ភ្នំពេញៈ ​ធនាគារ ABA Bank ដែល​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​រាយការណ៍​ពី​ប្រតិបត្តិការ​អាជីវកម្ម​ល្អប្រសើរ​នៅ​ត្រីមាស​ទី​ ១ ឆ្នាំនេះ បើទោះបី​ជំងឺ​កូវីដ​ ១៩ កំពុង​គំរាម​កំហែង​ដល់​សេដ្ឋកិច្ច​ក៏ដោយ​។

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ផ្ញើ​ទៅ CSX កាលពី​ថ្ងៃទី​ ១ ខែ​មិថុនា បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​បាន​កើនឡើង ៥,៧ ​ភាគរយ​ ធៀប​នឹង​ត្រីមាស​ទី​ ៤ ​ឆ្នាំ​ ២០១៩ ស្មើនឹង​ ៤,៦ ​ពាន់​លាន​ដុល្លារ​។ ផលបត្រ​ប្រាក់​បញ្ញើ​បាន​កើន​ដល់ ៣,៥ ​ពាន់​លាន​ដុល្លារ​ដែល​តំណាង​ឲ្យ​កំណើន ១,៧ ​ភាគរយ និង​ផលបត្រ​កម្ចី​សរុប​កើនឡើង​ដល់ ៣ ​ពាន់​លាន​ដុល្លារ​ ដែល​តំណាង​ឲ្យ​កំណើន ៨,៤ ​ភាគរយ ​ធៀប​នឹង​ចុង​ឆ្នាំ​ ២០១៩​។

ទាក់ទង​នឹង​ប្រាក់ចំណេញ ធនាគារ​ទទួល​បាន​ប្រាក់ចំណេញ​សុទ្ធ ៣៣,៥ ​លាន​ដុល្លារ​ កាលពី​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ ខណៈដែល​ភាគហ៊ុន​របស់​ភាគទុនិក​របស់​ធនាគារ​នេះ​ក៏បាន​កើនឡើង​ដល់ ៦៥០ ​លាន​ដុល្លារ​នៅក្នុង​អំឡុង​ពេលនេះ​។

លោក Yves Jacquot ប្រធាន ​ABA បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ដើម​ឆ្នាំ​ ២០២០ មក​បរិយាកាស​អាជីវកម្ម​មានការ​ប្រែប្រួល​ខ្លាំង ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ទូទាំង​ពិភពលោក​។ ដោយសារ​ការធ្វើ​សមាហរណកម្ម​ក្នុង​ទីផ្សារ​ពិភពលោក​កម្ពុជា​ក៏​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ផងដែរ​។

ជាមួយ​គ្នា​នេះ​លោក​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​អនុវត្ត​សកម្មភាព និង​គំនិត​ផ្តួចផ្ដើម​ជាច្រើន​ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន ជាពិសេស​វិស័យ​ហិរញ្ញវត្ថុ​។ ពិត​ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សារាចរ​មួយ​កាលពី​ខែមីនា ស្ដីពី​ការផ្ដល់​ពេលវេលា​អនុគ្រោះ និង​ការរៀបចំ​ឥណទាន​ឡើងវិញ​ចំពោះ​ក្រុមហ៊ុន​ដែល​រង​ផលប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូវីដ ​១៩​។

លោក​ថ្លែងថា​៖ «​យើង​មាន​ការយល់ដឹង​យ៉ាងច្បាស់​អំពី​តួនាទី​របស់​យើង​ក្នុង​ការគាំទ្រ​សេដ្ឋកិច្ច​ក្នុងស្រុក ធនាគារ ABA បាន​អនុវត្តតាម​ការណែនាំ​ទាក់ទង​នឹង​ការជួយ​ដល់​អតិថិជន​របស់ខ្លួន​ដែល​ភាគច្រើន​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ឆ្លង​ផុត​វិបត្តិ​នេះ​។ ទោះបី​ពេលវេលា​មិន​ច្បាស់លាស់​ក៏​ធនាគារ ABA បាន​បន្ត​រីកចម្រើន​នៅក្នុង​វិស័យ​សំខាន់ៗ​ទាំងអស់​ដែល​រួមមាន​ទ្រព្យសកម្ម​សរុប ប្រាក់បញ្ញើ និង​កម្ចី ព្រមទាំង​ប្រាក់ចំណេញ​»​។

ធនាគារ ABA បាន​ចុះបញ្ជី​សញ្ញាបណ្ណ​សាជីវកម្ម​របស់​ខ្លួន​លើ​ផ្សារហ៊ុន CSX កាលពី​ខែធ្នូ ឆ្នាំ​ ២០១៩​។ កាលពី​ខែកុម្ភៈ​ធនាគារ​បាន​ផ្ទេរ​ដោយ​ពេញលេញ​នូវ​ការទូទាត់​អត្រា​ការប្រាក់​ដំបូង​ដល់​អ្នកកាន់កាប់​សញ្ញាបណ្ណ​សាជីវកម្ម​របស់ខ្លួន​។ ជារួម​ក្រុម​វិនិយោគិន ៦៨ នាក់​បាន​ទទួល​អត្រា​ការប្រាក់​ជិត​ ៣,៣ ​ពាន់​លាន​រៀល​។

លោក Yves Jacquot បាន​ឲ្យ​ដឹងថា ទោះបីជា​សេដ្ឋកិច្ច​កំពុង​ធ្លាក់ចុះ​ក៏ដោយ ក៏​ធនាគារ ABA បន្ត​អនុវត្ត​យុទ្ធសាស្ដ្រ​អាជីវកម្ម​របស់ខ្លួន​ដោយ​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ផលិតផល​ហិរញ្ញវត្ថុ​ឌីជីថល ព្រមទាំង​លើ​ឥណទាន​សម្រាប់​ការវិនិយោគ​ដល់​ក្រុមហ៊ុន​នៅក្នុង​វិស័យ​ពិតប្រាកដ​នៃ​សេដ្ឋកិច្ច​នេះ​៕ LA