The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅ​តែ​ធ្លាក់​ចុះ

​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅ​តែ​ធ្លាក់​ចុះ

​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅ​តែ​ធ្លាក់​ចុះ

131031_11
ទិដ្ឋភាពចរាចរណ៍នាពេលល្ងាចក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំដែលកម្ពុជារៀបចំការបោះឆ្នោត ការចុុះបញ្ជីពាណិជ្ជកម្មបានធ្លាក់ចុះ

ភ្នំពេញៈ ចំនួន​នៃ​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ថ្មី​បន្ត​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទីបី​នៅ​ឆ្នាំ​នេះ ខណៈ​មន្ដ្រី​លើក​ឡើង​ពី​ការ​បារម្ភ​ក្នុង​ការ​បាត់បង់​ទំនុក​ចិត្ត​ពី​វិនិយោគិន និង​ពាណិជ្ជករ​ដោយ​សារ​តែ​វិបត្តិ​នយោបាយ​ក្នុង​ពេល​ថ្មីៗ​នេះ។

ទិន្នន័យ​ផ្លូវ​ការ​ពី​ក្រសួង ពាណិជ្ជកម្ម ដែល ភ្នំពេញ ប៉ុស្ដិ៍ បាន​ទទួល កាល​ពី​ថ្ងៃ​ពុធ​បាន​បង្ហាញ​ថា ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ថ្មី​មាន​ប្រហែល ៨៥៣ នៅ​ត្រីមាស​ទីបី​ឆ្នាំ​នេះ​ដោយ​ធ្លាក់ ៦,៤៦ ភាគរយ​ពី​ចំនួន ៩១២ បើ​ធៀប​នឹង​ត្រីមាស​ទីបី​ឆ្នាំ ២០១២។

ក្នុង​រយៈ​ពេល ៩ខែ ដំបូង​នៅ​ឆ្នាំ​នេះ​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ថ្មី​ប្រហែល ២ ២២១ បាន​ធ្លាក់​ចុះ ១៤,៧៧ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ដែល មាន ២ ៦០៦។ ទិន្នន័យ​បង្ហាញ​ថា ក្នុង​ចំនួន​នេះ ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​បរទេស​មាន ១ ១១៨ ធៀប​នឹង ១ ២២៧ ពោល​គឺ​ធ្លាក់​ចុះ ៨,៨៨ ភាគរយ ខណៈ​ដែល​ពាណិជ្ជកម្ម​ថ្មី​ក្នុង​ស្រុក​មាន ១ ១០៥ បើ​ធៀប​នឹង ១ ៣៧៩ ធ្លាក់​ចុះ ១៩,៨៦ ភាគរយ។

លោក គង់ ពុទ្ធារ៉ា អ្នក​នាំ​ពាក្យ​ក្រសួង ពាណិជ្ជកម្ម បាន​អះអាង​ថា ការ​ធ្លាក់​ចុះ​នេះ​បង្ក​ឡើង​ដោយ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ និង​ការ​ជាប់​គាំង​នយោបាយ។

លោក​បាន​បន្ត​ថា៖ «ទាក់​ទង​នឹង​ទំនុក​ចិត្ត​ពាណិជ្ជកម្ម​ខ្ញុំ​គិត​ថា ពាណិជ្ជករ និង​វិនិយោគិន​រង់​ចាំ​មើល​ពី​ការ​វិវត្ត​ទៅ​មុខ​នៃ​ស្ថានភាព​នយោបាយ​របស់​យើង​យ៉ាង​ណា​បញ្ហា​នេះ​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​ធ្វើ​វិនិយោគ​របស់​ពួក​គេ​ក្នុង​ការ​ចាប់​ផ្ដើម​ការ​ធ្វើ​ពាណិជ្ជកម្ម»។

លោក Grant Knuckey អគ្គ​នាយក ធនាគារ ANZ Royal លើក​ឡើង​ពី​បញ្ហា​នេះ​ផង​ដែរ​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា​វា​គ្រាន់​តែ​ជា​ការ​ធ្លាក់​ចុះ​ជា​ទូទៅ​ក្នុង​សកម្មភាព​នៅ​ត្រីមាស​ទី​បី​ឆ្នាំ​នេះ ពិសេស​នៅ​ក្នុង​រយៈ​ពេល​ក្រោយ​ការ​បោះឆ្នោត»។ លោក​បន្ត​ថា៖ «អាជីវកម្ម​ថ្មី​ជាច្រើន​ដែល​មាន​សក្តានុពល អាច​ត្រូវ​រង់ចាំ​សញ្ញា ដែល​ការ​ជាប់​គាំង​នយោបាយ​គឺ​នៅ​ពី​ក្រោយ​យើង មុន​ធ្វើ​ការ​ចុះ​បញ្ជី។ បញ្ហា​នេះ​គឺជា​កម្រិត​នៃ​ការ​ប្រុង​ប្រយ័ត្ន​ជា​ធម្មតា»។

ធនាគារ​ពិភពលោក​បាន​ចេញ​របាយ​ការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា កម្ពុជា​បាន​ធ្វើ​ឲ្យ​ការ​ចាប់​ផ្ដើម​ពាណិជ្ជកម្ម​មួយ​កាន់​តែ​ពិបាក​តាម​រយៈ​ការ​ដាក់​ចេញ​ពី​តម្រូវការ​សម្រាប់​ការ​ត្រួត​ពិនិត្យ​ឈ្មោះ​ក្រុមហ៊ុន​នៅ​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា និង​ការ​បង្កើន​តម្លៃ​សម្រាប់​ការ​ទទួល​បាន​ឯកសារ​ចុះ​បញ្ជី​និង​ថ្លៃ​បោះត្រា​ដោយ​នាយកដ្ឋាន​ពន្ធដារ​ភ្នំពេញ និង​រួម​ទាំង​បញ្ជីការ ពាណិជ្ជកម្ម។

លោក គង់ ពុទ្ធារ៉ា បាន​យល់​ស្រប​ថា ការ​ផ្លាស់​ប្តូរ​ថ្មី​នៃ​ដំណើរការ​ចុះ​បញ្ជី​ដែល​ចាប់​ផ្ដើម​ពី​ដើម​ឆ្នាំ​នេះ ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​បារម្ភ៖ «ពិត​ហើយ​ខ្ញុំ​ពិត​ជា​យល់​ស្រប​ជាមួយ​របាយ​ការណ៍​របស់​ធនាគារ​ពិភពលោក​ដោយ​សារ​របាយ​ការណ៍​នេះ​ធ្វើ​ឲ្យ​ពាណិជ្ជករ​ចំណាយ​ប្រាក់​កាន់​តែ​ច្រើន​ព្រោះ​ពួក​គេ​ត្រូវ​តែ​ឆ្លង​កាត់​ដំណាក់កាល​ជាច្រើន​នៅ​តាម​នាយកដ្ឋាន​ផ្សេង​ទៀត។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ពិភាក្សា​គ្នា​ពី​បញ្ហា​នេះ​ជាមួយ​នឹង​រដ្ឋ​មន្ដ្រី​ដើម្បី កែ​លម្អ​បញ្ហា​នេះ​ក្នុង​ពេល​ឆាប់ៗ»។ លោក​បន្ត​ថា ពាណិជ្ជកម្ម​បរទេស​ភាគ​ច្រើន​ពី​ប្រទេស ចិន កូរ៉េ​ខាង​ជើង សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និង ថៃ។

លោក ច័ន្ទ សុផល អតីត​ប្រធាន​វិទ្យាស្ថាន សេដ្ឋកិច្ច​កម្ពុជា បាន​និយាយ​ថា ទោះ​បី​ការ​ជាប់​គាំង​នយោបាយ​នៅ​តែ​បន្ត ក៏​ស្ថាន​ការណ៍​នៅ​តែ​អាច​គ្រប់​គ្រង​បាន។ លោក​បន្ត​ថា៖ «តាម​គំនិត​ខ្ញុំ ខ្ញុំ​គិត​ថា បរិយាកាស​អាជីវកម្ម​នៅ​តែ​ធម្មតា ទោះ​បី​វិនិយោគិន ឬ​ពាណិជ្ជករ​កំពុង​រង់ចាំ​មើល​ស្ថានភាព​នយោបាយ​ក៏​ដោយ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​គឺ​ស្ថានភាព​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​បាន​។ នេះ​នឹង​ផ្តល់​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ដល់​វិនិយោគិន»។ ប៉ុន្តែ លោក សុផល បាន​មន្ទិល​នឹង​សេវា​ចុះ​បញ្ជី​ខ្ពស់ ដែល​តែង​ធ្វើ​ឡើង​តាម​រយៈ​ឈ្មួញ​កណ្តាល៕ PB

អត្ថបទគួរចាប់អារម្មណ៍