
បុគ្គលិកធនាគារកំពុងឈរពីមុខឡូហ្គោធនាគារ ABA នៅការិយាល័យកណ្តាលតាមបណ្តោយមហាវិថីព្រះសីហនុកន្លងមក។ ហុង មិនា
ភ្នំពេញៈ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ដែលជាសមាជិករបស់ធនាគារជាតិកាណាដានឹងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុទី៣ ដែលនឹងបោះផ្សាយមូលបត្របំណុលក្នុងផ្សារហ៊ុនកម្ពុជា បន្ទាប់ពីធនាគារនេះបានទទួលការយល់ព្រមពីធនាគារជាតិនៃកម្ពុជា (NBC)។ នេះបើតាមសេចក្ដីប្រកាសរបស់ខ្លួនកាលពីថ្ងៃសុក្រ។
អ្នកក្នុងឧស្សាហកម្មនេះបានឲ្យដឹងថា ដំណឹងនេះកំពុងបង្ហាញថា ទីផ្សារមូលបត្រកម្ពុជាមានភាពទាក់ទាញកាន់តែច្រើនសម្រាប់ក្រុមវិនិយោគិន។
ធនាគារ ABA គ្រោងនឹងប្រមូលមូលនិធិ ១០០ ពាន់លានរៀល (២៥ លានដុល្លារ) តាមរយៈការចេញមូលបត្រសាជីវកម្មលើកដំបូងរបស់ខ្លួននៅទីផ្សារមូលបត្រកម្ពុជា។
មូលបត្របំណុលនេះនឹងមានរយៈពេល ៣ ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី ៧ ភាគរយ ទៅដល់ ៧,៧៥ភាគរយ។
ប្រាក់ដែលបានមកពីការចេញមូលបត្របំណុលនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការចំណាយលើប្រតិបត្តិការ ក៏ដូចជាបង្កើនកម្ចីសម្រាប់អាជីវកម្មផ្ដល់។ នេះបើយោងតាមធនាគារ។
សេចក្តីប្រកាសបានឲ្យដឹងទៀតថា៖ «ប្រាក់នេះនឹងគាំទ្រដល់អាជីវកម្មខ្នាតតូចបំផុត សហគ្រាសធុនតូច និងមធ្យម (MSME) ដែលរួមទាំងសហគ្រិនភាពស្ដ្រីនៅក្នុងប្រទេស កម្ពុជា ផងដែរ»។
SBI Royal Securities គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ និងភ្នាក់ងារធានាទិញមូលបត្រសម្រាប់ការជួញដូរដ៏សំខាន់របស់ធនាគារ ABA។
លោកស្រី គីម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ CSX បានឲ្យដឹងថា ខណៈក្រុមហ៊ុនចុះបញ្ជីនឹងទទួលបានការលើកលែងពន្ធលើប្រាក់ចំណេញ ៥០ ភាគរយ រយៈពេល ៣ ឆ្នាំ ដែលបានផ្ដល់ដោយរដ្ឋាភិបាល ការចូលរបស់ ABA នឹងជួយទីផ្សារកម្ពុជាកាន់តែមានភាពទាក់ទាញ។
លោកស្រីថ្លែងថា៖ «ការចូលរបស់ធនាគារ ABA ក្នុងទីផ្សារនេះនឹងជាការរួមចំណែកដ៏សំខាន់មួយសម្រាប់ផ្សារមូលបត្រកម្ពុជា»។ លោកស្រីបន្តថា៖ «ខណៈសន្ទស្សន៍របស់ CSX បន្តកើនឡើង ចាប់តាំងពីដើមឆ្នាំ ២០១៩ ការយល់ដឹងរបស់សាធារណជនស្ដីពីផ្សារហ៊ុននេះកំពុងកើនឡើងដែរ»។
បន្ទាប់ពីទទួលបានការយល់ព្រមពី NBC ធនាគារ ABA នឹងដាក់ពាក្យត្រួតពិនិត្យភាពស្របច្បាប់នៃការចុះបញ្ជីទៅផ្សារមូលបត្រកម្ពុជា។
យោងតាមបទពិសោធ លោកស្រី សុផានីតា បានឲ្យដឹងថា ធនាគារ ABA Bank នឹងមានលទ្ធភាពក្នុងការចេញមូលបត្របំណុលលើកដំបូងរបស់ខ្លួនជាផ្លូវការនៅរយៈពេល ២ ខែក្រោយ បន្ទាប់ពីការទទួលបានការយល់ព្រមពី NBC។
LOLC គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដែលចេញលក់មូលបត្របំណុលទី២ ដែលបានចុះបញ្ជីជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ LOLC បានស្វាគមន៍សេចក្ដីប្រកាសរបស់ ABA ដោយលើកឡើងថា ការកើនឡើងក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុន គឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យមូលបត្រនៅកម្ពុជា។
លោកថ្លែងថា៖ «នៅពេលអនាគត នឹងមានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែច្រើន និងក្រុមហ៊ុនផ្សេងទៀតចូលក្នុងទីផ្សារនេះដោយសារតែវាអាចជួយឲ្យក្រុមហ៊ុនអាចប្រមូលមូលនិធិកាន់តែច្រើនសម្រាប់ការពង្រីកប្រតិបត្តិការរបស់ពួកគេ»។
ធនាគារ ABA Bank នឹងក្លាយជាក្រុមហ៊ុនចុះបញ្ជីនៅ CSX ទី៨ ហើយនឹងក្លាយជាក្រុមហ៊ុនចេញលក់មូលបត្របំណុលទី៣ បន្ទាប់ពីគ្រឹះស្ថានហិរញ្ញវត្ថុ Hattha Kaksekar Limited (HKL) និង LOLC។
គិតត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩ ទ្រព្យសកម្មរបស់ធនាគារ ABA Bank មានចំនួន ៣,៣៦ ពាន់លានដុល្លារ ដែលធ្វើឲ្យធនាគារនេះក្លាយជាធនាគារឈានមុខគេទី៣ នៅក្នុងប្រទេស កម្ពុជា៕LA