ក្រុង​វ៉ា​ស៊ីន​តោនៈ ឱន​ភាព​ថ​វិ​កា​សហ​រដ្ឋ​អា​មេ​រិក​បាន​កើន​ឡើង​ដល់ ៧៧៩ ពាន់​លាន​ដុ​ល្លារ​​ដែល​ជា​កម្រិត​ខ្ពស់​បំ​ផុត​ក្នុង​រយៈ​ពេល ៦ ឆ្នាំ​ ក្នុង​ឆ្នាំ​សារ​ពើ​ពន្ធ​ថ្មី​បំ​ផុត​នេះ ដែល​បង្ហាញ​​ឲ្យ​ឃើញ​ពី​ការ​ខាត​បង់​ដោយ​សារ​​ការ​កាត់​បន្ថយ​ពន្ធ​ដ៏​ច្រើន​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ក្រ​សួង​ហិរ​ញ្ញ​វត្ថុ​អា​មេ​រិក​កាល​ពី​ថ្ងៃ​ចន្ទ។

ក្រ​សួង​ហិរ​ញ្ញ​វត្ថុ​បាន​ឲ្យ​ដឹង​ថា លោក ដូ​ណាល់​ ត្រាំ បាន​ហៅ​ការ​កាត់​បន្ថយ​ពន្ធ​នេះ​ថា​ជា​កត្តា​អំ​ណោយ​ផល​មួយ​ចំ​ពោះ​សេដ្ឋ​កិច្ច ប៉ុន្តែ​ទឹក​ប្រាក់​ដែល​​​បាន​ពី​ពន្ធ​សា​ជីវ​កម្ម​បាន​ធ្លាក់​ចុះ​ខ្លាំង ហើយ​បន្ទុក​​បំ​ណុល​​ដែល​ចេះ​តែ​កើន​ឡើង​ ដើ​ម្បី​ផ្តល់​ហិ​រញ្ញ​វត្ថុ​ដល់​ឱន​ភាព បាន​ក្លាយ​ជា​ការ​ចំ​ណាយ​ដែល​ចេះ​តែ​កើន​ឡើង។​

ក្នុង​ឆ្នាំ​សារ​ពើ​ពន្ធ​ ២០១៨ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា អា​មេ​រិក​ទទួល​បាន​​ចំ​ណូល ៣,៣ ពាន់​ពាន់​លាន​ដុ​ល្លារ តែ​ចំ​ណាយ​វិញ​ ៤,១ ពាន់​ពាន់​លាន​ដុ​ល្លារ។

ការណ៍​នោះ បាន​ធ្វើ​ឲ្យ​ឱន​ភាព​​កើន​ឡើង ១៧ ភាគ​រយ​ ឬ​ចំ​នួន ១១៣ ពាន់​លាន​ដុ​ល្លារ ដែល​ជា​កម្រិត​ខ្ពស់​បំ​ផុត​របស់​ខ្លួន​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១២ មក។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រ​សួង​ហិ​រញ្ញ​វត្ថុ។

របាយ​ការណ៍​នេះ​បាន​បង្ហាញ​ថា ឱន​ភាព​នេះ​ក៏​បាន​កើន​ឡើង​​ផង​ដែរ​បើ​គិត​ជា​ចំ​ណែក​ភាគ​រយ​នៃ​សេដ្ឋ​កិច្ច ដោយ​ស្ទុះ​ងើប​ដល់ ៣,៨ ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​កើន​ឡើង​ពី ៣,៥ ភាគ​រយ​ក្នុង​ឆ្នាំ​សារ​ពើ​ពន្ធ ២០១៧ ដែល​ខ្ពស់​ជាង​កម្រិត​ជា​មធ្យម ៣,២ ភាគ​រយ​ក្នុង​រយៈ​ពេល ៤០ ឆ្នាំ​ចុង​ក្រោយ​នេះ។

ប៉ុន្តែ​ដោយ​ ផ.ស.ស កើន​ឡើង ៤,២ ភាគ​រយ​នៅ​ត្រី​មាស​​ទី ២ ឆ្នាំ​នេះ សេត​វិ​មាន​កំ​ពុង​ពឹង​ផ្អែក​លើ​កំ​ណើន​កាន់​តែ​ខ្ពស់​ជាង​នេះ​ ដើ​ម្បី​ចំ​ណាយ​លើ​ការ​កាត់​បន្ថយ​ពន្ធ​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​មុន។ ​

លោក Steven Mnuchin រដ្ឋ​មន្ត្រី​ក្រ​សួង​ហិ​រញ្ញ​វត្ថុ​បាន​ឲ្យ​ដឹង​ថា៖ «គោល​នយោ​បាយ​សេដ្ឋ​កិច្ច​របស់​លោក​ប្រ​ធា​នា​ធិប​តី​នឹង​ដឹក​នាំ​អា​មេ​រិក​ឲ្យ​ដើរ​ឆ្ពោះ​ទៅ​រក​ផ្លូវ​ហិ​រញ្ញ​វត្ថុ​ប្រ​កប​ដោយ​​ចីរ​ភាព»៕ AFP/KC