ​នឹង​ផែនការមេ ICT ​កម្ពុជា​ឆ្នាំ​ ២០២០ និង​គោលនយោបាយ Telecom-ICT ឆ្នាំ​ ២០២០​។

កាលពី​សប្ដាហ៍​មុន ក្រសួង​ពាណិជ្ជកម្ម​បាន​អនុម័ត​ជា​ផ្លូវការ​យុទ្ធសាស្ដ្រ​អនុវត្ត​ច្បាប់​ពាណិជ្ជកម្ម​អេឡិចត្រូនិក​កម្ពុជា ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ចាប់​តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការលើក​កម្ពស់​គំរូ​អាជីវកម្ម​ឌីជីថល ស្រប​ជាមួយ​នឹង​ទិសដៅ​ផ្លោះ​ចូល​ទៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤៕ LA