
កោះកុងៈ បន្ទាប់ពីដំណើរការរោងចក្រដំឡើងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ នៅកម្ពុជារយៈពេលពីរឆ្នាំមកផលិតកម្មរបស់ក្រុមហ៊ុននេះកំពុងមានការកើនឡើង ហើយក្រុមហ៊ុនគ្រោងនឹងសម្រេចឲ្យបាន ៨០០ គ្រឿងនៅឆ្នាំ ២០១៣។
លោក លឹម វិសាល អគ្គនាយកក្រុមហ៊ុន Hyundai Motor Company បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា ផលិតកម្មដំឡើងរថយន្តក្នុងក្រុមហ៊ុនលោកកំពុងមានការកើនឡើង បើប្រៀបធៀបទៅឆ្នាំមុនៗ ហើយនិន្នាការនេះនឹងបន្តដំណើរការល្អថែមទៀតដើម្បីសម្រេចបានដូចចំនួនដែលគ្រោងទុក ៨០០ គ្រឿងនៅឆ្នាំនេះ។
ទោះយ៉ាងនេះក្តីលោក មិនបានបញ្ជាក់ពីចំនួនជាក់លាក់ថាតើមានរថយន្តប៉ុន្មាន ត្រូវបានដំឡើងនិងលក់ចេញតាំងពីខែមករា រហូតដល់ខែនេះនោះទេ។ លោកបានថ្លែងថា៖ «យើងសង្ឃឹមថា យើងនឹងសម្រេចគោលដៅដែលគ្រោងទុកនេះ។ យើងក៏រំពឹងដែរថា និន្នាការទីផ្សារនឹងបន្តស្ថានភាពល្អថែមទៀតពេលអនាគត»។
ក្រុមហ៊ុន Camko Motor Company ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសខេត្ត កោះកុង ជាក្រុមហ៊ុនវិនិយោគរួមរវាងក្រុមហ៊ុនចែកចាយ Hyundai KH Motors និងក្រុមហ៊ុន លីយ៉ុងផាត់ គ្រុប (Ly Young Phat Group) របស់កម្ពុជា បច្ចុប្បន្នកំពុងផ្ដល់ការងារដល់ប្រជាជនច្រើនជាង ៣០ នាក់។
ក្រុមហ៊ុននេះគ្រោងនឹងសាងសង់ឃ្លាំងថ្មីមួយទៀតដើម្បីស្ដុកទុកកាន់តែច្រើន ព្រមទាំងការពង្រីកហាងតាំងបង្ហាញលក់និងធ្វើសិក្ខាសាលាផ្សព្វផ្សាយក្នុងការបង្កើនទំហំនៃការលក់របស់ខ្លួន។
នៅដំណាក់កាលបច្ចុប្បន្ននេះក្រុមហ៊ុន Camko Motor ដំឡើងរថយន្តប្រភេទ SUV និង រថយន្តប្រភេទ 12 កៅអី សម្រាប់លក់ឲ្យតែទីផ្សារក្នុងស្រុកប៉ុណ្ណោះ។ ប៉ុន្តែលោក វិសាល បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ថា ក្រុមហ៊ុននេះកំពុងគិតធ្វើការកែសម្រួលមួយចំនួនសម្រាប់នាំចេញ។
អ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះបាននិយាយថា ដោយសារតម្លៃផលិតបានកើនឡើងនៅតាមបណ្ដាប្រទេសមួយចំនួនដូចជា ប្រទេស ចិន ថៃ និង វៀតណាម ក្រុមហ៊ុនកាន់តែច្រើនអាចប្តូរទីតាំងថ្មីមកប្រទេសកម្ពុជាដែលមានតម្លៃផលិតទាបហើយនឹងរួមចំណែកក្នុងការជំរុញឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មបន្ថែមតម្លៃទាបទៅជាឧស្សាហកម្ម បន្ថែមតម្លៃខ្ពស់។
លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ឧស្សាហកម្មដំឡើងរថយន្តនឹងបន្តកើនឡើងកាន់តែច្រើននៅកម្ពុជា បន្ទាប់ពីសមាហរណកម្មសេដ្ឋកិច្ចតំបន់ អាស៊ាន ដោយសារកម្ពុជាមានភាពប្រកួតប្រជែងខ្លាំងក្នុងការផ្តល់ទីតាំងវិនិយោគមានថ្លៃដើមផលិតទាប។
ថ្លែងក្នុងពិធីតាំងពិព័រណ៍រថយន្ត ខ្នាតអន្តរជាតិនៅភ្នំពេញកាលពីព្រឹកថ្ងៃទី១៥ ខែមីនា លោក ចម ប្រសិទ្ធ បានមានប្រសាសន៍ថា ពេលខាងមុខបន្ទាប់ពីសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ចាប់ផ្តើម ដែលអនុញ្ញាតឲ្យមានលំហូដោយសេរីនៃទំនិញ និង សេវាកម្មនៅក្នុងតំបន់ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីផលិតកម្មនេះ។
លោកបានថ្លែងថា៖ «ក្រុមហ៊ុនអាចនំាចូលកង់ឡានពី ម៉ាឡេស៊ី កញ្ចក់ពី ឥណ្ឌូនេស៊ី ឬក៏គ្រឿងបន្លាស់ពីប្រទេសជាសមាជិកផ្សេងទៀតដែលមានជំនាញផលិតផ្សេងៗគ្នា ហើយយកមកដំឡើងនៅកម្ពុជាដែលអាចផ្គត់ផ្គង់ថ្លៃដើមផលិតថោកជាង។ មានក្រុមហ៊ុនជប៉ុននៅ ថៃ និង វៀតណាម មួយចំនួនកំពុងសម្លឹងមើលឱកាសវិនិយោគបែបនេះនៅកម្ពុជា»៕