រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ តម្លៃ​គូ​រូបិយប័ណ្ណ​ដុល្លារ និង​ស្វ៊ីស ហ្វ្រង់​ (USD/CHF) មានការ​ឡើង​ពី ០.៨៧៩៩ រហូត​ដល់ ០.៩៣៣០ ក្នុង​ ១ ​ដុល្លារ​។ ផ្អែកទៅលើ​កត្តា​ព័ត៌មាន និង​កត្តា​បច្ចេកទេស តម្លៃ​គូ​រូបិយប័ណ្ណ​ដុល្លារ និង​ស្វ៊ីស ហ្វ្រង់ នៅតែ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា​នឹង​បន្ត​កើនឡើង​នៅក្នុង​សបា្តហ៍​ក្រោយ​ទៀត​។

ចំពោះ​កត្តា​ព័ត៌មាន ការអនុម័ត «​គម្រោង​សង្គ្រោះ​សហរដ្ឋអាមេរិក​» ឬ American Rescue Plan ចំនួន ១,៩ ពាន់​ពាន់​លាន​ដុល្លារ​របស់​សហរដ្ឋ​អាមេរិក គឺជា​ចំណុច​ដ៏សំខាន់​ដែល​ធ្វើឱ្យ​ដំណើរ​សេដ្ឋកិច្ច និង​ទីផ្សារ​ទាំងមូល​របស់​សហរដ្ឋ​អាមេរិក​មាន​ដំណើរការ ល្អប្រសើរ​ឡើងវិញ ដែល​ជា​សញ្ញា​វិជ្ជមាន​ទៅលើ​តម្លៃ​តម្រូវ​ការប្រាក់​ដុល្លារ​អាមេរិក​។

បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP បានឱ្យដឹងថា ប្រាក់​ជំនួយ ១ ៤០០ ដុល្លារ​សហរដ្ឋអាមេរិក​តាមរយៈ «​គម្រោង​សង្គ្រោះ​សហរដ្ឋអាមេរិក នឹង​ចូល​ក្នុង​គណនេយ្យ​ធនាគារ​របស់​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​នៅ​ចុង​សប្តាហ៍​នេះ​។ ក្រៅពីនេះ គម្រោង​សង្គ្រោះ​សហរដ្ឋអាមេរិក​រួមមាន​កញ្ចប់​ប្រាក់​សម្រាប់​ការចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ជំនួយ​ដល់​ម្ចាស់​គេហដ្ឋាន និង​អ្នក​ជួល​ផ្ទះ ជំនួយ​សម្រាប់​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ ការផ្តល់​ជំនួយ​ដល់​រដ្ឋ និង​រដ្ឋាភិបាល​ថ្នាក់មូលដ្ឋាន​។ យន្ដការ​ទាំងអស់​នេះ គឺជា​ផ្នែក​យ៉ាងសំខាន់​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​អាមេរិក​កាន់តែ​មាន​ភាពល្អប្រសើរ​។

តាំងពី​ដើម​ខែមីនា​នេះ បើ​យោងតាម​គេហទំព័រ​សារព័ត៌មាន forexfactory.com យើង​អាច​សង្កេតឃើញ​ពី​កំណើន និង​សម្ទុះ​សេដ្ឋកិច្ច ក៏ដូចជា កំណើន​ការងារ​នៅ​សហរដ្ឋអាមេរិក មាន​លទ្ធផល​ល្អ​លើសពី​ការរំពឹងទុក​។ ជាក់ស្ដែង លទ្ធផល​អត្រា​អ្នកមាន​ការងារ​សម្រាប់​ខែកុម្ភៈ​មាន​ចំនួន ៣៧៩ ០០០ ​នាក់ លើសពី​ខែមករា ដែលមាន​ត្រឹមតែ ១៦៦ ០០០ ​នាក់​។ ជាមួយ​កត្ដា​ព័ត៌មាន​ខាងលើ តម្លៃ​ប្រាក់​ដុល្លារ​នឹងមាន​ការកើន​តម្លៃ ហើយ​ក៏​ជា​កត្ដា​រុញឱ្យ​តម្លៃ​គូ​រូបិយប័ណ្ណ​ដុល្លារ​ និង​ស្វ៊ីស ហ្វ្រង់ ស្ថិតនៅក្នុង​ទំនោរ​កើនឡើង​ក្នុង​សប្តាហ៍​ខាងមុខនេះ​។

ដូច្នេះ អ្នកជួញដូរ​អាច​ទិញ​នៅ​តម្លៃ ០,៩២៦០ ដោយ​កំណត់​មុខងារ​កាត់​យកប្រាក់​ចំណេញ​ទី​ ១ នៅ​តម្លៃ ០,៩៣១០០ ឬ ទី ​២ នៅ​តម្លៃ ០,៩៣៥០ និង​កំណត់​មុខងារ​បញ្ឈប់​ហានិភ័យ​នៅក្នុង​តម្លៃ ០,៩២៣៣ ក្នុង​ ១ ​ដុល្លារ​៕