ភ្នំពេញ៖ ACLEDA MFI Myanmar ជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងដោយធនាគារអេស៊ីលីដា ភីអិលស៊ី របស់កម្ពុជា នៅតែបន្តប្រតិបត្តិការជាធម្មតា ទោះបីជាប្រទេសមីយ៉ាន់ម៉ា ត្រូវបានដាក់ឱ្យស្ថិតក្នុងគ្រាអាសន្នរយៈពេល ១ ឆ្នាំក៏ដោយ។ នេះបើយោងតាមលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍។
រដ្ឋាភិបាលថ្មីកាន់កាប់ដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានសន្យាថា ខ្លួននឹងរៀបចំការបោះឆ្នោតជាតិផ្សេងទៀត និងផ្ដល់សិទ្ធិក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ ចំពោះគណបក្សនយោបាយដែលឈ្នះឆ្នោត។ ការសន្យានេះត្រូវបានធ្វើឡើងតាមរយៈសេចក្ដីប្រកាសមួយដោយអគ្គមេបញ្ជាការក្រសួងការពារជាតិកាលពីថ្ងៃទី ១ ខែកុម្ភៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
សេចក្ដីប្រកាសរបស់ខ្លួនបានដាក់បញ្ចូលសេចក្ដីប្រកាសព័ត៌មានមួយថា គណៈកម្មការរៀបចំការបោះឆ្នោតសហភាពបានបរាជ័យក្នុងការដោះស្រាយកំហុសដ៏ធ្ងន់ធ្ងរនៅក្នុងលទ្ធផលការបោះឆ្នោតទូទៅកាលពីថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២០។
លោក អ៊ិន ចាន់នី បានឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ Acleda MFI Myanmar របស់លោកមិនបានផ្អាកដោយសារតែការបារម្ភអំពីរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះទេ ខណៈដែលសកម្មភាពអាជីវកម្មតូចៗ កំពុងប្រតិបត្តិការជាធម្មតា។
លោកបញ្ជាក់៖ «ពិតហើយ កាលពីថ្ងៃចន្ទ[ទី១ ខែកុម្ភៈ] ធនាគារមួយចំនួនត្រូវបិទអាជីវកម្មរបស់ខ្លួន ហើយប្រជាជនបាននាំគ្នាទៅដកប្រាក់ពីធនាគារ»។
លោកបន្តថា៖ «ប៉ុន្តែប្រតិបត្តិការអាជីវកម្មរបស់យើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺមីក្រូហិរញ្ញវត្ថុមិនមែនជាធនាគារទេ។ យើងមិនផ្ដល់សេវាកម្មច្រើនដូចជាធនាគារនោះទេ ដោយសារតែយើងផ្ដល់កម្ចីខ្នាតតូចៗដល់អាជីវកម្មខ្នាតតូចដែលមិនមែនជាសហគ្រាសធុនតូច និងមធ្យមទេ។ រហូតមកដល់ពេលនេះ យើងនៅបន្តការផ្ដល់កម្ចី និងទទួលការបង់ប្រាក់កម្ចីជាធម្មតា»។
លោកបានថ្លែងថា៖ «ខ្ញុំមានការភ្ញាក់ផ្អើលនៅពេលខ្ញុំបានទទួលព័ត៌មានថា សកម្មភាពអាជីវកម្មកំពុងប្រតិបត្តិការជាធម្មតា ខណៈដែលយើងនៅតែផ្ដល់កម្ចី ហើយប្រជាជននៅតែចូលមកធ្វើការទូទាត់ ដោយសារតែយើងបានផ្ដល់កម្ចីខ្នាតតូច ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូចសម្រាប់ប្រជាជន ដូច្នេះយើងមិនទទួលរងផលប៉ះពាល់នោះទេ»។
ACLEDA MFI Myanmar ត្រូវបានផ្ដល់វិញ្ញាបនបត្រសាជីវកម្មលេខ ៩៦ FC ឆ្នាំ ២០១២-២០១៣ ដោយនាយកដ្ឋានរដ្ឋបាលវិនិយោគ និងក្រុមហ៊ុនរបស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១២ និងបានទទួលអាជ្ញាប័ណ្ណ ដើម្បីអនុវត្តអាជីវកម្មមីក្រូហិរញ្ញវត្ថុជាឥណទាន និងការទទួលប្រាក់បញ្ញើចាប់តាំងពីថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៣ និងបានចាប់ផ្ដើមប្រតិបត្តិការចាប់តាំងពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៣។
លោក អ៊ិន ចាន់នី បានឱ្យដឹងថា គិតត្រឹមចុងខែមករា ឆ្នាំ ២០២១ Acleda MFI Mymana បានបញ្ចេញទឹកប្រាក់ ៤៣ លានដុល្លារ ដល់អតិថិជនជាង ១០២ ០០០ នាក់។
លោកលើកឡើងថា Acleda MFI Mymana ចុះបញ្ជីដើមទុន ២០ លានដុល្លារ ដែលជាចំនួនតិចតួចបំផុត ឬតិចជាង ១ ភាគរយនៃដើមទុនរបស់ក្រុមហ៊ុនមេ ខណៈដែលប្រាក់សន្សំពីអតិថិជនមានចំនួន ៨ លានដុល្លារ។
គិតត្រឹមដំណាច់ខែមករា ឆ្នាំ ២០២១ ACLEDA MFI Myanmar មានសាខាប្រតិបត្តិការចំនួន ១៦ ក្នុងនោះសាខាចំនួន ៦ នៅតំបន់ទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងសេដ្ឋកិច្ចពាណិជ្ជកម្មដ៏សំខាន់ ខណៈសាខា ៧ នៅតំបន់បាហ្គោ សាខាមួយនៅរដ្ឋមន និងសាខា ២ ទៀតនៅក្នុងតំបន់ Magway៕LA