ភ្នំពេញៈ ឱនភាព​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ជុំវិញ​ពិភពលោក នៅតែ​ធំ​រហូត​ដល់​ ៧,៧៦ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​ធំ​ជាង ៣១ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៩ ខណៈ​ឆ្នាំ​ ២០១៨ ឱនភាព​ពាណិជ្ជកម្ម​នេះ​មាន​ត្រឹម​ជាង​ ២២ ​ភាគរយ​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។

តួលេខ​ធនាគារជាតិ​បាន​បង្ហាញ​ថា ព្រះរាជាណាចក្រ​កម្ពុជា​បាន​នាំចូល​ផលិតផល​ដែល​មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​ ២២,៣៤ ​ពាន់​លាន​ដុល្លារ​អាមេរិក​ កាលពី​ឆ្នាំមុន ខណៈ​ដែល​ការនាំចេញ​របស់​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ត្រឹម​ ១៤,៦៣ ​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា​កម្ពុជា​មាន​ឱនភាព​ទឹកប្រាក់​ប្រមាណ​ជិត​ ៨ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

តួលេខ​ធនាគារជាតិ​បាន​បង្ហាញថា ឆ្នាំ​ ២០១៩ ការនាំ​ចូល​របស់​កម្ពុជា​មាន​កំណើន​ ១៨,៦% រីឯ​ការនាំចេញ​វិញ​មាន​កំណើន​ ១២,៧ ​ភាគរយ​។

ផលិតផល​ដែល​កម្ពុជា​នាំចេញ​មានដូចជា សម្លៀកបំពាក់ ស្បែកជើង អង្ករ ទោចក្រយាន និង​ផលិតផល​វាយនភណ្ឌ​ផ្សេងៗ​ទៀត ខណៈ​ផលិតផល​ដែល​កម្ពុជា​នាំចូល ដូចជា ប្រេងឥន្ធនៈ រថយន្ត សម្ភារ​សំណង់ ផលិតផល​បរិភោគ ព្រមទាំង​វត្ថុធាតុដើម​ផ្សេងទៀត​សម្រាប់​បម្រើ​ឲ្យ​វិស័យ​កម្មន្តសាល​នៅក្នុង​ស្រុក​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា វា​ជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​ដូចជា​ប្រទេស​ កម្ពុជា ដែល​មាន​ឱនភាព​​ជញ្ជីង​ពាណិជ្ជកម្ម​ខ្ពស់​បែបនេះ ព្រោះ​តម្រូវការ​នាំចូល​សម្ភារ​ថ្មីៗ និង​វត្ថុធាតុ​ដើម​សម្រាប់​បម្រើ​ឲ្យ​ផលិតកម្ម​។

លោក​បន្តថា​៖ «​វា​ជា​រឿង​ចាំបាច់​ដើម្បី​នាំចូល​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ដើម្បី​គាំទ្រ​ដល់​វិស័យ​កម្មន្តសាល ហើយ​យើង​ក៏​នាំចូល​ប្រេងឥន្ធនៈ សម្ភារ​អេឡិចត្រូនិក សម្ភារ​សំណង់ និង​រថយន្ត​ដែល​ទាំងអស់​នេះ​មាន​តម្លៃ​ខ្ពស់​។ ប្រសិន យើង​មាន​រោងចក្រ​ផលិត​ផលិតផល​ទាំងនោះ​បាន​ដោយ​ខ្លួនឯង យើង​នឹង​កាត់បន្ថយ​ការនាំចូល​បាន​ច្រើន​ដូចគ្នា​។ ផ្ទុយទៅវិញ​យើង​ក៏​ប្រមូល​ពន្ធ​បាន​ច្រើន​ពី​ការនាំចូល​ផលិតផល​ទាំងនោះ​ផងដែរ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា កំណើន​នាំចេញ​ក្នុង​វិស័យ​ផលកម្មន្តសាល និង​អង្ករ​របស់​កម្ពុជា​បាន​រួម​ចំណែក​បង្កើន​តម្រូវការ​វត្ថុធាតុដើម​កាន់តែ​ច្រើន ដើម្បី​គាំទ្រ​ដល់​ផលិតកម្ម​ក្នុងស្រុក​។

លោក​ថ្លែងថា​៖ «​វា​ជា​រឿង​សាមញ្ញ​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែលមាន​តម្លៃ​នាំចូល​ខ្ពស់ជាង​តម្លៃ​នាំចេញ​នោះ ហើយ​វា​ក៏បាន​បង្ហាញ​ដែរ​ថា យើង​មាន​ទីផ្សារ​ធំ​ដែល​តម្រូវ​ឲ្យ​យើង​នាំចូល​វត្ថុធាតុដើម​សម្រាប់​គាំទ្រ​ការផលិត​»​។

របាយការណ៍​ធនាគារ​ជាតិ​ដដែល​បាន​បង្ហាញថា សហរដ្ឋអាមេរិក​ជា​​ទីផ្សារ​ធំ​បំផុត​របស់​ទំនិញ​កម្ពុជា​ដែល​ស្រូបយក​ ២៩,៦ ​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​។ ជប៉ុន​ជា​ទីផ្សារ​ធំ​លំដាប់​លេខ​ ២ ដែល​ស្រូបយក​ចំណែក​ ៧,៧ ​ភាគរយ ទីផ្សារ​អាល្លឺម៉ង់​មាន​ចំណែក​ ៧,២ ​ភាគរយ ទីផ្សារ​ចិន ៦,៩ ​ភាគរយ និង​ចក្រភព​អង់គេ្លស​ ៦,៦ ​ភាគរយ​។

ប្រទេស​កម្ពុជា​បាន​នាំចូល​ច្រើន​បំផុត​ពី​ទីផ្សារ​ប្រទេស​ចិន​ដែល​មាន​ចំណែក​រហូត​ដល់​ទៅ​ ៤៣,១ ​ភាគរយ​ នៃ​ទំហំ​នាំចូល​សរុប​កាលពី​ឆ្នាំមុន ខណៈ​ប្រទេស​ថៃ​ឈរ​លំដាប់​លេខ​ ២ មាន​ចំណែក​ ១៥,៥ ​ភាគរយ វៀតណាម​លំដាប់​លេខ​ ៣ មាន​ ១៣,៦ ​ភាគរយ ជប៉ុន​មាន​ ៤,៧ ​ភាគរយ និង សាធារណរដ្ឋ​កូរ៉េខាងត្បូង​មាន ៣,៤ ​ភាគរយ​៕