ភ្នំពេញៈ Acclime ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​សាជីវកម្ម​ដ៏ធំ​នៅ​អាស៊ី បាន​ប្រកាស​ពី​ការបញ្ចប់​រួចរាល់​លើ​ការទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន BSE Accounting Co.,Ltd (BSE) នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​ក្រុមហ៊ុន​នេះ​គ្រោង​នឹង​ផ្លាស់ប្តូរ​ឈ្មោះ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ប្រតិបត្តិការ​ក្នុង​នាម​ជា​ក្រុមហ៊ុន Acclime Cambodia​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ការទិញ​ភាគហ៊ុន​ចុងក្រោយ​នេះ​បាន​ធ្វើ​ឲ្យ Acclime មាន​វត្តមាន​ដ៏រឹងមាំ​នៃ​សិទ្ធិ​អាជីវកម្ម​នៅក្នុង​ប្រទេស​ចំនួន ៨ នៅ​អាស៊ី រួមមាន កម្ពុជា សិង្ហបុរី ចិន ហុងកុង ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និង​វៀតណាម ដោយមាន​បុគ្គលិក​ជំនាញ​ប្រហែល ៣០០ ​នាក់​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា​៖ «​ការទិញ​ភាគហ៊ុន​នេះ គឺ​ដើម្បី​ពង្រីក​សមត្ថភាព​របស់​ក្រុមហ៊ុន Acclime នៅ​កម្ពុជា​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ពិគ្រោះ និង​ប្រឹក្សាយោបល់ BSE បម្រើ​អតិថិជន​ក្នុង​ស្រុក និង​អន្តរជាតិ​នៅក្នុង​វិស័យ​ជាច្រើន​ដូចជា ផលិតកម្ម សណ្ឋាគារ និង​ភោជនីយដ្ឋាន ការនាំ​ចូល នាំចេញ និង​លក់រាយ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ក្រុមហ៊ុន​នេះ​មាន​សេវាកម្ម​ជាច្រើន​ដូចជា គ្រប់គ្រង​អាជីវកម្ម ការប្រឹក្សា​យោបល់ ធនធាន​មនុស្ស ការធ្វើ​ផែនការ​ពន្ធ គណនេយ្យ និង​ការចុះបញ្ជី​គណនេយ្យ​ជាដើម​។

លោក សាន រិទ្ធី នាយក​គ្រប់គ្រង​ក្រុមហ៊ុន BSE បាន​ឲ្យ​ដឹងថា​៖ «​យើង​មាន​ក្តី​រីករាយ​ដែល​ធ្វើជា​ផ្នែក​មួយ​នៃ​បណ្ដាញ​ក្នុង​តំបន់ និង​ទន្ទឹងរង់ចាំ​ការធ្វើ​សមាហរណកម្ម​ស្ថិត​នៅ​ក្រោម​យីហោ Acclime​។ លោក​ថ្លែងថា​៖ «​វា​មិន​គ្រាន់តែ​អាច​ឲ្យ​ក្រុម​របស់​យើង​ទទួលបាន​ជំនាញ និង​ធនធាន​នៃ​បណ្ដាញ​ក្នុង​តំបន់​ដែល​បង្កើតឡើង​យ៉ាង​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​អតិថិជន​របស់​យើង​ដែល​ចង់បាន​ស្ដង់ដា​ខ្ពស់​ដូចគ្នា​នៃ​សេវា​ជំនាញ​នៅក្នុង​ទីផ្សារ​អាស៊ាន​ផងដែរ​»​។

លោក Martin Crawford សហស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Acclime បាន​ឲ្យ​ដឹងថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏សំខាន់​សម្រាប់​ក្រុមហ៊ុន Acclime ក្នុង​ការបង្ហាញ​វត្តមាន​នៅ​កម្ពុជា ដែល​ជា​ទីផ្សារ​រីកចម្រើន​រហ័ស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​មួយ​នៅ​តំបន់​អាស៊ី​។

លោក​និយាយថា​៖ «​ប្រទេស​នេះ​មាន​គោលនយោបាយ​វិនិយោគ​បរទេស និង​ច្បាប់​វិនិយោគ​ថ្មី ដែល​ពិតណាស់​ប្រទេស​នេះ​នឹង​ទាក់ទាញ​ការវិនិយោ​ផ្ទាល់​បរទេស​កាន់តែ​ច្រើន​»​។

លោក​បញ្ជាក់ថា​៖ «​ការ​មានវត្តមាន​ក្នុង​ទីផ្សារ​រីកចម្រើន​នេះ​នឹង​មិន​គ្រាន់តែ​ពង្រឹង​សមត្ថភាព​របស់​យើង​ក្នុង​ការជួយ​អតិថិជន​ស្វែងរក​បទប្បញ្ញត្តិ​ដែល​ស្មុគស្មាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​គាំទ្រ​អតិថិជន​នៅ​ប្រទេស​កម្ពុជា​ដែល​ចង់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅក្នុង​តំបន់​ផងដែរ​»៕LA