
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ថ្លែងក្នុងកម្មវិធី រូដសូ នៅផ្សារហ៊ុនកាលពីថ្ងៃម្សិលមិញ។ ហ៊ឹន ពីសី
ភ្នំពេញៈ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា បានចាប់ផ្តើមធ្វើ រូដសូ (Roadshow) កាលពីថ្ងៃម្សិលមិញ ដើម្បីបង្ហាញទៅកាន់អតិថិជនសក្តានុពលក្នុងការឈានឆ្ពោះទៅដល់ការបោះផ្សាយមូលបត្របំណុលក្រុមហ៊ុន។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ABA គ្រោងនឹងបោះផ្សាយលក់មូលបត្របំណុល នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ ក្នុងតម្លៃសរុប ១២៨ ពាន់លានរៀល (៣២ លានដុល្លារ) ដោយមានរយៈពេល ៣ ឆ្នាំ ក្នុងអត្រាការប្រាក់ប្រចាំឆ្នាំពី ៧ ទៅ ៧,៧៥ ភាគរយ។ មូលបត្របំណុលរបស់ ABA មានតម្លៃ ១០០ ០០០ រៀល ក្នុង ១ ឯកតា ដោយមាន SBI Royal Securities ជាក្រុមហ៊ុនធានាទិញមូលបត្របំណុល។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បាននិយាយថា ការបោះផ្សាយលក់មូលបត្របំណុលសាជីវកម្មរបស់ ABA គឺជាការសម្រេចបាននូវជំហានថ្មីមួយទៀតរបស់ធនាគារ ហើយវាក៏ជាការចូលរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងលើកកម្ពស់ការប្រើប្រាស់រូបិយបណ្ណជាតិផងដែរ។
លោកថ្លែងថា៖ «តាមរយៈមូលបត្របំណុលនេះ ABA នឹងមានលទ្ធភាពអាចផ្តល់ឥណទានជាប្រាក់រៀលបានកាន់តែច្រើនបន្ថែមទៀតទៅដល់អាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូច និងមធ្យមនៅតាមជនបទ ដើម្បីគាំទ្រអាជីវកម្ម និងប្រតិបត្តិការរបស់ពួកគេ»។
លោក Askhat បន្តថា ខុសពីប្រាក់បញ្ជីមានកាលកំណត់ មូលបត្របំណុលរបស់ ABA នឹងផ្តល់នូវការទូទាត់គូប៉ុងរៀងរាល់ពាក់កណ្តាលឆ្នាំម្តង ដែលជាការផ្តល់ឱកាសឲ្យវិនិយោគិនមានឱកាសអាចលក់បន្តក្នុងផ្សារមូលបត្រ ប្រសិនបើពួកគេត្រូវការ។
លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងថា ការមកដល់របស់ ABA គឺជាវឌ្ឍនភាពថ្មីមួយទៀតនៃផ្សារមូលបត្រកម្ពុជា។ លោកបន្តថា៖ «ដោយសារមួយ [មូលបត្របំណុល] មានតម្លៃ ១០ ម៉ឺនរៀល ដូច្នេះគ្រប់គ្នាសុទ្ធតែអាចទិញបាន»។
លោកបន្តថា ABA នឹងក្លាយជាគ្រឹះស្ថានសាធារណៈទី១ ដែលប្រមូលសាច់ប្រាក់ច្រើនជាងគេនៅក្នុងផ្សារមូលបត្រកម្ពុជា ដោយរាប់ទាំងការលក់មូលបត្របំណុល និងមូលបត្រកម្មសិទ្ធិ។
លោក សុជាតិ សង្ឃឹមថា នៅចុងឆ្នាំ ២០១៩ នេះនឹងមានក្រុមហ៊ុនបន្ថែមទៀតចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។
ធនាគារ ABA នឹងប្រើប្រាស់ប្រាក់ដែលទទួលបានពីការបោះផ្សាយមូលបត្របំណុលសម្រាប់ចំណាយលើប្រតិបត្តិការ និងអាជីវកម្មឥណទានដើម្បីជួយទ្រទ្រង់ដល់អាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូច និងមធ្យមនៅតាមជនបទ រួមទាំងសហគ្រិនជាស្ត្រីនៅកម្ពុជាផងដែរ៕LA