ភ្នំពេញៈ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ឲ្យ​ដឹងថា ផែនការ​នៃ​ការដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ 5G របស់​ប្រទេស​កម្ពុជា​នឹង​ដើរតួនាទី​ដ៏សំខាន់​ក្នុង​គំនិត​ផ្តួចផ្ដើម​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ដែល​កម្ពុជា​មាន​បំណង​បង្កើន​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់​ខ្លួន ដើម្បី​គាំទ្រ​ដល់​កំណើន​។

លោក​រដ្ឋមន្ដ្រី ត្រាំ អ៊ីវតឹក ឲ្យ​ដឹងថា នៅក្នុង​ព្រឹត្តិការណ៍​ដាក់​សាកល្បង​ប្រព័ន្ធ​5G របស់​ក្រុមហ៊ុន Cellcard កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​កម្ពុជា​ជា​ទីផ្សារ​រីក​កំពុង​ស្ទុះ​ងើប និង​សម្រេចបាន​កំណើន​ដ៏រឹងមាំ និង​ប្រកប​ដោយ​ស្ថិរភាព​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​។ លោក​បន្ថែម​ថា ប្រព័ន្ធ 5G គឺជា​ក្បាលម៉ាស៊ីន​ដ៏សំខាន់​មួយ​ដែល​តភ្ជាប់​នវានុវត្តន៍ និង​ធុរកិច្ច​។

លោក​ថ្លែងថា​៖ «​ជាមួយ​នឹង​ការរង់ចាំ​ការដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ 5G វា​មាន​ដំណាក់កាល​ជាច្រើន​សម្រាប់​កម្ពុជា ដើម្បី​សេដ្ឋកិច្ច​របស់​យើង ឧស្សាហកម្ម​របស់​យើង និង​ប្រជាជន​របស់​យើង​»​។ លោក​បន្ថែម​ថា ប្រព័ន្ធ​ 5G ត្រូវបាន​រំពឹងថា​នឹង​បង្កើន​ប្រាក់ចំណូល​ប្រតិបត្តិករ​ប្រហែល​ ៣៦ ​ភាគរយ​ត្រឹម​ឆ្នាំ​ ២០២៦​។ ​ការតភ្ជាប់​ទូរស័ព្ទ​ចល័ត​ប្រព័ន្ធ​ 5G នឹង​កើនឡើង​ជាង​ ២,៧ ​លាន​ទូទាំង​ពិភពលោក ដោយសារ​តែ​ពួកគេ​ផ្លាស់ប្តូរ​ពី​មនុស្ស​ទៅ​គ្រឿងយន្ត​ជាមួយ​នឹង​ម៉ាស៊ីន​ទៅ​ម៉ាស៊ីន សង្គម​អ៊ីនធឺណិត និង​ទិន្នន័យ​ធំ​។

លោក​លើកឡើងថា​៖ «​ថ្ងៃនេះ​យើង​មើលឃើញ​ដោយផ្ទាល់​នៃ​ការសាកល្បង​ទាំងនោះ​ម្ដង​ហើយ​ម្ដងទៀត ហើយ​អតិថិជន​របស់​ Cellcard នឹង​រីករាយ​នឹង​ល្បឿន​លឿន​ក្នុង​ពេល​ឆាប់ៗ​។ ក្រុមហ៊ុន Cellcard ធ្វើដំណើរ​រយៈពេល​ដ៏វែង​នៅក្នុង​ដំណើរ​របស់ខ្លួន​សម្រាប់​ការត្រៀមខ្លួន​រួចរាល់​សម្រាប់​ប្រព័ន្ធ​ 5G»​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ទទួល​បាន​ចំណែក​នៅក្នុង​តម្លៃ និង​កំណើន​នោះ​ប្រទេស​របស់​យើង ត្រូវតែ​ធ្វើ​សកម្មភាព​យ៉ាងរហ័ស​។ យើង​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​គោលដៅ​លេចធ្លោ​ជាងគេ​បំផុត​នៅក្នុង​តំបន់​សម្រាប់​នវានុវត្តន៍​»​។

លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន Cellcard បាន​ឲ្យ​ដឹងថា លោក​ពិតជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្នុង​ការបង្ហាញ​សមត្ថភាព​ល្បឿន​អ៊ីនធឺណិត​របស់​បច្ចេកវិទ្យា​ប្រព័ន្ធ​ 5G​។

លោក​បាន​ឲ្យ​ដឹងថា​ទាំងនេះ​បង្ហាញ​ពី​ការយល់ដឹង និង​ការប្ដេជ្ញាចិត្ត​របស់​ក្រសួង​ប្រៃសណីយ៍​នឹង​ទូរគមនាគមន៍ ដើម្បី​គាំទ្រ​ការដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ 5G នៅក្នុង​ប្រទេស​កម្ពុជា និង​គោលបំណង​របស់​ពួកគេ​ដើម្បី​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រតិបត្តិករ​លើ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ក្រោយនេះ​។

លោក​បញ្ជាក់​​ថា​៖ «​វា​ជា​ការបើក​ទំព័រ​ប្រវត្តិសាស្ដ្រ​ថ្មី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ក្រុមហ៊ុន Cellcard និង​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា ខណៈ​យើង​សម្រេច​បាន​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​រ៉ូយាល់គ្រុប​សម្រាប់​ការធ្វើ​ឲ្យ​កម្ពុជា​មាន​លក្ខណៈ​ឌីជីថល​ពេញលេញ​។ យើង​បាន​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​បំផុត​រវាង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទាំងអស់​នៅក្នុង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​នៃ​ក្រុមហ៊ុន ជាពិសេស​ផ្នែក ICT ដោយ​ពួកយើង​កំពុង​ធ្វើការងារ​លើ​អ្វី​ជា​អនាគត​សម្រាប់​ការផ្ដល់សេវា​អ៊ីនធឺណិត មាតិកា​ឌីជីថល និង​សេវា​ទូទាត់​ប្រាក់​តាម​ឌីជីថល​នៅក្នុង​ពិភពលោក​នៃ​ប្រព័ន្ធ​ 5G​។

លោក​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ MPTC ពី​ខែ​ឧសភា​ឆ្នាំ​មុន​សម្រាប់​ការសហការ និង​ការរៀបចំ​ផែនការ​សម្រាប់​ប្រព័័ន្ធ​ 5G ​នេះ​ដែល​នឹង​ធ្វើឲ្យ​កម្ពុជា​មាន​លក្ខណៈ​ឌីជីថល​កាន់តែ​ខ្លាំង​។

លោក ត្រាំ អ៊ីវតឹក បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែ​ធ្នូ​ឆ្នាំ​ ២០១៩ ប្រទេស​កម្ពុជា​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មាន​អ្នកប្រើប្រាស់ អ៊ីនធឺណិត​ទូរស័ព្ទ​ចល័ត​ ១៦,៧ ​លាន​ ជាមួយ​នឹង​ ២១៥ ​ពាន់​ជា​អ្នកប្រើប្រាស់​អ៊ីនធឺណិត​លើ​តុ ខណៈ​ការប្រើប្រាស់​ប្រព័ន្ធ 4G នៅក្នុង​ប្រទេស ​កម្ពុជា ​មាន​ជាង​ ៣០ ​ជីហ្គាបៃ​ក្នុង​ ១ ​ខែ​៕LA