ក្រុងបាងកកៈ ​ហាង​លក់ទំនិញ 7-Eleven កំពុង​ពិចារណា​ពង្រីក​វត្តមាន​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​អនុវត្ត​ទស្សន​វិស័យ​កំណើន​ប្រចាំ​តំបន់​របស់​ខ្លួន​។ នេះ​បើ​តាម​លោក Suphachai Chearavanont នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Charoen Pokphand (CP) Group​។

លោក Suphachai បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ក្នុង​បទសម្ភាស​ផ្តាច់មុខ​មួយ​ថា​៖ «​ក្រុមហ៊ុន [CP Group] ជឿជាក់​ថា​ហាង​លក់​ទំនិញ​លក់រាយ​របស់​ខ្លួន គួរ​តែ​មាន «​វត្តមាន​ក្នុង​តំបន់​» មិន​ត្រឹម​តែ​នៅក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ​»​។ លោក​បាន​បន្ត​ថា​៖ «​ការវិនិយោគ​មិន​គួរ​មាន​នៅ​តែ​ប្រទេស​ថៃ​នោះ​ទេ តែ​ទិសដៅ​វិនិយោគ​ចាំបាច់​ត្រូវ​មាន​សក្តានុពល​ទីផ្សារ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​»​។

លោក Suphachai បាន​បន្ត​ថា​ហាង 7-Eleven ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន CP All Plc នៅ​ប្រទេស​ថៃ​នឹង​ត្រូវ​ពិភាក្សា​ពី​យុទ្ធសាស្ត្រ​ពង្រីក​អាជីវកម្ម​នេះ​ជាមួយ​នឹង​ក្រុមហ៊ុន Seven & I Holdings Co Ltd ដែល​ជា​ក្រុមហ៊ុន​មេ​ជប៉ុន​របស់​ក្រុមហ៊ុន 7-Eleven ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ការពង្រីក​អាជីវកម្ម​ប្រចាំ​តំបន់​ទំនង​ជា​នឹង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន CP All​។ លោក​បាន​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ថា តើ​ក្រុមហ៊ុន CP All នឹង​ចាប់ផ្តើម​អនុវត្ត​ផែនការ​ពង្រីក​អាជីវកម្ម​នេះ​នៅ​ឆ្នាំ​នេះ​ឬ​យ៉ាង​ណា​នោះ​។

លោក Suphachai បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ក្រុមហ៊ុន CP All តាមរយៈ​ក្រុមហ៊ុន Siam Makro Plc ដែល​ជា​ក្រុមហ៊ុន​ប្រតិបត្តិការ​ហាង​លក់​ទំនិញ Makro បាន​ពង្រីក​វត្តមាន​របស់​ខ្លួន​រួច​ហើយ​នៅ​បរទេស​ដូចជា​នៅ​កម្ពុជា មីយ៉ាន់ម៉ា និង​ឥណ្ឌា​ជាដើម​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ហាង​លក់​ទំនិញ​មួយ​នឹង​ផ្តល់​សេវា ២៤ ម៉ោង​ដើម្បី​បម្រើ​តម្រូវការ​សហគមន៍ ជាពិសេស​សហគមន៍​នៅ​តាម​តំបន់​ប្រជុំជន​ដែល​មាន​របៀប​រស់នៅ​ផ្សេងៗ​គ្នា​ទៅ​តាម​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​។

លោក Suphachai មាន​ប្រសាសន៍​ថា​៖ «​ហាង ​7-Eleven ត្រូវ​បាន​ចាត់ទុក​ថា​ជា​ចំណុច​ជួបជុំ​គ្នា​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ប្រជាជន​»​។

បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៨៨ ដោយ​ក្រុមហ៊ុន Charoen Pokphand Group ក្រុមហ៊ុន CP All ទទួល​បាន​អាជ្ញាប័ណ្ណ​បើក​ហាង 7-Eleven នៅ​ឆ្នាំ​នោះ​។

ហាង​លក់​ទំនិញ​នេះ​លក់​ផលិតផល​ឲ្យ​អតិថិជន​ចំនួន ៣០ លាន​នាក់​ក្នុង​មួយ​សប្តាហ៍​៕ BP