ភ្នំពេញៈ ក្រុម​ធុរកិច្ច​ថ្មី​ចំនួន ៩ ​ក្រុម​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការប្រកួត​ប្រជែង​យក​ជយលាភី​ដែល​មាន​រង្វាន់​ជា​ទឹកប្រាក់​សរុប ៩០ ​លាន​រៀល​ក្នុង​កម្មវិធី «​ថ្ងៃ​បទ​បង្ហាញ​ឆ្ពោះទៅមុខ​» ដែលជា​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​នវានុវត្តន៍​បញ្ច្រាស​។

កម្មវិធី​នវានុវត្តន៍​បញ្ច្រាស​ត្រូវ​បាន​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី «​តេជោ​» ​និង​សហការ​រៀបចំ​កម្មវិធី​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សហគ្រិន​ខ្មែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី «​តេជោ» (​ម.ធ.ត.) បានឱ្យ​ដឹងថា កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៦ ខែឧសភា ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​អនឡាញ​ដែល​នឹង​តម្រូវឱ្យ​បេក្ខជន​ទាំង ៩ ក្រុម​ធ្វើ​បទបង្ហាញ​អំពី​ផលិតផល​របស់ខ្លួន​អម​ជាមួយ​នឹង​វីដេអូ​សង្ខេប​ខ្លី​ណែនាំ​អំពី​ផលិតផល​ទាំងនោះ​។

ក្រុម​ទាំងនោះ​នឹង​បង្ហាញ​ពី​ដំណោះស្រាយ​ទៅលើ​បញ្ហា​ប្រឈម​ដែល​ត្រូវ​បានលើកឡើង​ដោយ​ក្រុមហ៊ុន​ធំៗ និង​សាជីវកម្ម​ចំនួន ៧ នៃ​កម្មវិធី «​ថ្ងៃ​បទបង្ហាញ​បញ្ច្រាស​» ទៅកាន់​គណៈកម្មការ និង​ទស្សនិកជន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តទៀតថា នៅ​ចុងបញ្ចប់​នៃ​កម្មវិធី គណៈកម្មការ​នឹង​ធ្វើការ​វាយតម្លៃ និង​ដាក់ពិន្ទុ​យ៉ាងសុក្រឹត​ដើម្បី​ជ្រើសរើស​ក្រុម​ធុរកិច្ច​ចំនួន ៣ ក្រុម​ឱ្យ​ក្លាយជា​ម្ចាស់​ជយលាភី​នៃ​កម្មវិធី​នវានុវត្តន៍​បញ្ច្រាស​ដែល​ជយលាភី​លេខ ១ ​នឹង​ទទួលបាន​រង្វាន់ ៤០ ​លាន​រៀល ជយលាភី​លេខ​ ២ បាន ៣០ ​លាន​រៀល និង ២០ ​លាន​រៀល​សម្រាប់​ជយលាភី​លេខ ៣​។

«​ថ្ងៃ​បទបង្ហាញ​ឆ្ពោះទៅមុខ​» គឺជា​កម្មវិធី​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​ «​តេជោ​» ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក គង់ ម៉ារី អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​ «​តេជោ​» និង​លោក តាំង ងួនលី នាយក​នៃ​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី «​តេជោ​» ព្រម​ទាំ​លោក ឈៀង វណ្ណ មុនិណ្ឌ នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ និង លោក អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា បេក្ខជន​ទាំង ៩ ​ក្រុម​ក្នុង​កម្មវិធី​នវានុវត្តន៍​បញ្ច្រាស​រួមមាន ក្រុម ARSAR ក្រុម 3S ក្រុម FaSeKYC ក្រុម NAPT ក្រុម Safe Phone Service ក្រុម JAYA ក្រុម MicroPort ក្រុម SaveUp និង​ក្រុម​ដើម​លុយ​។

មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី «​តេជោ​» នឹង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​នូវ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​នៅលើ​ប្រព័ន្ធ​អនឡាញ​តាមរយៈ​គេហទំព័រ​ហ្វេសប៊ុក http://bit.ly/Forward_Pitch_Day)​។

គណៈកម្មការ​ក្នុង​កម្មវិធី​នេះ​ចំនួន​ ៥ រូប​រួមមាន លោក តាំង ងួនលី នាយក​នៃ ម.ធ.ត លោក Shin Chang Moo ទីប្រឹក្សា​ប្រតិបត្តិ​នៃ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​លោក អឿ សុធារ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា លោក ចរ សុភាព នាយក​ប្រតិបត្តិ​អភិវឌ្ឍន៍​ផលិតផល​នៃ​ធនាគារ​អេស៊ីលីដា និង​លោក Tomas Pokorny នាយក​ប្រតិបត្តិ និង​សហស្ថាបនិក​ក្រុមហ៊ុន PiPay និង​នាយក​ក្រុមប្រឹក្សាភិបាល និង​អគ្គលេខាធិការ​នៃ​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​នៃ​កម្ពុជា​៕ LA