ភ្នំពេញ៖ សមាគម​សិប្បករ​កម្ពុជា​ (AAC) ​ដែល​​មាន​ក្រុមហ៊ុន​​សិប្បកម្ម​​ជា​សមាជិក​ប្រមាណ​ ៣៦ ​មាន​​ឯកទេស​ខាង​ការ​ផលិត​​វត្ថុអនុស្សាវរីយ៍​កំពុង​ស្វែងរក​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ​ដើម្បី​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ បន្ទាប់​ពី​ទីផ្សារ​ទេសចរណ៍​រង​ផល​ប៉ះពាល់​ដោយ​វីរុស​កូរ៉ូណា។

កាល​ពី​​ថ្ងៃ​ទី ២ ខែ ​កក្កដា ឆ្នាំ ​២០២០ លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​​ទទួល​ជួប​ប្រជុំ​ជាមួយ​លោក Pierre-Andre Romano នៃ​សមាគម​សិប្បករ​កម្ពុជា និង​សហការី ដែល​មក​​ស្វែង​រក​ការ​គាំទ្រ​​ពី​ភាគី​រដ្ឋាភិបាល​ ​ដើម្បី​ធ្វើ​ឲ្យ​​សិប្បកម្ម​រស់​ឡើង​វិញ។

លោក​ Pierre-Andre Romano បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ក្រុមហ៊ុន​សិប្បកម្ម​ជា​ច្រើន​ធ្លាប់​បាន​ផ្ដោត​​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​​ផលិតផល​វត្ថុ​អនុស្សាវរីយ៍​ និង​ទីផ្សារ​ទេសចរណ៍​។ ប៉ុន្តែ​ពួក​គេ​ក៏​មាន​​​​ទេពកោសល្យ ធនធាន​ និង​សមត្ថភាព​​ក្នុង​ការ​ផលិត​គ្រឿង​តុបតែង​សហសម័យ​ គ្រឿង​អលង្ការ វាយនភណ្ឌ ​លំនៅឋាន សម្រាប់​ទីផ្សារ​ក្នុង​ស្រុក និង​​នាំចេញ​ផង​ដែរ។

លោក​ថ្លែង​ថា​៖ «ពេល​នេះ​ វា​ដល់​ពេល​ដែល​ត្រូវ​​​ផ្លាស់ប្តូរ​ទីផ្សារ​​​ហើយ​​។ ការណ៍​នេះ​នឹង​ក្លាយ​ជា​​យុទ្ធសាស្ដ្រ​​ថ្មី​របស់​ AAC រួម​ជាមួយ​សមាគម​ផ្សេង​ទៀត​ និង​​ដោយ​មាន​​ការ​គាំទ្រ​​ពី​​​រដ្ឋាភិបាល​ ដើម្បី​លើក​កម្ពស់​ទេពកោសល្យ និង​ផលិតផល​ខ្មែរ»។​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា លោក​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​ក៏​គាំទ្រ​គំនិត​ផ្តួច​ផ្ដើម​នោះ​ដែរ ដោយសារ​តែ​គំនិត​នេះ​នឹង​លើក​កម្ពស់​ផលិតផល​នៅ​ក្នុង​ស្រុក​​ទៅ​​ទីផ្សារ​អន្តរជាតិ​។​

លោក​បន្ត​ថា​​៖ «​យុទ្ធសាស្រ្ត​ថ្មី​នេះ​វា​នឹង​​ធ្វើ​ឲ្យ​ឧស្សាហកម្ម​នេះ​កាន់​តែ​រីក​ចម្រើន​​។ យើង​ក៏​កំពុង​ធ្វើ​ការងារ​រួមគ្នា​​លើ​ការ​ការពារ​ផលិតផល​ក្នុង​ស្រុក​។ វា​មាន​សារៈសំខាន់​ខ្លាំង​បំផុត​​ក្នុង​ការ​ពង្រឹង​វិស័យ​នេះ ខណៈ​​បុគ្គលិក​ជា​ច្រើន​កំពុង​ប្រឈម​នឹង​​បញ្ហា​នា​​ពេល​​នេះ​ ដោយសារ​តែ​​ទីផ្សារ​ទេសចរណ៍​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង»។​​

លោក​បាន​បន្ថែម​ថា៖ «​ពួក​គេ​គួរ​តែ​មាន​ការ​ជំរុញ​ទៅ​កាន់​ទីផ្សារ​ផ្សេង​ទៀត​ ប៉ុន្តែ​ក្រុម​វិនិយោគិន​ជា​ច្រើន​មិន​ចាប់​អារម្មណ៍​នោះ​ទេ ដោយសារ​តែ​ពួក​គេ​ជឿ​ថា ភ្ញៀវ​ទេសចរ​នឹង​មាន​គ្រប់គ្រាន់​។ បទពិសោធ​លើក​នេះ​​​​បង្ហាញ​ថា ការ​គិត​របស់​ពួក​គេ​​ខុស»។​

លោក ប៉ាន សូរស័ក្ដិ បាន​និយាយ​​​ថា ក្រសួង​ពាណិជ្ជកម្ម​មាន​តួនាទី​ក្នុង​ការ​អនុវត្ត​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ដូច្នេះ​ហើយ​ការងារ​ដែល​លើក​ឡើង​ដោយ​សមាគម គឺ​មាន​ភាព​ស្រប​ទៅ​នឹង​គោលការណ៍​របស់​ក្រសួង​​។

លោក​ថ្លែង​ថា៖ ​«ក្រសួង​ពាណិជ្ជកម្ម​គាំទ្រ​គំនិត​​ផ្ដួច​ផ្ដើម​នេះ ហើយ​លោក​បាន​ស្នើ​ឲ្យ​​​សមាគម ធ្វើ​ការ​បន្ត​ជា​មួយ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​គាំទ្រ​ដល់​ផលិតករ និង​សិប្បករ​ខ្មែរ តាមរយៈ​ការ​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​នានា​»។

ក្រៅ​ពី​នេះ​​លោក​​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សមាគម ពិនិត្យ​លទ្ធភាព​លើ​ការ​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​ដូចជា ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ការ​ធ្វើ​ទីផ្សារ និង​ផ្សារ​ភ្ជាប់​ទៅ​អតិថិជន និង​ទីផ្សារ​ទូលំទូលាយ។ ក្រសួង​ពាណិជ្ជកម្ម​នឹង​ជួយ​ជំរុញ​បន្ថែម​លើ​ការងារ​នេះ​តាមរយៈ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ផង​ដែរ៕LA​​