The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - A&A រំពឹង​ថា​ KIA​នឹង​វាយលុក​ទីផ្សារ​រថយន្ត​កម្ពុជា

A&A រំពឹង​ថា​ KIA​នឹង​វាយលុក​ទីផ្សារ​រថយន្ត​កម្ពុជា

A&A រំពឹង​ថា​ KIA​នឹង​វាយលុក​ទីផ្សារ​រថយន្ត​កម្ពុជា

20140512_11
រថយន្ត KIA ច្រើនពណ៌ ដែលត្រូវបានដាក់តាំងបង្ហាញ កាលពីសប្តាហ៍មុន ហុង មិនា

ភ្នំពេញៈ ក្រុមហ៊ុន​ចែកចាយ​រថយន្ត​កូរ៉េ ម៉ាក KIA បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​រថយន្ត​ថ្មី​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​បើក​សម្ពោធ​បន្ទប់​តាំង​បង្ហាញ​រថយន្ត​កាលពី​ថ្ងៃ​សុក្រ ។

អ្នកតំណាង​ក្រុមហ៊ុន A&A Auto Group ដែល​ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​ជា​អ្នក​ចែកចាយ​ស្រប​ច្បាប់​រថយន្ត ម៉ាក KIA នៅ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន​រំពឹង​ថា​នឹង​អាច​វាយលុក​ក្នុង​ទីផ្សារ​រថយន្ត​ថ្មី ដែល​នឹង​កាត់បន្ថយ​ការ​ប្រើប្រាស់​រថយន្ត​ជជុះ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ក្នុង​ស្រុក​។

លោកស្រី ស៊ីន ស៊ីវឿង ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន A&A Auto Group ឲ្យ​ដឹង​ថា កត្តា​ជីវភាព​ដែល​កំពុង​តែ​កើនឡើង និង​តម្រូវការ​ប្រើប្រាស់​ឡាន​ថ្មី​កំពុង​តែ​ជំរុញ​ទីផ្សារ​រថយន្ត​ឲ្យ ដើរ​ទៅ​មុខ​។ លោកស្រី​បន្ត​ថា​៖ «​យើង​ឃើញ​សេដ្ឋកិច្ច​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង ហើយ​ទំនោរ​ងាក​មក​ប្រើប្រាស់​រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​សមរម្យ ក្នុង​ចំណោម​អ្នក​មាន​ចំណូល​មធ្យម​ក៏​មាន​ការ​កើនឡើង​។ យើង​មើល​ឃើញ​ពី​សក្តានុពល​នេះ​»​។

លោកស្រី ស៊ីវឿង រំពឹង​ថា A&A Auto Group នឹង​អាច​លក់​រថយន្ត​បាន​៤០០​គ្រឿង​ដល់​ដាច់​ឆ្នាំ ហើយ​ព្យាករ​ថា នឹង​កើន​ក្នុង​រង្វង់​ពី​២០ ទៅ​៣០​ភាគរយ​ជា​រៀងរាល់​ឆ្នាំ។ លោកស្រី​បន្ត​ថា​៖ «​ពួកគាត់​ចង់​តែ​ប្រើ​រថយន្ត​ថ្មី​ហ្នឹង​។ បើ​ថ្លៃ​សមរម្យ គាត់​នឹង​ឈប់​ប្រើ​រថយន្ត​ជជុះ ហើយ​ងាក​មក​ប្រើ​រថយន្ត​ថ្មី​វិញ។ ខ្ញុំ​ជឿថា ជាមួយ​តម្លៃ​ដែល​បាន​សិក្សា​រួច​ហើយ​នេះ អាច​ឲ្យ​យើង​វាយលុក​ទីផ្សារ​បាន​»​។

អ្នក​ចែកចាយ A&A Auto Group នឹង​នាំ​ចូល​រថយន្ត​ថ្មី​ពី​ប្រទេស​កូរ៉េ​ដើម្បី​ចែកចាយ​បន្ត​នៅ​កម្ពុជា ក្នុង​នោះ​មាន​រថយន្ត​លក្ខណៈ​គ្រួសារ ប្រភេទ​ដឹកទំនិញ និង​រថយន្ត​(SUV)។

បច្ចុប្បន្ន​រថយន្ត​របស់​ម៉ាក KIA មាន Picanto, Optima, Carens, K3000s Truck និង Sorento។

លោក លី ប៊ុនហៃ អ្នក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ទីផ្សារ​រថយន្ត​ថ្មី​មាន​ប្រមាណ​ត្រឹម​តែ​១០​ភាគរយ​នៃ ទីផ្សារ​រថយន្ត​នៅ​កម្ពុជា ខណៈ​ទីផ្សារ​ជជុះ​មាន​ដល់​ទៅ​៩០​ភាគរយ​។ លោក​បាន​បន្ត​ថា ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​រវាង​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​គឺជា រឿង​ដែល​ចៀស​មិន​ផុត​ឡើយ តែ​ថា រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​សមរម្យ​នឹង​ជួយ​ជំរុញ​អ្នកប្រើប្រាស់​ឲ្យ ងាក​មក​ប្រើ​រថយន្ត​ថ្មី​វិញ​។ លោក​បាន​បន្ត​ថា​៖ «​វា​ពាក់ព័ន្ធ​នឹង​ការ​យក​ពន្ធ​លើ​ការ​នាំ​ចូល​ដែរ ដែល​ធ្វើឲ្យ​តម្លៃ​រថយន្ត​ថ្មី​ថ្លៃ។ អ្នក​ប្រើប្រាស់​ទិញ​រថយន្ត​ជជុះ​គឺ​ដោយសារ​វា​ធូរ​ថ្លៃ​ជាង​។ វា​អាស្រ័យ​លើ​ជម្រើស និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ប្រើប្រាស់​នោះ​ទេ​»​។

លោក សេង វឹង ប្រធាន​គ្រប់គ្រង​ផ្នែក​រថយន្ត​ហ្វ័ដ ប្រចាំ​នៅ​កម្ពុជា ក៏​បាន​និយាយ​ដែរ​ថា ការ​ចូល​មក​ដល់​នៃ​ម៉ាក​រថយន្ត​កាន់តែ​ច្រើន​នៅ​កម្ពុជា​មិន​មាន​ន័យ​ថា នឹង​ធ្វើឲ្យ​ទីផ្សារ​រថយន្ត​កាន់តែ​តូច​នោះ​ទេ។ លោក​បន្ត​ថា​៖ «​វា​គ្រាន់តែ​បន្ថែម​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​កាន់តែ​ខ្លាំង ឡើង​ព្រោះ​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​កើនឡើង​ជា​រៀងរាល់​ថ្ងៃ​»។ លោក​បន្ថែម​ថា ការ​ចូល​មក​ដល់​នៃ​ម៉ាក​រថយន្ត​ល្បីៗ​លើ​ពិភពលោក​ក្នុង​ប្រទេស​កម្ពុជា គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​សក្តានុពល​នៃ​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​។

លោក កង ច័ន្ទតារារ័ត្ន អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជា​ប្រធាន​វិទ្យាស្ថាន​ដើម្បី​ការ​សិក្សា​អភិវឌ្ឍន៍​កម្ពុជា​និយាយ ថា ការ​លក់​រថយន្ត​ថ្មី​ថ្នាក់​មធ្យម​នឹង​កើនឡើង ខណៈ​ទីផ្សារ​រថយន្ត ប្រណីត​អាច​មាន​ភាព​តានតឹង​៖ «បើ​តាម​ស្ថានភាព​បច្ចុប្បន្ន​នេះ​ខ្ញុំ​ជឿថា ទីផ្សារ​រថយន្ត​ថ្មី​សម្រាប់​ប្រជាជន​មាន​ចំណូល​មធ្យម​ល្អ ដោយសារ​យើង​មាន​ស្ថិរភាព​នយោបាយ​ដែល​ប្រសើរ​ជាង​ថៃ នឹង​អាច​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ដែល​ធ្វើឲ្យ​ចំណូល​ប្រជាជន ថ្នាក់​មធ្យម​ច្រើន​ជាង​មុន​»​។ លោក​បន្ថែម​ថា ការ​ផ្តល់​សេវា​ថែទាំ ជួសជុល និង​គ្រឿងបន្លាស់​ដែល​រក​បាន​ក្នុង​ស្រុក​ក៏​ជា​កត្តា​ជំរុញ​ការ​ប្រើប្រាស់​រថយន្ត​កូរ៉េ​ផង​ដែរ​។

កាលពី​ឆ្នាំ​២០១៣ ការ​នាំ​ចូល​រថយន្ត​របស់​កម្ពុជា​កើន​១០ ០០០ គ្រឿង ធៀប​ឆ្នាំ​២០១២​។ នេះ​បើ​តាម​លោកស្រី តឹក រ៉េតកំរង អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ខែ​មីនា​៕

អត្ថបទគួរចាប់អារម្មណ៍