ភ្នំពេញ៖ «បងប្រុស Teh Sing ជាទី​គោរព​ស្រឡាញ់ សូម​បង​ទៅ​ដោយ​ស្ងប់​ចិត្ត​ចុះ បង​បាន​ចេញ​ឆ្ងាយ​ពី​ក្រសែភ្នែក​របស់​យើង​ក៏​ពិត​មែន ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ក្រអៅ​បេះដូង​របស់​យើង​ជានិច្ច»។ នេះ​ជា​សារ​ចុង​ក្រោយ​របស់​លោក​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា លោក Eldeen Husaini Mohd Hashim ជូន​ចំពោះ​មរណភាព​លោក Teh Sing ជា​ជន​ល្បីល្បាញ និង​ជា​អ្នក​ដឹកនាំ​ពាណិជ្ជកម្ម​លេច​ធ្លោ​ជាង​គេ​របស់​ប្រទេស​ម៉ាឡេស៊ី

លោក Teh Sing ដែល​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ប្រទេស​ម៉ាឡេស៊ី នៅ​កម្ពុជា (MBCC) បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃទី ២៦ ខែមេសា ដោយសារ​រោគាពាធ​ក្នុង​អាយុ ៦៩ ឆ្នាំ នៅ​ទីក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា។

លោក​ឯកអគ្គរាជទូត Eldeen Husaini Mohd Hashim បាន​សរសេរ​មក​កាន់​ ភ្នំពេញ ប៉ុស្ដិ៍ តាម​សារ​អេឡិចត្រូនិក​កាល​ពី​ថ្ងៃទី ២៦ ខែ​មេសា​ថា៖ «បងប្រុស Teh Sing ស្ថិត​ក្នុង​ចំណោម​អ្នក​ត្រួសត្រាយ​ផ្លូវ​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ចូល​មក​កម្ពុជា​ដោយ​រស់នៅ​ប្រកប​ដោយ​ក្ដី​សុបិន។ លោក​មាន​បទពិសោធន៍​ច្រើន​ខាង​ការងារ​ទាំង​ល្អ និង​អាក្រក់ និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ច្រើន ដូច្នេះ​លោក គឺ​ជា​ព្រឹទ្ធបុរស​មួយ​រូប ក្នុង​ចំណោម​ព្រឹទ្ធ​បុរស​របស់​ប្រទេស​ម៉ាឡេស៊ីជា ច្រើន​នៅ​ទីនេះ»។

លោក​ថ្លែង​បន្ត​ទៀត​ថា៖ «បងប្រុស Teh Sing មិន​គ្រាន់​តែ​ប្រធាន​សភា​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​មិត្តភ័ក្តិ និង​ជា​បង​ប្រុស​ដែល​គួរ​ឲ្យ​គោរព​ស្រឡាញ់​មួយ​រូប​ចំពោះ​រូប​ខ្ញុំ។ គំនិត និង​ការ​អធិដ្ឋាន​របស់​យើង​ស្ថិត​នៅ​ជាមួយ​រូប​លោក។ ប្រសិន​បើ​ខ្ញុំ​សរសេរ​អំពី​ការ​រួម​ចំណែក​របស់​លោក ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ វា​នឹង​មិន​ចប់​នោះ​ទេ។ លោក​បាន​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯកអគ្គរាជទូត​ប្រទេស​ម៉ាឡេស៊ី ទាំង​អស់​ចំនួន ៩ រូប ដែល​រួម​ទាំង​រូប​ខ្ញុំ​ផង​ដែរ ដើម្បី​ក្លាយជា​ស្ពាន​ដែល​តភ្ជាប់​ពួក​យើង»។

សម្រាប់ លោក Teh Sing មិនមែន​ជា​មនុស្ស​ថ្មី​ម្នាក់​នោះ​ទេ បើ​និយាយ​ពី​ប្រទេស​កម្ពុជា ដែល​បាន​ឈាន​ជើង​ជាន់​ទឹកដី​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ ១៩៩២ ដែល​មាន​រយៈពេល ២៩ ឆ្នាំ​កន្លង​មក​ហើយ។ លោក​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​របស់​លោក​មក​ប្រទេស​កម្ពុជា ជា​នាយក​ផ្នែក​លក់​របស់​ក្រុមហ៊ុន Cambrew Ltd ដែល​ជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ស្រាបៀរ​អង្គរ និង​ទឹក​ក្រូច​ប៉ិបស៊ី។ លោក​បាន​ចូល​និវត្តន៍​ពី​ក្រុមហ៊ុន​ស្រាបៀរ​នេះ ជា​ប្រធាន​ផ្នែក​ប្រតិបត្តិការ​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០០៦។ នេះ​បើ​យោង​តាម MBCC។

ដោយ​បាន​បង្កើត​ទំនាក់ទំនង​យ៉ាងជ្រៅ​ជាមួយ​ប្រទេស​កម្ពុជា លោក Teh Sing បាន​ស្នាក់នៅ និង​បាន​ចាប់​ផ្ដើម​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​របស់​លោក ឈ្មោះ​ថា Gangga Private Limited ដែល​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពិគ្រោះយោបល់ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការ​ផ្សព្វផ្សាយ​នានា។

លោក Teh Sing គឺ​ជា​ឥស្សរជន​ដ៏​សំខាន់​មួយ​រូប​នៅ​ក្នុង MBCC ជា​សមាជិក​ស្ថាបនិក និង​ប្រធាន​ក្លិប​ម៉ាឡេស៊ី​កាល​ពី​ឆ្នាំ ១៩៩៣ ហើយ​បន្ទាប់​មក​ក្លាយ​ជា​ប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ប្រទេស​ម៉ាឡេស៊ី នៅ​កម្ពុជា​ចាប់​ពី​ឆ្នាំ ១៩៩៧ រហូត​ដល់​ឆ្នាំ ១៩៩៩។

កាល​ពី​ឆ្នាំ ២០០៦ លោក Teh Sing ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន MBCC ដែល​ជា​តួនាទី​មួយ ដែល​លោក​បាន​កាន់​តំណែង​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

លោក​ឯកអគ្គរាជទូត Eldeen Husaini Mohd Hashim បាន​ថ្លែង​ថា៖ «ពិត​ប្រាក​ដណាស់ លោក​មាន​ការ​នឹក​រឭក​ដោយ​អ្នក​ដែល​បាន​ស្គាល់​រូប​លោក​ថា ជា​មនុស្ស​សុភាព​រាបសារ ប៉ុន្តែ​ជា​បុគ្គល​មាន​ភាព​ម៉ឹងម៉ាត់។ លោក​តែងតែ​ផ្ដល់​ដល់​ខ្ញុំ​នូវ​ដំបូន្មាន និង​ការ​ណែនាំ​ដ៏​មាន​តម្លៃ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​លើ​បញ្ហា​ជាច្រើន។ ទំនុក​ចិត្ត​របស់​ខ្ញុំ​មាន​លើ​គ្រួសារ និង​សាច់ញាតិ និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​លោក។ លោក Teh Sing ពិត​ជា​វីរៈបុរស​មួយ​រូប និង​ជា​ជនជាតិ​ម៉ាឡេស៊ី​ដ៏​ល្បីល្បាញ​មួយ​រូប ដែល​ខ្ញុំ​មាន​មោទនភាព​ហៅ​ថា «បងប្រុស»៕LA