ភ្នំពេញៈ សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) កាលពី​ថ្ងៃ​ពុធ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ ​ដើម្បី​បន្ត​ជួយ​សម្រាល​បន្ទុក​ដល់​អតិថិជន​ក្នុងអំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ជាពិសេស​គឺ​ការអូសបន្លាយ​នៃ​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​ ដែល​កំពុង​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច និង​ចំណូល​របស់​ប្រជាពលរដ្ឋ​។

សេចក្តីថ្លែងការណ៍​រួម​របស់​សមាគម​ហិរញ្ញវត្ថុ​នេះ​បានធ្វើ​ឡើង​ ១ ​ថ្ងៃ បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ១០៣ បាន​ស្នើសុំ​ជាថ្មី​ឱ្យ​រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​ណែនាំ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ទាំងអស់​ឱ្យ​ផ្អាក​ការបង់​ប្រាក់កម្ចី និង​ការប្រាក់​យ៉ាងតិច​ ៣ ​ខែ​ ដល់​អ្នក​ខ្ចី​ក្នុងអំឡុងពេល​រាតត្បាត​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ថ្លែងការណ៍​របស់​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​ក៏បាន​ឱ្យដឹងថា ការរៀបចំ​ឥណទាន​ឡើងវិញ​ក្នុង​រយៈពេល​ជាង​ ១ ឆ្នាំ​កន្លងមក​មិនបាន​ពេញលេញ​សម្រាប់​កម្ចី​ឥណទាន​ខ្នាតតូច​ប្រមាណ ១០ ភាគរយ ​ដែល​ត្រូវបាន​រាយការណ៍​ដោយ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ គឺ​មិន​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​នឹង​ទំហំ​នៃ​វិបត្តិ​នេះ​ទេ​។

សេចក្តី​ថ្លែងការណ៍​រួម​របស់ ABC និង CMA ចេញផ្សាយ​ថ្ងៃ​ពុធ​ឱ្យដឹងថា គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​សង្កេត​ឃើញ​ថា ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​បង្កឱ្យមាន​ផលប៉ះពាល់​ជាថ្មី​បន្ថែមទៀត ដោយ​ចំនួន​អ្នក​ឆ្លង និង​អ្នក​ប្រឈម​ការឆ្លង មាន​ចំនួន​កាន់តែ​កើនឡើង​។

សេចក្តី​ថ្លែងការណ៍​សរសេរ​ថា​៖ «​ដោយ​យើង​សង្កេតឃើញ​អំពី​ផលប៉ះពាល់​នេះ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ តាមរយៈ​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA) គ្រឹះស្ថាន​សមាជិក​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល ជាពិសេស​គោលការណ៍​ក្នុង​ការរៀបចំ​ឥណទាន​ឡើងវិញ ដែល​បាន​ដាក់ចេញ​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២០ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ធានាថា អតិថិជន​របស់ខ្លួន​ទទួលបាន​នូវ​ការគាំពារ និង​អនុគ្រោះ​ក្នុង​អំឡុងពេល​ដ៏លំបាក​នេះ​»​។

ដើម្បី​ចូលរួម​ជួយ​គាំទ្រ និង​សម្រួល​ដល់​អតិថិជន​ក្នុង​គ្រាដ៏លំបាក​នេះ សមាគម​ទាំង​ ២ បានដាក់​ចេញ​នូវ​គោលការណ៍​បន្ថែម​ដូចជា

១. ​សម្រាប់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩ លើកលែង​ការបង់​ការប្រាក់ និង​រាល់​ការផាកពិន័យ​ទាំងអស់​រយៈពេល​យ៉ាងតិច​ ១ ​ខែ ព្រមទាំង​ទទួល​បាន​ការរៀបចំ​ឥណទាន​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ (​បើ​អតិថិជន​យល់ព្រម​) រួមទាំង​ការពន្យារ​ការបង់ប្រាក់​ដើម​រយៈពេល​ ៣ ​ខែ​។ រាល់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូវីដ ១៩ ត្រូវ​បង្ហាញ​លទ្ធផល​តេស្ត​វិជ្ជមាន​កូវីដ​ ១៩ ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច

២. សម្រាប់​អតិថិជន​ដែល​ជាប់​ធ្វើ​ចត្តាឡីស័ក​ផ្តល់​ការរៀបចំ​ឥណទាន​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ (​បើ​អតិថិជន​យល់ព្រម​) រួមទាំង​ពន្យារ​ការបង់​ទាំង​ប្រាក់​ដើម និង​ការប្រាក់​រយៈពេល​ ១ ​ខែ និង​លើកលែង​ការផាកពិន័យ​ទាំងអស់

៣. បន្តធ្វើ​ការផ្តល់ជូន​ការរៀបចំ​ឥណទាន​ឡើងវិញ​ឱ្យបាន​ឆាប់រហ័ស និង​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​​ ១៩​។

៤. បញ្ចេញ​ឥណទាន​សង្គ្រោះបន្ទាន់ ឬ​បន្ថែម ដោយ​បន្ធូរបន្ថយ លក្ខខណ្ឌ​ព្រមទាំង​កាត់បន្ថយ​អត្រា​ការប្រាក់​ដើម្បី​ជួយ​បន្ត និង​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​គ្រួសារ និង​អាជីវកម្ម​មុន និង​ក្រោយពេល​មាន​វិបត្តិ​។

៥. ធ្វើ​ការរៀបចំ​ឥណទាន​ឡើងវិញ ព្រមទាំង​លើកលែង​រាល់​ការផាកពិន័យ​ទាំងអស់​សម្រាប់​អតិថិជន​ដែល​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​ទី​១ ​សម្រាប់​រស់នៅ​។

៦. ផ្តល់នូវ​ការអនុគ្រោះ​សម្រាប់​អតិថិជន​ដែល​ទទួល​មរណភាព​ដោយ​ជំងឺ​កូវីដ​១៩ តាម​លទ្ធភាព​ជាក់ស្តែង​របស់​គ្រឹះស្ថាន​នីមួយៗ​។

លោក សាយ សូនី នាយកប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ យល់ស្រប​ចំពោះ ចំណាត់ការ​ដែល​ធ្វើឡើង​ក្នុង​សេចក្តី​ប្រកាស​រួម​រវាង ABC ​និង CMA ដែល​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​។

លោក​និយាយថា​៖ «​ខ្ញុំ​យល់ឃើញថា​អតិថិជន​គឺ​ពិតជា​ត្រូវការ​ការរៀបចំ​ឥណទាន​ឡើងវិញ​ដែល​សមស្រប​ទៅនឹង​ប្រាក់ចំណូល​របស់​ពួកគាត់​នៅពេលនេះ​។ ជាមួយ​គ្នា​នេះ ពួកគាត់​ក៏​អាច​នឹង​ត្រូវការ​ទុន ឬ​ឥណទាន​បន្ថែម​ទៀតផង​ដែរ​សម្រាប់​ការរក្សា​អាជីវកម្ម​របស់​ពួកគាត់​បន្តដំណើរ​ទៅមុខទៀត​»​។

«​គ្រប់​គ្រឹះស្ថាន​ធនាគារ និង ហិរញ្ញវត្ថុ មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ប្រភព​ទុន​ប្រហាក់ប្រហែល​គ្នា គឺ​ទុន​ផ្ទាល់​របស់​ភាគទុនិក​ប្រមាណ ១៥​ ​ភាគរយ ទុន​មកពី​កម្ចី​រយៈពេល​វែង​ក្នុងស្រុក និង​បរទេស​ប្រមាណ ១៥ ​ភាគរយ (​ធនាគារ​ក៏​ជា​កូនបំណុល​ផងដែរ​) និង​ទុន​បាន​ពី​អតិថិជន និង​សាធារណជន​ដាក់​ប្រាក់​បញ្ញើ​សន្សំ​ប្រមាណ ៧០ ​ភាគរយ​»​។ នេះ​បើ​យោងតាម​សេចក្តី​ថ្លែងការណ៍​រួម​នេះ​។

គិត​ត្រឹម​ដំណាច់ខែ​កុម្ភៈ ឆ្នាំ​ ២០២១ មាន​អតិថិជន​ប្រមាណ​ ៣៤ ​ម៉ឺន​នាក់ ទទួលបាន​ការរៀបចំ​ឥណទាន​ឡើងវិញ​ក្នុង​ទំហំ​ឥណទាន​ប្រមាណ ៤ ​ពាន់​លាន​ដុល្លារ​៕ LA

វីដេអូ៖